រង្វង់មូលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតថ្មី ស្អាតខ្លាំង បង្កប់អត្ថន័យអស្ចារ្យបំផុត

  • 2018-06-02 02:18:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គម្រោង​សាងសង់​រង្វង់​មូល​ថ្មី​ក្រុង​ប៉ោយប៉ែត ទើប​តែ​បើក​ការដ្ឋាន​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ មិន​ត្រឹម​តែ​មាន​រចនាបថ​ដ៏​ស្រស់​ស្អាត​បែប​លក្ខណៈ​ខ្មែរ​សុទ្ធសាធ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​បង្កប់​អត្ថន័យ​ដ៏​អស្ចារ្យ​ទៀត​ផង។ នៅ​លើ​រង្វង់​មូល​តែ​មួយ តែ​បាន​រំលេច​នូវ​ប្រាង្គប្រាសាទ​ដ៏​អច្ឆរិយ​របស់​កម្ពុជា ដូចជា៖ ប្រាសាទ​អង្គរវត្ត ប្រាសាទ​ព្រះវិហារ ប្រាសាទ​បន្ទាយ​ស្រី ព្រម​ទាំង​មាន​ឈ្មោះ​រាជធានី​ នៃ​ខេត្ត​ទាំង​២៥​របស់​ខ្មែរ។ ជា​ពិសេស​នោះ ក៏​មាន​រំលេច​ឲ្យ​ឃើញ​ពី​ដើម​ត្នោត ដែល​ជា​តំណាង​ឲ្យ​​ទឹក​ដី​កម្ពុជា​ដ៏​សម្បូរ​រុងរឿង។

រូបភាព៖ ផ្ដល់ឲ្យ

ការ​សាង​សង់​រង្វង់​មូល​ធ្វើឡើ​ង ដោយ​រំកិល​ប្រាសាទ​កំពូល​បី​ពី​ក្លោង​ទ្វារ​មុខ​ទី​ស្នាក់​ការ​ត្រួត​ពិនិត្យ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ចាស់​ ​យក​មក​តម្កល់​ ដោយ​​រៀប​ចំ​គម្រោង​ប្លង់​ទម្រ​ប្រាសាទ​ខាង​លើ​បន្ថែម​រចនា​បទ​ជា​ប្រាង្គ​ប្រាសាទ​ចំនួន ​៥​ថ្នាក់ ​ដោយ​ថ្នាក់​នីមួយៗ​តម្កល់​រូប​បដិមា​ផ្សេងៗ​ ​ទុក​ជាទី​សក្ការ​តាម​ទំនៀម​ទម្លាប់ ​សាសនា ​និង​រចនាបថ​ស្ថាបត្យកម្ម​តាម​ប្រពៃណី​ខ្មែរយើង។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក សាន ស៊ានហូ អភិបាល​ក្រុង​ប៉ោយប៉ែត ធ្លាប់​បាន​ឲ្យ​ដឹង​កន្លង​មក។

រូបភាព៖ ផ្ដល់ឲ្យ

រង្វង់​មូល​នេះ​មា​ន​ជើង​ក្រោម​ទំហំ​រហូត​ដល់​ទៅ ​៤០​ម៉ែត្រ ​និង​មាន​កម្ពស់​ប្រមាណ​ជា ​២៣​ម៉ែត្រ។ ការ​ស្ថាបនា​ត្រូវ​ចំណាយ​រយៈពេល​៦​ខែ ​ដោយ​ធ្វើ​ទាំង​ថ្ងៃ​ទាំ​ង​យប់​ និង​ប៉ាន់​ប្រមាណ​ក្នុង​ការ​ចំណាយ​អស់​ថវិកា​ប្រមាណ​ ៥០​ម៉ឺន​ដុល្លារ​អាមេរិក។ 

ច្រក​ទ្វា​រ​អន្តរ​ជាតិ​ក្រុង​ប៉ោយប៉ែត ​ដែល​មាន​ទីតាំង​​ជាប់​នឹង​ស្រុក​អារញ្ញ​ប្រាថេត​របស់​ប្រទេស​ថៃ​ ​គឺជា​ច្រក​ដ៏​សំខាន់​មួយ​របស់​កម្ពុ​ជា​។ បច្ចុប្បន្នភាព ​ក្រៅ​ពី​ការ​ដោះ​ដូរ​ទំនិញ ​ច្រក​មួយ​នេះ​បាន​ដើរ​តួនាទី​ដ៏​សំ​ខាន់​សម្រាប់​ការ​ចេញ​ចូល​របស់​អ្នក​ទេសចរ​អន្តរ​ជាតិ​៕

រូបភាព៖ ផ្ដល់ឲ្យ

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទថ្មី