៤ សន្លឹកនៃ​មធ្យោបាយ​ធ្វើ​ដំណើរ​សាធារណៈ​នៅ​បង់ក្លាដេស​ដែល​គ្រប់​គ្នា​ស្មាន​មិន​ដល់

  • 2018-06-03 07:52:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកដំណើរ​ទូល​ផង កន្តៀត​ផង​ មាន​ទាំង​អីវ៉ាន់​លោត​ឡើង​លើ​រថភ្លើង ជើង​ធ្វើ​ដំណើរ​មមាញឹក​ខ្លាំង។ អយស្ម័យយាន​ទាំង​មូល​សឹង​មើល​មិន​ឃើញ​តួ​ខ្លួន ព្រោះ​អ្នកដំណើរ​ប្រតោង​ជិះ​គ្រប់​កន្លែង​សឹង​គ្មាន​សល់​សាច់​រថភ្លើង​ឲ្យ​សល់​ទំនេរ។

ប្រសិន​បើ​អ្នក​គិត​ថា​មធ្យោបាយ​ធ្វើ​ដំណើរ​របស់​អ្នក​មិន​ល្អ សូម​​មើល​ទិដ្ឋភាព​​នៃ​អ្នក​​ធ្វើដំណើរ​ដ៏​ស្អេកស្កះ​នៅ​ទីក្រុង​ដាកា ប្រទេស​បង់ក្លាដេស។ មាន​អ្នក​ខ្លះ​នៅ​លើ​ដំបូល​ខំ​ប្រឹង​តោង​បង្គោល​ដែក​​ដើម្បី​ទប់​ខ្លួន ដោយ​ព្យាយាម​តោង​ឡើង​តាម​បង្អួច​ទុក​ដូច​ជណ្ដើរ។

រូបភាព​មួយ​សន្លឹក​ទៀត​បង្ហាញ​ថា អ្នក​ធ្វើ​ដំណើរ​រាប់​ពាន់​នាក់​​បាន​ប្រុងប្រៀប​រួច​ជា​ស្រេច​ដោយ​​អង្គុយ​លើ​ដំបូល​ស័ង្កសី​នៃ​ស្ថានីយ​អយស្ម័យយាន​នា​ទីក្រុង​ដាកា ដើម្បី​ប្រុង​លោត​ឡើង​លើ​ដំបូល​រថភ្លើង​ពេល​វា​មក​ដល់។

ទិដ្ឋភាព​ទាំង​នេះ​ត្រូវ​បាន​ផ្តិត​យកដោយ Nazmul Hasan Khan ដែល​ជា​អ្នក​ថត​រូប ថត​នៅ​អំឡុង​ពេល​ដែល​ប្រជាជន​បង់ក្លាដេស​សម្រុក​ចេញ​ពី​ទីក្រុង ដាកា ទៅ​ខេត្ត​រៀងៗ​ខ្លួន​អំឡុង​វិស្សមកាល។ Nazmul បាន​និយាយ​ថា "ប្រជាជន​ភាគច្រើន​នៅ​ប្រទេស​បង់ក្លាដេស​មក​ទីក្រុង​ដាកា​ដើម្បី​ប្រកប​ការងារ​ចិញ្ចឹម​ជីវិត​ ប៉ុន្តែ​អំឡុង​ពេល​វិស្សមកាល​ពួកគេ​ត្រលប់​ទៅ​ផ្ទះ​ពួកគេ​វិញ​រៀងៗ​ខ្លួន"។

បង់ក្លាដេស​មាន​ប្រជាជន​ប្រមាណ ១៦៣ លាន​នាក់ ច្រើន​ជាង​ប្រជាជន​កម្ពុជា​​ប្រហែល១០​ដង ខណៈ​ដែល​ផ្ទៃដី​មាន​ផ្ទៃ​ក្រឡា ១៤៧ ៥៧០ គម2 ។ រីឯ​ចំណូល​សរុប​ជា​មធ្យម​របស់​ប្រជាជន​ម្នាក់​​រក​បាន​ក្នុង​១​ឆ្នាំ (GDP per capita) គឺ ១ ៣៥៨ ដុល្លារ។ នេះ​បើ​តាម​របាយការណ៍​ធនាគារ​ពិភពលោក​ឆ្នាំ ២០១៦៕

ប្រភព៖ Caters News Agency   ប្រែ​សម្រួល៖ សុខ លាងហ៊ត