អាថ៌កំបាំង ៥យ៉ាងខ្ទេចខ្ទី ពីក្រោយឡេលាយតាមផ្សារ មាន១គ្រោះថ្នាក់ខ្លាំង អ្នក​ប្រើ​មិន​ធ្លាប់ដឹង

  • 2018-06-08 04:20:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បងប្អូន​នារី​ៗ​ច្បាស់​ជា​ធ្លាប់​ស្គាល់​ហើយ​ឡេ​លាយ​ថ្លឹង​គីឡូ ដាក់​ធុង ដោយ​ប្រើ​រូបមន្ត​ចេះ​ត​គ្នា​ មានន័យថា ចេះ​តែ​ម្នាក់ គឺ​អាច​ជួយ​បង្រៀន​គ្នា​ លាយ ឬ​វៃ​ឡេ បែក​ផ្សែង លក់​រាប់​ខែ រាប់​ឆ្នាំ​កក្រើក​តាម​ផ្សារ និង​តាម Online។

មាន​រឿងរ៉ាវ​ ៥យ៉ាង​នៅ​ពី​ក្រោយ​ឡេ​លាយ ដែល​អ្នក​ប្រើ​មិន​ដែល​ដឹង។

អ្នក​លក់​ឡេ​ ឲ្យ​ដឹង​ថា ជា​ការ​ពិត​ឡេ​លាយ ដាក់​ធុង ថ្លឹង​គីឡូ មាន​អាថ៌កំបាំង ​៥​ចំណុច ដែល​កម្រ​មាន​អ្នក​ទិញ​បាន​ដឹង ព្រោះ​វា​ជា​ឆ្នាំង​បាយ​របរ​លក់​ឡេ មិន​ងាយ​ទម្លាយ​ឲ្យ​គេ​ដឹង​ផ្ដេសផ្ដាស​ទេ។

ប្រភព​ពី​អ្នក​ធ្លាប់​​លាយ​ឡេ​លក់ មួយ​រូប ក្នុង​លក្ខខណ្ឌ​មិន​បង្ហាញ​ឈ្មោះ​ បាន​ប្រាប់ Sabay ថា តាម​បទ​ពិសោធ​ផ្ទាល់ និង​ការ​ប្រឡូក​ក្នុង​វិស័យ​កែ​សម្ផស្ស អ្នកស្រី ​បាន​បង្ហើប​ ចំណុច​​៥​នេះ នៃ​ឡេ​លាយ​ គឺ​មាន​ដូចជា​ កាលីប​តម្លៃ Brand ឬអេតចាយ រូប​មន្ត​លាយ ផល​ប៉ះពាល់​សុខភាព ទីតាំង​លក់ និង​ការ​វេច​ខ្ចប់។

រូបថត ឡេលាយ (ប្រភពរូប Internet)

**១.កាលីប​តម្លៃ Brand ឬ​អេតចាយ**

ចំណុច​នេះ​ត្រូវ​បាន​អ្នកលក់​ បែងចែក​ជា​២​ធំៗ ដែល​កំពុង​វាយ​លុក​ទី​ផ្សារ មាន​ឡេ​លាយ​តម្លៃ​ថ្លៃ Brand និង​ថោក​ៗ ឬ​ហៅ​ថា​អេតចាយ តាម​តម្រូវ​ការ​អ្នក​ទិញ។ ​ឡេ​លាយ​តម្លៃ​ថោក​ៗ ចន្លោះ​ពី ២៥ដុល្លារ​ ក្នុង​១​គីឡូក្រាម រីឯ​ឡេ​លាយ​ថ្លៃ​ៗ តម្លៃ​ចន្លោះ​ពី ៥០ដុល្លារ ទៅ ១២០ ឬ១៥០ដុល្លារ​ ក្នុង​១​គីឡូក្រាម។

២. ​រូបមន្ត​លាយ

ឡេ​លាយBrand ការ​លាយ​ក៏​តាម​នឹង ​អាច​ដាក់​គ្រឿង​ផ្សំ​ល្អ​គួរសម ចន្លោះ​ពី ៤ ទៅ៦មុខ លាយ​បញ្ចូល​គ្នា ​ដែល​អាច​រក្សា​ភាព ស ​បាន​រាង​យូរ​បន្តិច។

ខុស​ពី​ឡេ​លាយ​ អេតចាយ ថោក​ៗ មាន​វត្ថុ​ធាតុ​ដើម​ស្រដៀង​សម្ល​កកូរ មាន​គ្រឿង​ផ្សំ ចម្រុះ ដាក់​តាម​នឹក​ឃើញ ស្ទើរ​អី​ថែម​នឹង ពី​៨ ទៅ​ដល់​១២មុខ ហើយ​ត្រូវ​ការ​លាប​ច្រើន​ៗ​ម្ដង​ៗ ឆាប់​ស ខ្លាំង ឬ​ហៅ​ថា ស ដូច​ផឿក។

៣. ផល​ប៉ះពាល់​សុខភាព

ទោះ​ជា​លក់ដាច់​យ៉ាងណា​ក្ដី មាន​អ្នក​លក់​ឡេ​ខ្លះ​ មិន​ទាំង​ប្រើ​ខ្លួន​ឯង​ផង គឺ​លាយ​ទុក​លក់ ព្រោះ​លាយ​លក់​មិន​ទាន់​អ្នក​ទិញ​កុម្ម៉ង់ លាបតែ១យប់ ស ខ្ចី​លឿន​ទាន់​ចិត្ត។ អ្នក​ជំនាញ​សុខភាព​ធ្លាប់​ព្រមាន​ថា មាន​ន័យ​ឡេ​លាយ​ទាំង​អស់​ អាច​ហុច​ផល​ភ្លាម​ៗ​ដល់​ស្បែក ព្រោះ​តែ​ការ​លាយ​ដាក់​មេ​ឡេ​ខ្លាំង​ៗ ឲ្យ ស លឿន ទើប​ នាំ​ឲ្យ​អ្នក​លាប​ខ្លះ ឡែក​ស៊ី រមាស់ ឬ​ឡើង​ខ្ទុះ​លើ​ស្បែក បើ​ធ្ងន់ធ្ងរ​មែនទែន អាច​ដល់​ស្លាប់ ឬ​មហារីក​ស្បែក​

រូបថត សកម្មភាពផលិតផលគ្រឿងសម្អាងខូចគុណភាព

៤. ទីតាំង​លក់

ធម្មតា​ទេ តែ​របស់​ថ្លៃ​ គឺ​មាន​នៅ​តាម​ទី​តាំង​ហាង និង​ជ្រក​ក្រោម​ម៉ាស៊ីន​ត្រជាក់។ ចំណែក​ឡេ​លាយ​តម្លៃ​ថោក​ៗ គឺ​លក់​តាម​ផ្សារ​ធម្មតា ដាក់​កញ្ច្រែង ឬ​ទូ​កញ្ចក់ ក្ដៅ​ហប់​ ចេញ​ញើស ឬ​ចេញ​ហ្គាស៍ ដូច្នេះ​ទោះ​ចង់​លក់​ថ្លៃ​ ក៏​គ្មាន​អ្នក​ទិញ​ដែរ។

៥. ការ​វេច​ខ្ចប់

ចំណុច​នេះ​ភាព​ខុស​គ្នា ​គឺ​អាច​និយាយ​បាន​ថា ខុស​គ្នា​ស្រលះ​រវាង​វត្ថុ​ទាំង​២ គឺ​ប្រអប់​វេច​ខ្ចប់​ និង​ប្លាស្ទិក​រុំ​ពី​ក្រៅ។ សំបក កំប៉ុង ឬ​ក្លង សម្រាប់​ច្រក ដែល​មាន​តម្លៃ​ថោក​ៗ ១ឡូតែ២ ឬ៣ដុលា្លរ និង​មាន​រូបរាង​មិន​សូវ​ស្អាត​ទេ អ្នក​លក់​ខ្លះ ច្រក​ដាក់​កំប៉ុង​ជ័រ​តូច​ៗ ដាក់​អំបិល​ លក់​តាម​តូប​ចាន​ឆ្នាំង​ជាដើម។ ប៉ុន្តែ​បើ​របស់​ថ្លៃ​វិញ​ គឺ​មាន​ប្លាស្ទិក​បិទ​ស្អាត ​​រូបរាង​ស្រឡូន ឃើញ​ហើយ​ចង់​ប្រើ​តែ​ម្ដង ដែល​មានតម្លៃ ១ឡូ ពី៥ ទៅ១០ដុល្លារ។

សូម​បញ្ជាក់​ថា តាម​ប្រភព​ពី​អ្នក​លក់​ឡេ​ខាងលើ បាន​ប្រាប់​ទៀត​ថា បទ​ពិសោធ​អ្នកស្រី​ធ្លាប់​ដឹង នៅ​ប្រទេស​ថៃ ប្រសិន​បើ​ការ​លាយ​ឡេ​ត្រូវ​ស្តង់ដារ និង​បាន​ឆ្លងកាត់​មន្ទីរ​ពិសោធ គឺ​នោះ​នឹង​ត្រូវ​បាន​ទទួល​ស្គាល់​ជា​ផ្លូវការ។ បន្ទាប់​មក នឹង​មាន​ការ​ផ្ដល់​ម៉ាក​សម្គាល់​ច្បាស់​លាស់ ដើម្បី​ធានា​គុណ​ភាព និង​បច្ចេកទេស ចៀសវាង​គ្រោះថ្នាក់​ដល់​អ្នកប្រើ។

នៅ​ប្រទេស​កម្ពុជា កាលពី​ឆ្នាំ២០១៧ កន្លង​​ទៅ នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ក្រសួងមហាផ្ទៃ និង​មន្ត្រី​ជំនាញ​ មន្ទីរ​សុខាភិបាល ខេត្ត​កណ្ដាល ធ្លាប់​បាន​ចុះ​បង្ក្រាប​ដល់​ទីតាំង និង​ឃាត់​ខ្លួន​អ្នក​លក់​ឡេ​លាយ​ល្បី​ឈ្មោះ​តាម Online ១រូប ក្នុង​បទ​ចោទ​ឡេ ម្សៅ លាយ​ពុំ​មាន​ច្បាប់​អនុញ្ញាត និង​គ្មាន​គុណភាព។ ​

រូបថត ផលិតផលគ្រឿងសម្អាងខូចគុណភាពដែលចាប់បាន

ក្រុមការងារ Sabay នឹងមានកិច្ចសម្ភាស១ ជាមួយ​វេជ្ជបណ្ឌិត​ ផ្នែក​ជំងឺ​សើ​ស្បែក លម្អិត​ពី​ផល​ប៉ះពាល់​នៃ​ឡេ​លាយ​ខុស​បច្ចេកទេស។

លោក​អ្នក​ អាច​តាម​ដាន កម្មវិធី​សុខភាព តាម​ទំព័រ​ហ្វេសប៊ុក Sabay News Social នៅ​ថ្ងៃ​ពុធ ម៉ោង ៨យប់ សប្ដាហ៍​ក្រោយ។

អត្ថបទ៖ ពៅ រក្សា

អត្ថបទពេញនិយម
អត្ថបទថ្មី