បោះ​ទុន​​រកស៊ី​​រួម​​គ្នា​រាប់​ម៉ឺន​ពិត​មែន បូព្រឹក្ស និង ដេវីដ សុំ​ធ្វើ​ត្រឹម​សង្សារ​សិន មិន​ខ្វល់​រឿង​រៀបការ

  • 2018-06-03 06:36:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះបី​ជា​កញ្ញា ទេព បូព្រឹក្ស និង​​តារា​ច្រៀង​​រ៉េប លោក ងួន ចាន់ដេវីត បាន​ប្រកាស​ពី​ទំនាក់ទំនង​ស្នេហា​ជា​សាធារណៈ ហើយ​ថែម​ទាំង​បាន​បោះ​​​ទុន​រក​ស៊ី​រួម​គ្នា​រហូត​ដល់​​១៤ម៉ឺន​ដុល្លារ ​កាល​ពី​ពេល​ថ្មីៗ​នេះ​ក៏​ពិត​មែន ប៉ុន្តែ​គូស្នេហ៍​១គូនេះ​នៅ មិន​ទាន់​មាន​គម្រោង​​ភ្ជាប់​ពាក្យ​ ឬ​រៀប​ការ​បំពេញ​មុខមាត់​ចាស់​ទុំ​នៅ​ឡើយ​ទេ គឺ​ សុំ​ត្រឹម​តែធ្វើ​ជា​សង្សារ​គ្នា​សិន​ប៉ុណ្ណោះ។

(រូបភាពពីហ្វេសប៊ុក ទេព បូព្រឹក្ស)

ជិត​១ឆ្នាំ​ហើយ ដែល​​កញ្ញា​ ទេព បូព្រឹក្ស និង​​តារា​ច្រៀង​​រ៉េប លោក ងួន ចាន់ដេវីត បាន​ប្រកាស​ពី​ទំនាក់ទំនង​ស្នេហា​ជា​សាធារណៈ ពោល​គឺ​ចាប់​តាំង​ពី​ពួក​គេ​បាន​ចាប់ដៃ​ច្រៀង​ជា​មួយ​គ្នា​ជា​បន្តបន្ទាប់។ រយៈ​ពេល​នេះ ​អ្នក​ទាំង​ពីរ​បាន​ធ្វើ​រឿង​ផ្អែមល្ហែម​​ជា​ច្រើន​ឲ្យ​មហាជន​ក៏​ដូច​ជា​ Fans របស់​ពួក​គេ​ចាប់​​​អារម្មណ៍​ដូច​ជា ការ​ទិញ​វត្ថុ​អនុស្សាវរីយ៍ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ​ការ​ថត​ Pre-Wedding ហើយ​ថ្មីៗ​នេះ​បាន​បោះ​ទុន​រក​ស៊ី​ហាង Cosmestic ​​រហូត​ដល់​ទៅ​១៤ម៉ឺន​ដុល្លារ​ថែម​ទៀត​ផង។

ដេវីត បាន​ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​ពួក​ខ្លួន​មាន​ទំនាក់ទំនង​ស្នេហា​ជា​មួយ​គ្នា​មក មាន​ទាំង​រឿង​សប្បាយ​ចិត្ត មាន​​ទាំង​រឿង​អន់​ចិត្ត​​ក្នុង​នោះ​លោក​ថា បូព្រឹក្ស ជា​អ្នក​ដែល​ប្រច័ណ្ឌ​​នឹង​លោក​ច្រើន។ ជុំវិញ​ការ​​លើក​ឡើង​នេះ​វិញ បូព្រឹក្ស និយាយ​ថា មិន​មែន​ប្រច័ណ្ឌ​​​​តែ​នាង​ម្នាក់​ទេ ដេវីត ក៏​ធ្លាប់​ប្រច័ណ្ឌ​​ខ្លួន​​ដូច​គ្នា តែ​បែប​នេះ​ក្ដី​នាង​ថា ធម្មតា​អ្នក​មាន​ស្នេហា​តែ​ប៉ុណ្ណឹង ការ​ប្រច័ណ្ឌ​ហួងហែង​ អត់​ចិត្ត​គ្នា​ជា​រឿង​ធម្មតា សំខាន់​​ចេះ​សម្រប​គ្នា​វិញ​ទៅ គឺ​អូខេ​ហើយ។

ដេវីត ក៏​ដូច​ជា បូព្រឹក្ស បាន​លើក​ឡើង​ថា ពួក​ខ្លួន​មិន​ទាន់​មាន​គម្រោង​​ភ្ជាប់​ពាក្យ​ ឬ​ចង់​រៀបការ​នៅ​​ឡើយ​ទេ គឺ​សុំ​ត្រឹម​ជា​សង្សារ​សិន រង់ចាំ​ការ​ធ្វើ​ជំនួញ​រួម​គ្នា​ជោគជ័យ​សិន ត្បិត​អី​​ដូច​បាន​លើក​ឡើង​ខាង​លើ អ្នក​ទាំង​ពីរ​ទើប​តែ​​​បោះ​ទុន​រក​ស៊ី​​រួម​គ្នា អីចឹង​ចង់​ឲ្យ​​ការ​រក​ស៊ី​ដំណើរ​បាន​ល្អ​សិន។

ការ​មិន​ទាន់​​សម្រេចចិត្ត​ភ្ជាប់​ពាក្យ ដើម្បី​ឲ្យ​ចាស់​ទុំ​ដឹងឮ​នេះ បូប្រឹក្ស ក៏​ដូច​ជា ដេវីដ មិន​ខ្វល់​ពី​មតិមហាជន រិះ​គន់​លើ​ទំនាក់​ទំនង​ស្នេហា​ខ្លួន​ឡើយ ហើយ​ប្រសិន​បើ​ទៅ​ថ្ងៃ​ខាង​មុខ ពួក​គេ​មិន​អាច​បន្ត​ទៅ​មុខ​ ក៏​អ្នក​ទាំង​ពីរ​មិន​ស្ដាយ​ក្រោយ​ឡើយ។"សុំ​ត្រឹម​សង្សារ​សិន ចាំ​យើង​រឹងដៃរឹងជើង​សិន តែ​បើ​ថ្ងៃ​ក្រោយ មិន​អាច​បន្ត​ជា​មួយ​គ្នា​ ក៏​តាម​ហ្នឹង​ទៅ " បូព្រឹក្ស លើក​ឡើង។

ក្រៅ​ពី​បោះ​ទុក​រក​ស៊ី​រួម​គ្នា គូស្នេហ៍​១គូនេះ​ក៏​​គ្រោង​ចេញ​បទ​ចម្រៀង​រួម​គ្នា​ជា​បន្តបន្ទាប់​ផង​ដែរ ប៉ុន្តែ​មិន​ទាន់​បញ្ចេញ​ភ្លាមៗ​ឡើយ​រង់​ចាំ​ពេល​វេលា​ហុច​ឲ្យ​សិន ហើយ​កន្លង​មក​អ្នក​ទាំង​២​ធ្លាប់​បាន​ចេញ​បទ​ចម្រៀង​រួម​គ្នា​បាន​ចំនួន​៥បទ​​រួច​មក​ហើយ​​ដែរ៕

អត្ថបទៈ ស៊ុនហួត

អត្ថបទពេញនិយម