អតីត​អ្នក​ចាត់​ការ Real ម្នាក់​យល់​ថា Zidane នឹង​ជួប​វាសនា​ផ្សេង​បើ​ចាញ់ UCL វគ្គ​ផ្ដាច់ព្រ័ត្រ

  • 2018-06-01 11:35:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​អ្នក​ចាត់​ការ Real Madrid លោក Fabio Capello ក្នុង​ថ្ងៃ​នេះ បាន​និយាយ​ថា Zinedine Zidane នឹង​ត្រូវ​ក្លឹប"​បញ្ចប់​ពី​ការ​ងារ​" ជា​ជាង "លាលែងពីតំណែង" បើ​សិន​ជា​ចាញ់​ប្រកួត Champions League វគ្គ​ផ្ដាច់ព្រ័ត្រ​កាល​ពី​សប្ដាហ៍​មុន។

លោក Fabio Capello

ការ​ថ្លែង​របស់​លោក Capello ធ្វើ​ឡើង​ក្រោយ​អ្នក​ចាត់​ការ Zidane បាន​ "លា​លែង"​ពី​តួនាទី​កាល​ពី​ម្សិលមិញ។ អ្នក​ចាត់​ការ​សញ្ជាតិ​អ៊ីតាលី​ដែល​ធ្លាប់​ដឹកនាំ​ក្លឹប Real Madrid ដល់​ទៅ ២ លើក យល់​ថា លោក Zidane ធ្វើ​បែប​នេះ ព្រោះ​លោក​ចង់​ម្ចាស់ការ​លើ​ការ​សម្រេច​ចិត្ត​របស់​ខ្លួន​ឯង ហើយ​មិន​ចង់​ឲ្យ​ "អ្នក​ដទៃ" ធ្វើជា​អ្នក​សម្រេច​ឲ្យ​លោក​នា​ថ្ងៃ​ខាង​មុខ។ លោក Capello បន្ត​ថា បើ​ចាញ់ Liverpool ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ UCL លោក Zidane នឹង​ត្រូវ​បាន​បញ្ចប់​ពី​ការងារ​បាត់​ទៅ​ហើយ។

លោក Capello និយាយ៖ "Zidane ចង់​សម្រេច​ចិត្ត​ខ្លួន​ឯង​ក្នុង​ការ​ដើរ​ចេញ មុន​ពេល​មាន​អ្នក​ដទៃ​សម្រេច​ពី​ជោគ​វាសនា​របស់​គេ​នា​ថ្ងៃ​ខាង​មុខ។ បើ​សិន​ជា​ Real Madrid ចាញ់​ក្នុង Champions League ផ្ដាច់ព្រ័ត្រ ច្បាស់​ណាស់ ប្រធាន​ក្លឹប Florentino Perez នឹង​បញ្ចប់​តួនាទី​របស់ Zidane"។

យ៉ាង​នេះ​ក្ដី​Capello មិន​បាន​បក​ស្រាយ​បន្ថែម​ ពី​មូល​ហេតុ​ដែល​នាំ​ឲ្យ​លោក​និយាយ​ដូច​ខាង​លើ​ឡើយ ប៉ុន្តែ​លោក​ទំនងជាសំដៅ​លើ​ការ​ធ្លាក់​ទម្រង់​លេង​របស់​ Real Madrid ក្រោម​ការ​ដឹកនាំ​របស់ Zidane នា​រដូវ​កាល​នេះ។

ក្នុង​រដូវ​កាល ២០១៧/១៨ Real Madrid បាន​បង្ហាញ​ទម្រង់​លេង​ក្នុង​ស្រុក​មិន​បាន​ល្អ​ឡើយបើប្រៀបនឹងរដូវកាលមុន ​ដោយ​ក្លឹប​បាន​ចាញ់​ និង​ស្មើ​ជា​ច្រើន​ប្រកួត។ ក្នុង La Liga ក្លឹប​បាន​បញ្ចប់​រដូវ​កាល​ត្រឹម​ចំណាត់ថ្នាក់​លេខ ៣ មាន ៧៦ ពិន្ទុ ឃ្លាត​ពី Barcelona ដែល​ក្លឹប​គូ​ប្រជែង និង​ក្លឹប​លេខ ១ ដល់ទៅ ១៧ ពិន្ទុ។ ក្នុង​កម្មវិធី Copa Del Rey ក្លឹប​អធិរាជ​ពណ៌​ស ត្រូវ​បាន​ទម្លាក់​ដោយ​ក្លឹប Leganes នៅ​វគ្គ ៨ ក្រុម​ចុង​ក្រោយ។ យ៉ាង​នេះ​ក្ដី ការ​បន្ត​បង្ហាញ​ទម្រង់​លេង​ល្អ ក្នុង Champions League និង​ការ​ឈ្នះ ៣-១ លើ Liverpool ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ ធ្វើ​ឲ្យ​ក្លឹប​នៅ​តែ​ត្រូវ​បាន​មជ្ឈដ្ឋាន​បាល់ទាត់​ជា​ច្រើន ចាត់​ថា​នៅ​តែ​មាន​រដូវ​កាល​មួយ​ដ៏​ជោគជ័យ។

សូម​បញ្ជាក់​ផង​ដែរ Capello ធ្លាប់​ដឹកនាំ Real Madrid ២ លើក (រដូវ​កាល ១៩៩៦/៩៧ និងរដូវកាល ២០០៦/០៧)៕

ប្រភព៖ Four Four Two   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម