“Solo” ខាត​បង់​ដើម​ទុន​៥០លាន​​ដុល្លារ​ និង​ក្លាយ​ជា​រឿង​ Star Wars ដំបូង​បរាជ័យ​សម្រាប់​ Disney

  • 2018-06-05 04:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​ថ្មី​របស់​ Disney, Lucas Film “Solo: A Star Wars Story” បរាជ័យ​យ៉ាង​ធ្ងន់ធ្ងរ​នៅ​តាម​បណ្ដា​ Box Office ទូទាំង​ពិភពលោក ដោយ​ត្រូវ​គេ​រំពឹង​ថា​នឹង​រក​ចំណូល​បាន​តែ​ខ្ទង់​ ៤០០​លាន​ដុល្លារ​តែ​ប៉ុណ្ណោះ។

វា​គឺ​ជា​រឿង​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ ដោយ​សារ​តែ "Solo” សាច់​រឿង​និយាយ​ពី​តួអង្គ Han Solo រក​ចំណូល​បាន​តិច​ជាង​ការ​រំពឹង​ទុក គឺ​បាន​តែ​ខ្ទង់​៨០​លាន​ដុល្លារ​ប៉ុណ្ណោះ​សម្រាប់​សប្ដាហ៍​ដំបូង​ ដោយ​បាន​ប៉ាន់​ស្មាន​ថា​សប្ដាហ៍​ដំបូង​អាច​រក​បាន​ខ្ទង់​ជាង​១០០​លាន​ដុល្លារ។ នេះ​គឺ​ជា​លើក​ទី​១​ហើយ ដែល​ភាពយន្ត​ផលិត​ដោយ​​ Disney សម្រាប់​សែស្រឡាយ​រឿង​ Star Wars ខាត​បង់​ប្រាក់​ដើមទុន។

លោក​ Barton Crockett អ្នក​វិភាគ​ប្រចាំ​ Wall Street បាន​ឲ្យ​ដឹង​ថា "Solo” អាច​នឹង​ខាត​បង់​ជាង​៥០​លាន​ដុល្លារ។ នេះ​បើ​គិត​ត្រឹម​តែ​ប្រាក់​ចំណូល​បាន​មក​ពី​ការ​ដាក់​បញ្ចាំង​តែ​ប៉ុណ្ណោះ ចំពោះ​ការ​រក​ចំណូល​បាន​មក​ពី​ការ​លក់​ DVD ឬ​លក់​តាម​រយៈ​អ៊ីនធឺណិត​នៅ​ថ្ងៃ​អនាគត​គឺ​មិន​ទាន់​ដឹង​នៅ​ឡើយ។

គិត​ត្រឹម​ពេល​នេះ ភាពយន្ត "Solo” ដឹក​នាំ​រឿង​ដោយ​លោក Ron Howard មើល​ទៅ​មិន​អាច​រក​ចំណូល​បាន​ច្រើន​ជាង ៤០០​លាន​ដុល្លារ​នោះ​ឡើយ​គិត​ទូទាំង​ពិភពលោក។ ជាមួយ​នឹង​ដើម​ទុន​ផលិត​ ២៥០​លាន​ដុល្លារ​ និង​រាប់​លាន​ដុល្លារ​ទៀត​​ចំណាយ​ដើម្បី​ផ្សព្វផ្សាយ​ ភាពយន្ត​នេះ​ប្រាកដ​ជា​ខាត​ច្រើន។

ដោយ​សារ​តែ​សែស្រឡាយ​រឿង​ Star Wars តែង​តែ​ទទួល​បាន​ជោគជ័យ​នៅ​ Box Office ដូច​ជា "Force Awakens” រក​ចំណូល​បាន ២,០៦៨​ប៊ីលាន​ដុល្លារ "Rogue One: A Star Wars Story” រក​ចំណូល​បាន ១,០៥៦​ប៊ីលាន​ដុល្លារ​ និង​ "The Last Jedi” រក​ចំណូល​បាន ១,៣៣២​ប៊ីលាន​ដុល្លារ​ ដូច្នេះ​គ្មាន​អ្នក​ណា​រំពឹង​ទុក​ថា "Solo” នឹង​ទទួល​បរាជ័យ​ដុនដាប​ដល់​ថ្នាក់​នេះ​នោះ​ទេ៕

ប្រភព៖ hollywoodreporter   ប្រែ​សម្រួល៖ ធារ៉ូ