ពូកែ​ច្នៃប្រឌិត​មែន! ឌុច​ លី​ដា​ ប្រើ​គ្រឿង​សម្អាង​គូ​រគំនូរ​ដំបូង​របស់​ខ្លួន​

  • 2018-06-07 01:54:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូប​គំនូរ​មួយ​ផ្ទាំង​ដែល​កញ្ញា ឌុច លី​ដា បង្ហោះ​លើ​បណ្ដាញ​សង្គម​ពិត​ជា​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​កោតសរសើរ​និង​មិន​ដែល​ដឹង​ថា តារា​សម្ដែង​រូប​នេះ​មាន​ទេព​កោសល្យ​លើ​ផ្នែក​នេះ​ពី​មុន​មក​ទេ។

រូប​មនុស្ស​ស្រី​ស្លៀករ៉ូប​វែង​អូស​ដី បញ្ចេញ​សាច់​ខ្នង ជា​ផ្ទាំង​គំនូរ​ដែល​តារា​សម្ដែង​ពោរពេញ​ដោយ​ប្រជាប្រិយ​ភាព​រូប​នេះ ចំណាយ​ពេល​ត្រឹម​១០​នាទី​ ដោយ​ប្រើ​គ្រឿង​សម្អាង​ដូច​ជា​ក្រែម គូ​ល័រ​ផាត់​ភ្នែក ថ្នាំលាបក្រចកព្រម​ទាំង​​ខ្មៅ​ដៃ​គូស​ចិញ្ចើម​គូរ​ចេញ​ជា​រូប​គំនូរ ពេញ​ដោយ​ភាព​ច្នៃ​ប្រឌិត​។

មហាជន​ជា​ច្រើន​គិត​ថា លី​ដា ប្រហែល​ធ្លាប់​ហាត់​រៀន​គូរ​គំនូរ​ពី​មុន​មក​ហើយ ទើប​បាន​ជា​គូ​បាន​ស្អាត​មិន​ចាញ់​អ្នក​ជំនាញ​ដូច្នេះ។ តួ​ឯក​ក្នុង​រឿង​ "សមុទ្រ​ទឹក​ភ្នែក" ប្រាប់​ថា មិន​ធ្លាប់​បាន​រៀន​អ្វី​ពាក់​ព័ន្ធ​នឹង​ផ្នែក​នេះ​ពី​មុន​មក​ទេ គឺ​ជា​គំនូរ​គ្មាន​គ្រូ គ្រាន់​តែ​ពេល​ទំនេរ លី​ដា​ មើល​គេ​គូ​តាម​ FB និង​​Youtube ប៉ុណ្ណោះ។ ​​​​

ម្យ៉ាង​ទៀត លី​ដា​ ឧស្សាហ៍​មើល​គំនូរ​ ដែល​បណ្ឌិត​ ឯម​ រៀម ​បាន​ជូន​ក្នុង​​ថ្ងៃ​ខួបកំណើត ទើប​ចេះ​តែ​បណ្ដាល​ចិត្ត​​ឲ្យ​ចង់​គូរ​គំនូរ ប៉ុន្តែ​មិន​មាន​ឱកាស។​ ឆ្លៀត​ពេល​ទំនេរ​នៅ​ផ្ទះ​​ កញ្ញា​ ក៏​សាក​ល្បង​គូរ​រូប​និង​បង្ហោះ​លេង​​តែ​ម្ដង​ទៅ។ ​

“រូប​ហ្នឹង​ខ្ញុំ​គូ​លេង ហើយ​គិត​ថា​ខ្លួន​ឯង​គូ​មិន​ស្អាត​នោះ​ទេ។ ពេល​មើល​រូប​បង ឯម រៀម ឃើញ​គាត់​គូ​រូប​ស្អាត ធ្វើឲ្យ​ខ្ញុំ​មាន​ចិត្ត​ចង់​គូរ​ដែរ"។ ស្រី​ស្អាត ឌុច លី​ដា បញ្ជាក់។

តារា​សម្ដែង​កំពុង​លេច​ធ្លោ​រូប​នេះ​ប្រាប់​ថា នាង​ស្រលាញ់​ការ​គូរ​គំនូរ​ ប៉ុន្តែ​ពុំ​មាន​បំណង​ក្លាយ​ជា​ជាង​គំនូរ​នៅ​ថ្ងៃ​អនាគតនោះ​ទេ ព្រោះ​យល់ថា​សមត្ថភាព​លើ​ផ្នែក​នេះ​នៅ​មាន​កម្រិត៕​​

រូបភាព៖ ផ្តល់សិទ្ធដោយ​ ឌុច លី​ដា

អត្ថបទ៖ លឹម សុនា