លោក លន់ សាមឌី​ អគ្គលេខាធិការ​សហព័ន្ធ​បើក​ការ​ប្រកួត​ LOL ព្រឹក​នេះ

  • 2018-06-02 03:01:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹក​នេះ​ លោក លន់ សាមឌី អគ្គលេខាធិការ​នៃ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​បាន​អញ្ជើញ​បើក​ការ​ប្រកួត​​​កីឡា​អេឡិចត្រូនិក​លើ​​វិញ្ញាសា League of Legends នៅ​សណ្ឋាគារ​បារីស​ដើម្បី​ជ្រើស​រើស​ក្រុម​ខ្លាំង​តំណាង​កម្ពុជា​​ចេញ​ទៅ​ប្រកួត​នៅ​ប្រទេស​សិង្ហបុរី។

លោក លន់ សាមឌី មាន​ប្រសាសន៍​ចំពោះ​មុខ​កីឡាករ

លោក​ លន់ សាមឌី​ មាន​ប្រសាសន៍​​ថា នេះ​ជា​លើក​ទី​១​ហើយ​ដែល​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​បាន​​រៀប​ចំ​ការ​ប្រកួត​វិញ្ញាសា​ League of Legends ជា​ផ្លូវ​ការ។ កន្លង​មក​សហព័ន្ធ​ធ្លាប់​តែ​រៀប​ចំ​ការ​ប្រកួត​វិញ្ញាសា​ផ្សេង​ៗ​ ប៉ុន្តែ​នៅ​ពេល​បាន​រៀប​ចំ​ការ​ប្រកួត​ League of Legends ហើយ​ជា​វិញ្ញាសា​ដ៏​សំខាន់​​នៅ​លើ​ពិភព​លោក​ដែល​មាន​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ទ្វីប​អាស៊ី​ឆ្នាំ​២០១៨​នេះ​ដែល​ប្រទេស​ឥណ្ឌូណេស៊ី។

លោក​អគ្គលេខាធិការ​បាន​បន្ត​ថា​ សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ដែល​ជា​ស្ថាប័ន​កីឡា​កំពូល​នៅ​ប្រទេស​កម្ពុជា ដូច្នេះ​សហព័ន្ធ​ E-Sport កម្ពុជា​គឺ​ជា​ស្ថាប័ន​តែ​មួយ​គត់​នៅ​ប្រទេស​កម្ពុជា​ដែល​គ្រប់​គ្រង​ និង​រៀប​ចំ​ការ​ប្រកួត​កីឡា​ E-Sport នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា។​

លោក​បាន​អរគុណ​ដល់​ប្អូន​ៗ​ជា​​កីឡាករ​ដែល​បាន​ចុះ​ឈ្មោះ​ចូល​រួម​ការ​ប្រកួត​​នេះ​ និង​ផ្តាំ​ផ្ញើ​ឲ្យ​ប្អូន​ៗ​ត្រូវ​ប្រកួត​ដោយ​​ស្មារតី​ទទួល​ខុស​ត្រូវ ប្រឹង​ប្រែង​អស់​ពី​កម្លាំង​កាយ​ចិត្ត​ប្រកប​ដោយ​គោលការណ៍​ និង​បទ​បញ្ជា​កីឡា​អន្តរជាតិ។ លោក​ថា ព្រឹត្តិការណ៍​ប្រកួត​ League of Legends នេះ​ពិត​ជា​សំខាន់​ណាស់​​សម្រាប់​កម្ពុជា​ ក៏​ដូច​ជា​ប្រទេស​នៅ​តំបន់​អាស៊ាន។ ព្រឹត្តិការណ៍​នេះ​រៀប​ចំ​ដោយ​ក្រសួង​វប្បធម៌​ សហគមន៍​ និង​កីឡា​របស់​ប្រទេស​សិង្ហបុរី​ និង​បាន​អញ្ជើញ​ក្រុម​ផ្សេង​ៗ​ពី​អាស៊ាន​ចូល​រួម​​ ដូច្នេះ​កម្ពុជា​ក៏​ជា​ប្រទេស​មួយ​ដែល​ត្រូវ​ស្វែង​រក​ក្រុម​មួយ​ក្នុង​ចំណោម​ក្រុម​ប្អូន​ៗ​ដើម្បី​ធ្វើ​ដំណើរ​ទៅ​ប្រទេស​សិង្ហបុរី។

លោក​បញ្ជាក់​ថា ជុំ​ផ្តាច់​ព្រ័ត្រ​នៅ​ប្រទេស​សិង្ហបុរី​ពិត​ជា​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​ដែល​ប្រជុំ​ដោយ​ក្រុម​ខ្លាំង​ៗ​មក​ពី​១០​ប្រទេស​ និង​ការ​ប្រគំ​តន្ត្រី​ដ៏​អស្ចារ្យ​ដែល​មាន​កំពូល​តារា​ចម្រៀង​លំដាប់​ពិភព​លោក​ចូល​រួម​សម្តែង​នៅ​កីឡដ្ឋាន​ Indoor Stadium ដែល​ជា​កីឡដ្ឋាន​ដ៏​សំខាន់​របស់​ប្រទេស​សិង្ហបុរី។

ការ​ប្រកួត​វគ្គ​៨​ក្រុម​ដែល​ចាប់​ដំណើរ​ការ​ប្រកួត​ព្រឹក​នេះ​​នឹង​ក្លាយ​ជា​ការ​ប្រកួត​ដ៏​ស្វិតស្វាញ​ដើម្បី​រក​​៤​​ក្រុម​ឡើង​​​វគ្គ​ពាក់​​កណ្តាល​ផ្តាច់​ព្រ័ត្រ​​ និង​ផ្តាច់​ព្រ័ត្រ​ដែល​ត្រូវ​ប្រកួត​បញ្ចប់​នៅ​ថ្ងៃ​អាទិត្យ​ ទី​៣ ខែ​មិថុនា​ ស្អែក​នេះ។ ការ​ប្រកួត​វគ្គ​៨​ក្រុម​ចុង​ក្រោយ​នេះ​ធ្វើ​នៅ​សណ្ឋាគារ​បារីស​ ផ្លូវ​កម្ពុជា​ក្រោម​​ដែល​ក្រុម​ Revenge Team ប៉ះ​ក្រុម​ Nuclear Tigers និង​ក្រុម​ The Great Family ប៉ះ​ក្រុម Aquatix។ ចំណែក​ក្រុម​ Team Spirit​ ត្រូវ​ធ្វើ​ការ​ធ្ងន់​ជួប​​ GGWP ហើយ​ Curious ​ប្រកួត​នឹង​ក្រុម​ Choo Choo Train៕

អត្ថបទ៖ ជាន ចាន់រ៉ា