ក្រុម​ជើង​ឯក​ជាតិ​ Dota 2 ចូល​រួម​ប្រកួត​ជើង​ឯក​កម្រិត​អាស៊ី​

  • 2018-06-07 03:10:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​​សហការ​ជា​មួយ​ក្រុម​ហ៊ុន​ Westes Media Limited រៀប​ចំ​ការ​ប្រកួត​​​កីឡា​ជើង​ឯក​ Dew Gaming 2018 សម្រាប់​វិញ្ញាសា​ពេញ​និយម​ Dota2 ដែល​ឧបត្ថម្ភ​ដោយ​ភេសជ្ជៈ​ Mountain Dew​ ដើម្បី​​ជ្រើស​រើស​ក្រុម​ខ្លាំង​មួយ​ចូល​រួម​ប្រកួត​ជើង​ឯក​​កម្រិត​អាស៊ី​ MPFL Asian Championship។

ពិធីសន្និសីទ​សារព័ត៌មាន

ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រកាស​រៀប​ចំ​ការ​ប្រកួត​កាល​ពី​រសៀល​ថ្ងៃ​​ពុធ ទី​៦​ ខែ​ឧសភា​ ចូល​រួម​អធិបតី​ដោយ​​ឯក​ឧត្តម ជា ច័ន្ទបរិបូណ៌​ អនុប្រធាន​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ លោក លន់ សាមឌី អគ្គលេខាធិការ​សហព័ន្ធ​ និង​តំណាង​ក្រុម​ហ៊ុន។

លោក លន់ សាមឌី បាន​ឲ្យ​ដឹង​ថា​ តាម​ពិត​ទៅ​ការ​ប្រកួត​​ជើង​ឯក​ Dew Gaming 2018 នៅ​កម្ពុជា​មាន​ជម្រុះ​៣​ដំណាក់​កាល​​គឺ​​ជម្រុះ​​ជុំ​​​ទី​១​​ថ្ងៃ​ទី​៥-៦ ខែ​ឧសភា​កន្លង​ទៅ​ ជម្រុះ​ជុំ​​ទី​២​ពី​ថ្ងៃ​ទី​១៥-១៦ ខែ​កញ្ញា​ និង​ជុំ​ផ្តាច់​ព្រ័ត្រ​​នៅ​ខែ​វិច្ឆិកា​ ចុង​ឆ្នាំ​២០១៨​។ សរុប​ក្រុម​ទាំង​អស់​ដែល​ចូល​រួម​ប្រកួត​គឺ​​៨​ក្រុម។

លោក​បន្ត​ថា​ បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​ជម្រុះ​ជុំ​ទី​១​កាល​ពី​ថ្ងៃ​ទី​៥-៦ ខែ​ឧសភា​កន្លង​ទៅ​នេះ​ ក្រុម​ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​​លេខ​១​គឺ​ Xit Woundz ដែល​ជា​អតីត​ក្រុម​ IQ ជា​ជើង​ឯក​កីឡា​អេឡិចត្រូនិក​ថ្នាក់​ជាតិ​ឆ្នាំ​២០១៦ និង​២០១៧​​ក្នុង​វិញ្ញាសា​ Dota2។ សូម​បញ្ជាក់​ថា​ សមាជិក​ IQ ម្នាក់​គឺ កីឡាករ អ៊ូ ម៉េង ​បាន​ចាក​ចេញ​ពី​ក្រុម​ហើយ​ដោយ​ត្រូវ​ក្រុម​ហ៊ុន​កូរ៉េ​ខាង​ត្បូង​ KongDoo Company យក​ទៅ​​​ដោយ​ចុះ​កុងត្រា​រយៈ​ពេល​មួយ​ឆ្នាំ​​ដោយ​ផ្តល់​​ប្រាក់​ខែ​​ជាង​​១០០០​ដុល្លារ​ក្នុង​១​ខែ មាន​​ខុន​ដូ​​សម្រាប់​ស្នាក់​នៅ​ ​មាន​គ្រូ​បង្ហាត់​ និង​​អាហារ​ ​សម្រាប់​ការ​ប្រកប​អាជីព​កីឡា​ E-Sport នៅ​ទី​នោះ។

ដូច្នេះ​ក្រុម​ Xit Woundz ​ដែល​ធ្លាប់​ទទួល​បាន​ជោគជ័យ​ទាំង​ថ្នាក់​ជាតិ​ ជើង​ឯក​នៅ​ឥណ្ឌា​ និង​លទ្ធផល​ល្អ​​ប្រសើរ​ជា​ច្រើន​ក្នុង​តំបន់​កន្លង​មក​ត្រូវ​តំណាង​ឲ្យ​កម្ពុជា​ដើម្បី​ចូល​រួម​ប្រកួត​វគ្គ​ជម្រុះ​ជា​មួយ​ក្រុម​មក​ពី​១០​ប្រទេស​គឺ មីយ៉ាន់ម៉ា សិង្ហបុរី ឥណ្ឌូណេស៊ី វៀតណាម ឡាវ ម៉ាឡេស៊ី​ អូស្ត្រាលី​ ហ្វីលីពីន​ ឥណ្ឌា​ និង​ថៃ។ ការ​ប្រកួត​វគ្គ​ជម្រុះ​នេះ​ដើម្បី​ស្វែង​ក្រុម​ខ្លាំង​​ចំនួន​​៣​គឺ​ Top 3 ​ដើម្បី​​ទៅ​ប្រកួត​ជើង​ឯក​អាស៊ី​ MPGL Asian Championship នៅ​ប្រទេស​ថៃ​ដែល​ជា​ម្ចាស់​ផ្ទះ​​នា​ខែ​កក្កដា​ ខាង​មុខ​នេះ​ដោយ​​ក្រុម​​១​ទៀត​មក​ពី​ប្រទេស​ចិន​ចូល​រួម។ ដូច្នេះ​ជើង​ឯក​ MPGL Asian Championship នេះ​​ក្រុម​មក​ពី​ប្រទេស​​ចិន​រង់​ចាំ​ស្រាប់​ ខណៈ​៣​ក្រុម​ផ្សេង​ទៀត​ត្រូវ​ប្រកួត​ជម្រុះ​​ក្នុង​ចំណោម​១០​ប្រទេស​ខាង​លើ។

ឯកឧត្តម ជា ចន្ទបរិបូណ៌​បាន​លើក​ឡើង​ថា កីឡា​អេឡិចត្រូនិក​​កំពុង​រីក​ចម្រើន​ជា​លំដាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បន្ទាប់​ពី​មាន​សកម្មភាព​​ជា​បន្ត​បន្ទាប់។ កីឡា​ E-Sports ខុស​ពី​កីឡា​ផ្សេង​ៗ​ទៀត​​ក្នុង​ការ​អនុវត្ត​ និង​ហ្វឹកហាត់។ កីឡា​ផ្សេង​ៗ​ត្រូវ​អញ្ជើញ​គេ​មក​ប្រកួត​ ឬ​ត្រូវ​ចេញ​ទៅ​ក្រៅ​ប្រទេស​ទើប​ប្រកួត​គ្នា​​បាន​ ប៉ុន្តែ E-Sports ងាយ​ស្រួល​ណាស់​ កីឡាករ​ក្នុង​ប្រទេស​នីមួយ​ប្រកួត​​គ្នា​តាម​អនឡាញ​ ហើយ​មាន​បទ​ពិសោធ​ប៉ះ​គ្នា​ច្រើន​​ ដូច្នេះ​​ក្រុម​មក​ពី​ប្រទេស​នីមួយ​អាច​ដឹង​ពី​សមត្ថភាព​របស់​ក្រុម​​ប្រទេស​​ផ្សេង​ទៀត។ ឯកឧត្តម​បាន​អរគុណ​ដល់​គ្រប់​បណ្តាញ​សារព័ត៌មាន​ទាំង​អស់​ដែល​បាន​ជួយ​ផ្សព្វផ្សាយ​អំពី​កីឡា​ E-Sports ដែល​ជា​ផ្នែក​ដ៏​សំខាន់​ផ្តល់​ព័ត៌មាន​ដល់​មហាជន​ឲ្យ​បាន​ដឹង​ថា​អ្វី​ទៅ​ជា​ E-Sports។

សម្រាប់​ការ​ប្រកួត​ Dew Gaming 2018 នៅ​កម្ពុជា​មាន​ប្រាក់​រង្វាន់​សរុប​ ១ ៣០០០​ដុល្លារ​អាមេរិក ប៉ុន្តែ​គេ​មិន​ទាន់​បែង​ចែក​ចំនួន​ប៉ុន្មាន​សម្រាប់​ជើង​ឯក​ ជើង​ឯក​រង និង​ក្រុម​ចំណាត់​ថ្នាក់​ផ្សេង​ទៀត​ឡើយ​។ ចំពោះ​ជើង​ឯក​អាស៊ី​ MPGL Asian Championship រៀប​ចំ​ និង​ឧបត្ថម្ភ​ដោយ​ក្រុម​ហ៊ុន​ Mieski របស់​ប្រទេស​ហ្វីលីពីន​។

ការ​ប្រកួត​ Dota2 នៅ​កម្ពុជា​​បាន​រៀប​ចំ​ម្តង​ហើយ​កាល​ពី​ឆ្នាំ​២០១៧​​ដែល​ពេល​នោះ​ក្រុម​ IQ ដែល​ដូរ​ឈ្មោះ​បច្ចុប្បន្ន​ Xit Woundz ៕​

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទពេញនិយម