Ronaldo និយាយ​យ៉ាង​ណា​ពី​ឱកាស​ព័រទុយហ្គាល់​លើក​ពាន World Cup?

  • 2018-06-07 11:20:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ទទួល​ស្គាល់​ថា​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ "មិន​ស្ថិត​ក្នុង​ចំណោម​ក្រុម​ដែល​មនុស្ស​ជា​ច្រើន​រំពឹង​ថា​ឈ្នះ World Cup” ប៉ុន្តែ​បាន​លើក​ឡើង​ថា "ក្នុង​បាល់ទាត់​ អ្វី​ក៏​អាច​កើត​ឡើង"។

ថ្លែង​ក្នុង​ពិធី​ជួប​ជុំ​ក្រុម​ជម្រើស​ជាតិ​កាល​ពី​ម្សិលមិញ​ក្រោម​អធិបតីភាព​ប្រធានាធិបតី​ព័រទុយហ្គាល់ លោក Marcelo Rebelo De Sousa ខ្សែ​ប្រយុទ្ធ Ronaldo បាន​និយាយ​ថា ក្រុម​ជម្រើស​ជាតិ​មាន "មហិច្ឆតា​ខ្ពស់" ចំពោះ​ World Cup ខាង​មុខ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី កីឡាករ​វ័យ ៣៣​ឆ្នាំ បាន​សារភាព៖ "យើង​ដឹង​ថា យើង​មិន​ស្ថិត​ក្នុង​ចំណោម​ក្រុម​ដែល​មនុស្ស​ជា​ច្រើន​រំពឹង​ថា​នឹង​ឈ្នះ​ World Cup។ យើង​ត្រូវ​តែ​មាន​ភាព​ប្រាកដ​និយម​អំពី​គោល​ដៅ​របស់​យើង ប៉ុន្តែ​ក្នុង​បាល់ទាត់​ អ្វី​ក៏​អាច​កើត​ឡើង​ដែរ"។

Ronaldo យល់​ថា​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់ ត្រូវ​​តែ​ផ្ដោត​ការ​យក​ទុក​ខ្លាំង "ពី​មួយ​ប្រកួត​ទៅ​មួយ​ប្រកួត" ហើយ "ខំ​លេង​ឲ្យ​អស់​ពី​សមត្ថភាព"។

គួរ​រម្លឹក​ឡើង​វិញ​ដែរ​ថា ព័រទុយហ្គាល់​បាន​គ្រង​ជា​ម្ចាស់​ជើង​ឯក Euro កាល​ពី​ឆ្នាំ ២០១៦ ក្រោយ​ឈ្នះ​បារាំង​ក្នុង​លទ្ធផល ១-០ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ។

ក្នុង World Cup លើក​នេះ ក្រុម​ជម្រើស​ជាតិ​នឹង​ត្រូវ​ប៉ះ​ជាមួយ​អេស្ប៉ាញ​នៅ​ថ្ងៃ​ទី ១៥ មិថុនា, ម៉ារ៉ុក​ នៅ ៤ ថ្ងៃ​បន្ទាប់ និង​អ៊ីរ៉ង់​នៅ​ថ្ងៃ​ទី ២៥ មិថុនា៕

ប្រភព៖ Four Four Two   ប្រែ​សម្រួល៖ ហ៊ីម រស្មី