អ្នកនិពន្ធវ័យក្មេង ម៉ៅ ចាន់រស្មី សម្រិត​សម្រាំង​ស្នាដៃ​ធំ​ថ្មី នៅ Soyo

  • 2018-06-04 02:59:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“I am not a fool” ជា​ស្នាដៃ​សម្រិត​សម្រាំង​ថ្មី​នៃ​បុត្រី​ទោល​អ្នក​និពន្ធ​ល្បី ម៉ៅ សំណាង គឺ កញ្ញា ម៉ៅ ចាន់​រស្មី។

អ្នក​និពន្ធ​ដ៏​ស្រស់​ស្អាត ដែល​មាន​បទ​ពិសោធន៍​ការងារ​ជា​អ្នក​និពន្ធ អាជីព​ និង​មាន​សមិទ្ធិផល​ការងារ​និពន្ធ​ភាពយន្ត​ដុំ​ដូច​ជា "អ្នក​នាង ម្ចាស់​ឡឺកឺ" ដែល​ទើប​នឹង​ទទួល​បាន​ពាន​រង្វាន់​ថ្មីៗ​នេះ រឿង​ដុំ រឿង​ភាគ​ជា​ច្រើន​ទៀត​ បាន​ចំណាយ​ពេល​ក្នុង​ឆ្នាំ​នេះ​កសាង​ជំហាន​ថ្មី​កេរ្តិ៍​ឈ្មោះ​របស់​នាង​តាម​រយៈ​រឿង​វ័យ​ជំទង់​ដ៏​ស្រស់​ស្រាយ កំប្លុក​កំប្លែង​ឈ្មោះ​ថា “I am not a fool"។

អ្នកនិពន្ធ ម៉ៅ ចាន់រស្មី

"សាច់​រឿង​មួយ​ដុំ​ចប់​របស់ SOYO មួយ​នេះ ឮ​អ្នក​គ្រប់​គ្រង​សង្ខេប​ប្រាប់​ភ្លាម ខ្ញុំ​ចាប់​អារម្មណ៍​ខ្លាំង​មែន​ទែន ដោយសារ​នេះ ជា​ខ្សែ​រឿង​ផ្តោត​ទៅ​លើ​យុវវ័យ កំប្លែង ប៉ុន្តែ​អាថ៌​កំបាំង ស៊ើប​អង្កេត​គួរ​ឲ្យ​តាម​ដាន បូក​រួម​នឹង​ការ​អប់រំ​មួយ ដែល​កម្រ​មាន​ពី​មុន​មក ហើយ​វា​ជា​ចំណូល​ចិត្ត​របស់ខ្ញុំ។ ដូច្នេះ​ហើយ ខ្ញុំ​តាំង​ចិត្ត​ថា នឹង​ទទួល​ការងារ​មួយ​នេះ ហើយ​ធ្វើ​វា​ឲ្យបាន​ល្អ​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន! ការងារ​ Script នេះ​ផង​ដែរ ខ្ញុំ​បាន​សហការ​ជាមួយ​អ្នក​និពន្ធ​សេណារីយ៉ូ​មួយ​រូប​ទៀត គឺ​លោក ថេន រ័តន៍ ដើម្បី​ឲ្យ​ Script កាន់​តែ​មាន​គុណ​ភាព និង​រសជាតិ​ដ៏​សម្បូរ​បែប"។ រស្មី រៀបរាប់។

អ្នក​និពន្ធ​ ម៉ីសន សុធារី ដែល​ជា​ទី​ប្រឹក្សា​ផ្នែក​ភាពយន្ត​ឲ្យ Soyo បាន​ឲ្យ​ដឹង​ថា ការ​ជ្រើស​រើស​អ្នក​និពន្ធ ម៉ៅ ចាន់រស្មី ឲ្យ​ទទួល​ដឹក​នាំ Screenplay គឺ​ជា​ជម្រើស​ដ៏​ល្អ​មួយ។ "គាត់ពូកែ! ពេល​ក្រុម​ទសប៉ាកា​មាន​ Concept ភ្លាម យើង​សម្រេចស្វែង​រក​អ្នក​និពន្ធ​ល្អ​ម្នាក់​សម្រាប់​ដឹក​នាំ​អត្ថបទ​ភាពយន្ត ហើយ​បម្លែង​គំនិត​របស់​ក្រុម​ទសប៉ាកា​ឲ្យ​ទៅ​ជា​អត្ថបទ​កុន​ពេញ​លេញ សម្រាប់​ថត! គាត់​ស្តាប់​ហើយ​ត្រលប់​មក​វិញ​ជាមួយ outline គួរ​ឲ្យ​ទាក់​ចិត្ត! កុន​នេះ​នឹង​នាំ​មក​នូវ​រស​និយម​ដ៏​ទំនើប​សម្រាប់​អ្នក​ទស្សនា​អនឡាញ!”។

អ្នកស្រី ម៉ីសន សុធារី ទី​ប្រឹក្សា​ផ្នែក​ភាពយន្ត​របស់ Soyo

I am not a fool ជា​សាច់​រឿង​របស់​ក្រុម​អ្នក​និពន្ធ​ថ្មី​មាន​សមាជិក​១០​រូប​ដាក់​ឈ្មោះ​ថា ទស​ប៉ាកា ហើយ​ជា​សាច់​រឿង​មាន​អត្ថន័យ​ជ្រៅ និង​អាថ៌កំបាំង​ដែល​អ្នក​មើល​នឹង​តាម​ដាន​ពី​ដើម​រហូត​ដល់​ចប់។ រឿង​នេះ​ត្រូវ​បាន​បោះ​ទុន​ជា​ប្រភេទ​រឿង​អនឡាញ​មួយ​ដុំ​ចប់​ដោយ Soyo Cambodia មាន​លោក ស៊ុត ឈាង​ឡេង ជា​ផលិតករ លោក ដាង កុសល ជា​ផលិតករ​ប្រតិបត្តិ និង​ដឹក​នាំ​រឿង ហើយ​ចូល​រួម​សម្តែង​ដោយ​តារា​វ័យ​ជំទង់​ស្អាតៗ​ពេញ​ដោយ​ទេព​កោសល្យ។

អ្នក​និពន្ធ​ ម៉ៅ​ ចាន់រស្មី ​រំពឹង​ថា ភាពយន្ត​មួយ​នេះ​នឹង​បង្កើត​បន្ថែម​នូវ​ទីផ្សារ​សម្រាប់​អ្នក​ផលិត​ភាពយន្ត​ខ្មែរ​លើ​វិស័យ​​អនឡាញ​ដែល​ជា​វិស័យ​ថ្មី​បំផុត​នៅ​កម្ពុជា។ "ខ្ញុំ​សប្បាយ​ចិត្ត​ដែល​បាន​សិក្សា​ច្រើន​ពី​គម្រោង​នេះ!ហើយ​ខ្ញុំ​ពេញ​ចិត្ត​ក្រុម​ការងារ​ដែល​សហការ​គ្នា​បាន​យ៉ាង​ល្អ​ប្រកប​ដោយ​វិជ្ជាជីវៈ"។

អត្ថបទៈ ពិសី​

អត្ថបទពេញនិយម