ចម្ងល់រឿងគីឡូភ្លើង​ប្រែ​ប្រួល​ អាជ្ញាធរអគ្គិសនី​ចេញមុខពន្យល់​

  • 2018-06-01 09:00:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធរ​អគ្គិសនី​កម្ពុជា​លើក​ឡើង​ថា​​ចំនួន​គីឡូអគ្គិសនី​ដែល​ប្រ​ជា​ពល​រដ្ឋ​ប្រើ​ប្រាស់​សព្វ​ថ្ងៃ​អាច​មានការ​ប្រែ​ប្រួល​អាស្រ័យ​លើ​រយៈពេល និង​លក្ខខណ្ឌនៃការ​ប្រើប្រាស់​​ឧបករណ៍​ក្នុង​ផ្ទះ​បើ​ទោះ​ចំនួន​ឧបករណ៍​ទាំងនោះ​នៅ​ដដែល​ក៏​ដោយ។

(រូបភាព៖​ អាជ្ញាធរអគ្គិសនីកម្ពុជា)

ទំនងជា​ចង់​ឆ្លើយ​បំភ្លឺ​នៅ​នឹង​ប្រ​ជា​ពល​រដ្ឋ​មួយចំនួន​ដែលបាន​រអ៊ូ​តាម​បណ្តាញសង្គម​ហ្វេសប៊ុក​ពី​ចំនួនគីឡូអគ្គិសនី​ខែថ្មី​ខុសគ្នា​ច្រើនពីខែ​ចាស់ អាជ្ញាធរ​អគ្គិ​សនី​កម្ពុជា​កាលពី​ថ្ងៃទី២៥ ខែឧសភា បាន​ពន្យល់​ពីនីតិវិធី​ស្នើ​សុំ​ការ​ផ្ទៀងផ្ទាត់​នាឡិកាអគ្គិសនី និង​មូលហេតុ​នាំ​ឲ្យ​ចំនួនគីឡូអគ្គិសនី​ប្រែប្រួល។

នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​របស់​ខ្លួន អាជ្ញាធរអគ្គិសនី​សរសេរថា៖ «សូម​កុំយល់​ច្រឡំ​ថា ឲ្យ​តែ​ឧបករណ៍​ប្រើ​អគ្គិសនី​របស់​ខ្លួន​នៅ​ដដែល​ គីឡូ​អគ្គិសនី​ដែល​ខ្លួន​ប្រើ​តាម​ខែត្រូវ​តែនៅ​ដដែល​ដែរ​នោះ​ គីឡូ​អគ្គិសនី​ដែល​អ្នកប្រើ​ទោះ​ជាឧបករណ៍​ប្រើប្រាស់​នៅ​ដដែល​ក៏​ដោយ ​ឬទោះជា​សមាជិក​គ្រួសារ​តិច​ឬ​ច្រើន​ក៏ដោយ​ ក៏វា​ប្រែប្រួល​ទៅ​តាម​រយៈពេល ​និង​លក្ខខណ្ឌ​ដែល​ឧបករណ៍នីមួយៗ​បើក​ប្រើ ​។ ​ដូច្នេះ ចង់​ឲ្យ​គីឡូ​ចុះ​តិច​ត្រូវ​បើក​ឧបករណ៍​នីមួយៗ​ឲ្យ​រយៈ​ពេល​តិច​ជាង​មុន​ និង​ត្រូវ​ចង​ចាំ​ថា​ឧបករណ៍​ណា​មួយ​ក៏ដោយ​ក៏អាច​ធ្វើ​ឲ្យ​ឡើង​គីឡូ​អគ្គិសនី​ដែរ​ បើ​បើក​វា​ប្រើ»។

ក្នុង​ករណី​អ្នកប្រើ​ប្រាស់​សង្ស័យ​ថា​នាឡិកា​វាស់​ស្ទង់​ដើរ​មិន​ប្រ​ក្រ​តី​ អាជ្ញាធរអគ្គិសនី​កម្ពុជា​ថា​ប្រ​ជា​ពល​រដ្ឋ​អាច​ដាក់ពាក្យ​ស្នើ​សុំ​ធ្វើការ​ផ្ទៀងផ្ទាត់​បាន ដោយ​ការងារ​នេះ​មន្ត្រីអគ្គិនី​ធ្វើ​ជូន​ប្រជា​ពល​រដ្ឋ​ដោយ​មិនគិត​កម្រៃ។

បើ​ផ្ទៀង​ផ្ទាត់​ហើយ​អ្នកប្រើ​ប្រាស់​នៅ​តែមិន​អស់​ចិត្ត អាជ្ញាធរអគ្គិសនី​ឲ្យដឹងថា​អ្នកប្រើប្រាស់​អាច​រក​ទិញ​នាឡិកាស្ទង់ណា​ដែល​ខ្លួន​ទុក​ចិត្ត ហើយ​ស្នើ​ខាង​មន្ត្រីអគ្គិសនី​ដាក់​វាស់ទន្ទឹម​គ្នា​ជាមួយ​នាឡិកា​ចាស់​ក្នុង​រយៈពេល​បីខែ។ ក្នុង​ករណីថា​រកឃើញ​ភាព​ខុសគ្នា អាជ្ញាធរអគ្គិនី​ថា​ខ្លួន​នឹង​រកខុស​ត្រូវ​ជូន​ដល់​អ្នកប្រើ​ប្រាស់។​

អាជ្ញាធរអគ្គិសនី​សរសេរទៀតថា៖ «ដូច្នេះ​បើចង់​បាន​ភាព​ត្រឹម​ត្រូវ​សូម​ធ្វើ​តាម​នីតិវិធី​ខាង​លើ ប៉ុន្តែ​បើចង់​តែ​ឃើញ​គីឡូ​តិច​ដោយ​មិន​សំអាង​លើ​ជញ្ជីង​អគ្គិសនី​ទេ យើង​ខ្ញុំ​ជា​អាជ្ញា​កណ្តាល​ពិត​ជា​មិន​អាច​ធ្វើជូន​បាន​ទេ ​ពីព្រោះ​ការ​ទិញ​លក់​អគ្គិសនី​ត្រូវ​តែ​ឈរ​លើ​មូល​ដ្ឋាន​នៃ​ជញ្ជីង​វាស់​អគ្គិសនី​ មិន​អាច​សំអាង​លើ​ការ​ប្រៀប​ធៀប​ថា​គីឡូ​ខែ​នេះ​តិច​ឬ​ច្រើន​នោះ​ទេ»៕​ ​

  ​​​​​

អត្ថបទ៖ ទូច សុខា

អត្ថបទពេញនិយម