Taylor Swift និយាយ​ពាក្យពេចន៍​ដ៏​មានន័យ​ គាំទ្រ​ខែ​សម្រាប់​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា

  • 2018-06-04 04:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​តារា​ចម្រៀង​ Taylor Swift ពិត​ជា​ចង់​បាន​ពិភពលោក​មួយ ដែល​មនុស្ស​គ្រប់​គ្នា​អាច​មាន​សិទ្ធ​​រស់​នៅ​និង​មាន​សេចក្ដី​ស្នេហា​ស្មើ​ភាព​គ្នា។

ម្ចាស់​បទ "Look What You Made Me Do” បាន​បង្ហាញ​អារម្មណ៍​ស្រលាញ់​និង​គោរព​ទៅ​កាន់​ អ្នក​ទាំង​ឡាយ​ណា​ដែល​ធ្លាប់​រង​គ្រោះ​នៅ​ការ​ប្រមាថ​មើល​ងាយ​ ដោយ​សារ​តែ​ការ​ស្រលាញ់​ភេទ​ដូច​គ្នា នៅ​ក្នុង​ឱកាស​ខែ​សម្រាប់​ពួក​គេ "Pride Month”។

Taylor បាន​និយាយ​នៅ​លើ​ឆាក​តន្ត្រី​ខណៈ​ពេល​នាង​ប្រគំ​តន្ត្រី​ទេសចរណ៍​នៅ​ទីក្រុង Chicago រដ្ឋ​ Illinois ថា "វា​គឺ​ពិត​ជា​ក្លាហាន​ដែល​អ្នក​លាក់​ទុក​​ពី​អារម្មណ៍​ពិត​ប្រាកដ​របស់​ខ្លួន​ ក្នុង​កាលៈទេសៈ​ណា​មួយ​។ ប៉ុន្តែ​វា​ក៏​​ក្លាហាន​ផង​ដែរ ដែល​អ្នក​អាច​ដឹង​ច្បាស់​ពី​អ្វី​ដែល​ខ្លួន​ចង់​បាន​ និង​អ្វី​ដែល​អ្នក​ស្រលាញ់​ពេញ​ចិត្ត ព្រម​ទាំង​អ្វី​អ្នក​គិត​ថា​និង​ជួប​ប្រទះ​ពេល​រស់​នៅ​ក្នុង​សង្គម។"

នាង​បន្ត​ទៀត​ថា​ "ដូច្នេះ​នៅ​ក្នុង​ខែ​នេះ ខ្ញុំ​ចង់​ផ្ញើ​នូវ​សេចក្ដី​ស្រលាញ់​ ដក់​អ្នក​ទាំង​អស់​គ្នា​ដែល​មាន​សេចក្ដី​ក្លាហាន​ ដើម្បី​បង្ហាញ​ពី​អារម្មណ៍​ពិត​របស់​ខ្លួន​ និង​រស់​នៅ​តាម​អារម្មណ៍​នោះ​។ វា​មិន​មែន​ជា​រឿង​ខុស​ឆ្គង​នោះ​ទេ ដោយ​រស់​នៅ​តាម​អារម្មណ៍​ដែល​ខ្លួន​ចង់​បាន​​មិន​លាក់បាំង​។ មួយ​វិញ​ទៀត​ ខែ​នេះ​គឺ​ជា​ខែ ដែល​យើង​គិត​ពី​អ្វី​ដែល​យើង​សម្រេច​បាន​ និង​ត្រៀម​ខ្លួន​សម្រាប់​អនាគត​។ ខ្ញុំ​ក៏​ចង់​ផ្ញើ​សេចក្ដី​ស្រលាញ់​ដល់​អ្នក​ទាំង​ឡាយ​ណា​​ ដែល​មិន​ទាន់​ហ៊ាន​សារភាព​ពី​អារម្មណ៍​របស់​ខ្លួន​នៅ​ពេល​នេះ ឬ​ក៏​មាន​គម្រោង​នៅ​ថ្ងៃ​អនាគត។ សង្ឃឹម​ថា​យើង​នឹង​បាន​រស់​នៅ​ជាមួយ​គ្នា​នៅ​ក្នុង​ពិភពលោក​មួយ​ ដែល​ពោរពេញ​ទៅ​ដោយ​ការ​យោគយល់​ ហើយ​អ្នក​ទាំង​អស់​គ្នា​អាច​និយាយ​ពី​អ្វី​ក្នុង​ចិត្ត​ខ្លួន​ពិត​ប្រាកដ។"

លើស​ពី​នេះ​នាង​ក៏​មាន​បង្ហាញ​សេចក្ដី​អំណរ​គុណ​ដល់​ ហ្វូង​អ្នក​គាំទ្រ​រាប់​រយ​នាក់​ដែល​មាន​វត្ត​មាន​នៅ​ទី​នោះ និង​និយាយ​រឿង​រ៉ាវ​ផ្ទាល់​ខ្លួន​ខ្លះ ថា​នាង​ពិត​ជា​សប្បាយ​ចិត្ត​និង​សំណាង​​ដែល​បាន​ក្លាយ​ជា​តារា​ចម្រៀង​ម្នាក់ និង​ប្រកប​របរ​នេះ​ដើម្បី​ចិញ្ចឹម​ជីវិត៕

ប្រភព៖ entertainment.toggle   ប្រែ​សម្រួល៖ ធារ៉ូ