អតីត​បវរ​កញ្ញា​ហុងកុង​​ប្រើ​មកុដ​ជា​​​ថ្នូរ​​ខ្ចី​លុយ ឥឡូវត្រូវគេប្ដឹងព្រោះជំពាក់​លុយ​ជិត៥សែនដុល្លារ

  • 2018-06-06 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​បវរ​កញ្ញា​ហុង​កុង​ឆ្នាំ ១៩៩៥ អ្នក​នាង Winne Yeung ជាមួយ​នឹង​ស្វាមី​របស់​នាង លោក Wong Shuai-fun ទទួល​រង​ពាក្យ​បណ្ដឹង​រឿង​ជំពាក់​ប្រាក់​ជាង ២,៤ លាន​ដុល្លារ​ហុង​កុង (៣០៦ ០០០ដុល្លារ​អាមេរិក) ពី​ក្រុមហ៊ុន​កម្ចី​ឥណទាន Trinity Aim Capital Limited កាល​ពី​៣​ឆ្នាំ​មុន។

ក្រោយ​មក​គូ​ស្នេហ៍​មួយ​គូ​នេះ ត្រូវ​ការ​ប្រាក់​ក្នុង​ការ​ដំណើរ​ការ​មុខ​ជំនួញ​របស់​ពួក​គេ ក៏​បាន​ដាក់​មកុដ និង​ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ​​មួយ​ចំនួន​ទៀត​ជា​គ្រឿង​សម្រាប់​ខ្ចី​លុយ​​ក្នុង​សហរដ្ឋ​អាមេរិក។

ឥឡូវ​នេះ ក្រុមហ៊ុន​ចង​ការ​ប្រាក់​មួយ​កន្លែង​ប្រចាំ​តំបន់ Wan Chai ក្នុង​ទីក្រុង​ហុងកុង បាន​ដាក់​ពាក្យ​បណ្ដឹង​ចំពោះ​គូ​ស្វាមី​ភរិយា​មួយ​គូ​នេះ​ដោយ​បង្ខំ​ពួក​គេ​ឲ្យ​ដាក់​មកុដ​បវរ​កញ្ញា​នោះ​ទុក​ជា​ចំណែក​មួយ​នៃ​ការ​សង​ថ្លៃ​ជំពាក់ ដែល​ពួក​គេ​បាន​​ជំពាក់​កើន​ឡើង​រហូត​ដល់ ៣,៧៦ លាន​ដុល្លារ​ហុងកុង (៤៧៩ ០០០ដុល្លារ​អាមេរិក) បូក​រួម​ទាំង​ការ​ប្រាក់។

បើ​តាម​លិខិត​របស់​តុលាការ​ដែល​បាន​ចេញ​កាល​ពី​ថ្ងៃ​សុក្រ​មុន​សប្ដាហ៍មុន ម្ចាស់​បំណុល​ក៏​បាន​​រឹប​អូស​របស់​របរ​មួយ​ចំនួន​ពី​ផ្ទះ​របស់​ពួក​គេ​ក្នុង​ក្រុង San Francisco រដ្ឋ California ផង​ដែរ។

តាម​មេធាវី​ដើម​បណ្ដឹង​បាន​បញ្ជាក់​ថា ប្ដី​ប្រពន្ធ​មួយ​គូ​នេះ ដំបូង​ឡើយ​បាន​សុំ​ខ្ចី​ប្រាក់​ចំនួន ២ លាន​ដុល្លារ​ហុង​កុង (២៥៥ ០០០ដុល្លារ​អាមេរិក) តាម​រយៈ​ក្រុមហ៊ុន​របស់​ពួក​គេ​ក្នុង​ខែ​ធ្នូ​ ឆ្នាំ ២០១៤។ ដោយ​គ្មាន​លទ្ធភាព​ក្នុង​ការ​សង​ប្រាក់ ពួក​គេ​ចេះ​តែ​រក​លេស​ពន្យារពេល​សង។

បន្ទាប់​មក លុយ​បាន​កើន​ឡើង​ដល់ ៤០០ ០០០ ដុល្លារ​ហុងកុង (៥១ ០០០ដុល្លារ​អាមេរិក) ត្រូវ​បាន​ស្នើ​សុំ​ឲ្យ​សង ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ ពួក​គេ​នៅ​តែ​មិន​ព្រម​សង រហូត​ដល់​ក្រុមហ៊ុន​ព្រមាន​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់។

បើ​តាម​សារព័ត៌មាន South China Mornig Post បាន​ឲ្យ​ដឹង​ថា មកុដ​ដែល​អតីត​បវរ​កញ្ញា​រូប​នេះ​ទទួល​បាន​​នោះ គឺ​មាន​តម្លៃ ៣,៥លាន​ដុល្លារ​ហុងកុង (៤៤៦ ០០០ដុល្លារ​អាមេរិក)។ បើ​ទោះ​បី​ជា​លក់​មកុដ​មួយ​នេះ ក៏​មិន​អាច​បង់​ថ្លៃ​បំណុល​របស់​នាង​គ្រប់​ដែរ៕ ​​

ប្រភព៖ nextshark   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម