វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់អចលនវត្ថុ​គំរូថ្មីទើប​ដាក់​ឲ្យ​ប្រើ​ មាន​ចំណុចពិសេស​ច្រើនជាង​​គំរូចាស់

  • 2018-06-06 08:52:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រ​សួង​រៀបចំដែន​ដី​បានដាក់​ឲ្យ​ប្រើ​ប្រាស់​សន្លឹក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ប្រភេទ​ថ្មី​កាលពី​ថ្ងៃទី​១ ខែ​មិថុនា ឆ្នាំ​២០១៨​កន្លងទៅនេះ។ ស​ម្រាប់​សន្លឹកវិញ្ញាបនបត្រទម្រង់​​ថ្មីនេះ មន្ត្រី​ជំនាញ​ក្រ​សួង​ដែន​ដីអះអាង​ថា​មាន​ចំណុច​ពិសេស​មួយ​ចំនួន​បន្ថែម​លើ​សន្លឹក​វិញ្ញាបនបត្រ​ចាស់។

( ឯកឧត្តម ឡោ ដាវុធ អគ្គនាយក​នៃអគ្គនាយក​ដ្ឋាន​សុរិយោ​ដី និង​ភូមិ​សាស្រ្ត​បាន​ពន្យល់​ពីសន្លឹក​បណ្ណថ្មី/រូបភាព៖ Screenshot ពី​វីដេអូក្រ​សួង​ដែនដី)

នៅ​រសៀល​នេះ​ក្រ​សួង​ដែន​ដីបាន​បង្ហោះវីដេអូ​មូយ​នៅ​លើ​ហ្វេស​ប៊ុក​ផេក​របស់​ខ្លួន​​ដោយ​បាន​ពន្យល់​ពី​លក្ខណៈ​ពិសេស​របស់​វិញ្ញាបនបត្រ​ថ្មីនេះ។ ឯកឧត្តម ឡោ ដាវុធ អគ្គនាយក​នៃអគ្គនាយក​ដ្ឋាន​សុរិយោ​ដី និង​ភូមិ​សាស្រ្ត​បាន​ពន្យល់​ក្នុង​វីឌីអូ​នេះថា​កន្លង​មក​សន្លឹកវិញ្ញា​បនបត្រ​ចាស់​ត្រូវ​បាន​បោះពុម្ព​នៅ​ប្រ​ទេស​អូស្រ្តាលី តែសម្រាប់សន្លឹ​ថ្មីនេះ​គឺ បោះ​ពុម្ព​ដោយ​ក្រុម​ហ៊ុន​ក្នុង​ស្រុក។

ចំណុច​ពិសេស​ៗលើ​សន្លឹក​វិញ្ញាបនបត្រ​ចាស់​មួយ​ចំនួ​ន​នៅរក្សាទុក​ដដែល​ដូចជា​ពេល​យក​សន្លឹក​វិញ្ញាបនបត្រ​នេះដាក់​ក្រោម​ពន្លឺ​​នឹង​អាច​មើល​ឃើញ​រូបប្រា​សាទអង្គរវត្ត។ ចំណុច​មួយ​ទៀត​គឺថា​បើ​សិនជា​ធ្វើ​ការ​ថត​ចម្លង ​នោះ​សន្លឹក​បណ្ណដែល​ថត​ចម្លង​នឹង​មាន​ចេញ​ពាក្យថា «Copy​» នៅ​លើ​សន្លឹក​ថត​ចម្លង​នោះ។ ចំណុច​ពិសេស​ទី​បី​ដែល​នៅ​រក្សា​ដដែល​នោះ​គឺ រូបព្រះសង្ហារ​​នៅ​លើ​សន្លឹក​បណ្ណ​នេះ ដែលអាចមើល​ឃើញ​នឹង​ភ្នែក​នៅ​ពេល​សីតុណ្ហភាពចុះ​ដល់​ក្រោម២០​អង្សាសេ។ នេះ​បើតាម​ការ​ពន្យល់​របស់​ឯកឧត្តម ឡោ ដាវុធ តាមរយៈវី​ដេ​អូ​ខាងលើ​។

ឯកឧត្តម​ឲ្យ​ដឹងទៀតថា​សម្រាប់​សន្លឹក​វិញ្ញាបនបត្រទម្រង់​​ថ្មី​មិន​មាន​ពាក្យថា​ «វិញ្ញាបនបត្រសម្គាល់​ម្ចាស់អចលនវត្ថុ» តូចៗ និងព្រាលៗ​ដូចមុនទៀតទេ តែមាន​ដាក់​រូបផែនទី​ប្រ​ទេស​កម្ពុជានៅ​កណ្តាល​សន្លឹក និង​សរសេរពាក្យ «វិញ្ញាបនបត្រសម្គាល់​ម្ចាស់អចលនវត្ថុ»តូចៗ​ដែល​មិនអាច​មើល​ឃើញ​នឹង​ភ្នែកទទេបាននោះទេ។

ស​ម្រាប់​សន្លឹក​បណ្ណថ្មីនេះ​ដែរ​ក៏​មាន​បន្ថែម​លេខ​សម្គាល់​បណ្ណមួយ​ខ្ទង់​ទៀត​ពោលគឺ​ពី​ប្រាំពីរ​ខ្ទង់​ទៅ​ប្រាំបី​ខ្ទង់ ដែលឯកឧត្តមថា ការ​បន្ថែមខ្ទង់នេះ​ដើម្បី​ឲ្យ​សន្លឹក​បណ្ណ​ដែលគ្រោង​នឹង​ប្រើមាន​ចំនួន​ច្រើន និង​មិនជាន់លេខ​គ្នា​។

ចំណុច​ពិសេស​មួយ​ទៀត​របស់​សន្លឹក​វិញ្ញាបនបត្រថ្មីនេះ​គឺមានភ្ជាប់មកជាមួយ​ QR Code ដែល​ឯកឧត្តមថា​អាច​មើល​ព័ត៌មាន​នៅ​ក្នុង​គល់​បញ្ជី និង​ក្នុង​ប្រ​ព័ន្ធ​ទិន្ន័យ​របស់​ក្រសួង​ ហើយ​ដើម្បីអាន​ទិន្ន័យ​នេះ បាន​ទាល់តែ​មាន​កម្មវិធី OR Code Reader ដែលអាចដំឡើង​ក្នុង​ទូរសព្ទដៃបាន។​

ការ​ដាក់​ឲ្យ​ប្រើ​ប្រាស់​សន្លឹក​វិញ្ញាបនបត្រទម្រង់​ថ្មីនេះ​ មិនមែន​មានន័យថា​អ្នកមាន​សន្លឹកបណ្ណចាស់​ត្រូវមក​ប្តូរថ្មីនោះទេ ឯកឧត្តម​ថា​លើកលែង​តែ​មានការ​ផ្ទេរឈ្មោះ ឬកាត់​ឈ្មោះ ឬដាក់​បន្ទុកជា​ដើម៕​​

ទស្សនាវីដេអូ៖

អត្ថបទ៖ ទូច សុខា