ស្ថាបនិក Mobile Coffee៖ ចេញរកស៊ី កុំប្រើទ្រឹស្ដីសេដ្ឋី Jack Ma ជ្រុលជាងអនុវត្ត (វីដេអូ)

  • 2018-06-08 07:30:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​និយាយ​ពី​ឈ្មោះ​កាហ្វេ​រទេះ​​តាម​ផ្លូវ​មួយ ដែលប្រិយ​មិត្ត​ប្រាកដ​ជា​ស្គាល់​ Mobile Coffee ​ដែល​បាន​ចាប់​ប្រឡូក​ក្នុង​របរ​ចាក់​ទឹក​យក​លុយ​តាំង​ពីឆ្នាំ​២០១៤។ កាហ្វេ​​រទេះ​ ជា​ការ​ច្នៃ​ប្រឌិត​ថ្មី​មានម៉ាកយីហោ និង​មិន​ធ្លាប់​មាន​អ្នក​ណា​នឹក​ឃើញ​ធ្វើ​ពី​មុន​មក​​ឡើយ​។ រហូត​បច្ចុបន្ន​របរ​កាហ្វេ​ចាក់​ទឹក​យក​លុយ​ដ៏តូចនេះ បាន​វិវត្ត​ជា​អ្នក​ផ្គត់​ផ្គង់​ភេសជ្ជៈ​តាម​កម្មវិធី​តូច​ធំ​ និងបាន​ពង្រីក​ខ្លួន ជា​ហាង​កាហ្វេ​ប្រេន​ក្នុងស្រុក​មួយ មិន​ចាញ់​ហាង​ល្បីៗ ​ដូចជា កាហ្វេ ​Brown កាហ្វេ​ Starbucks កាហ្វេ Amazon និង​ហាងផ្សេងៗ​ទៀត​។

​នៅ​ពី​ក្រោយ​នៃ​ភាព​ជោគជ័យ​ពី​ហាង​កាហ្វេ​រទេះ​ថ្ងៃ​នេះ​ ​ស្ថាបនិក​នៃ Mobile Coffee​ លោក​ យ៉ែម ឈីម ​កូន​កសិករ​​មក​ពី​ខេត្ត​កំពង់ចាម រៀប​រាប់​ពី​ប្រ​វត្តិ​សង្ខេប​នៃជីវិតនិងអាជិវកម្មដូច​ត​ទៅ៖​​

​​ចេញ​រក​លុយ​ទាំង​មិន​ទាន់​គ្រប់​អាយុ​ធ្វើការ​​​

​ជា​កូន​ទោល​ក្នុង​គ្រួសារ​ លោក ឈីម ​បាន​ចេញ​ពី​ផ្ទះ​ទៅ​បន្ត​ថ្នាក់​វិទ្យាល័យ​នៅ​ទី​រួម​ខេត្ត​កំពង់ចាម​ ដោយ​សា្នក់​នៅ​វត្ត​ក្នុង​ចេតិយ​ជា​មួយ​លោក។​ ថវិកា​បាន​ក្លាយ​ជា​ថវិកា​បញ្ហា​រាំង​ស្ទះ​ការ​សិក្សា នៅ​ថ្នាក់​ទី១១ ​យុវជន​វ័យ ១៧ឆ្នាំ ​បែរ​ជា​សំណាង ​បាន​ក្រុមហ៊ុន​បច្ចេកវិទ្យា​មួយ​​ហៅ​មក​ធ្វើ​ការ​ទាំង​មិន​ទាន់​គ្រប់​អាយុ​។ ​ចូល​ដល់​​ថ្នាក់​ទី​១២ ឆ្នាំ ២០១១ ​​ប្រាក់​ខែ​ឡើង​ជាង ​២០០ដុល្លារ សម្រាប់​យុវជន​សម្បុរ​ស្រអែម​រីករាយ​បិទ​មាត់​មិន​ជិត ​ព្រោះ​អាច​ផ្គត់ផ្គង់​ការ​សិក្សា​ខ្លួន​ឯង​ និង​សន្សំ​ទុក​ខ្លះ។

លោក យ៉ែម ឈីម

​នៅដើម​ឆ្នាំ ២០១២ យុវជន​ពេញ​កម្លាំង​ពុះ​ពារ​មក​រៀន​ទីក្រុង​ភ្នំពេញ​ស្នាក់​ក្នុង​វត្ត​ដូចគ្នា តែ​ហាក់​មិន​សំណាង​ដូច​មុន​ ព្រោះ​បញ្ហា​លុយ​នៅ​តែ​មាន ​ខណៈ​ការងារ​ដែល​បាន​ដាក់​ពី ១០ ទៅ​ ២០​ក្រុមហ៊ុន​ក៏​មិន​ឃើញ​ហៅ។ ​នៅ​ប៉ុន្មាន​ខែ​បន្ទាប់ ​ក៏​ទទួល​បាន​ការងារ​ស្នូល​ក្នុង​ក្រុមហ៊ុន​អន្តរជាតិ​មួយ​ ជា​ស្ពាន​អាច​បន្ត​សិក្សា​នៅ​សាកលវិទ្យាល័យ។

​​​​ ​​ការងារ​ជា​ដើមទុន​​​

ការ​ធ្វើ​ការងារ​នៅ​មួយ​កន្លែង​ មិន​មែន​ជា​អ្វី​ដែល​ យុវជន ឈីម ចង់​បាន​ទេ។ ហេតុ​នេះ​ហើយ ​ទើប​រូប​គេ​​បាន​ផ្លាស់​ប្ដូរ​កន្លែង​ការងារ​ពី​មួយ​ទៅ​​មួយ​ ទាំង​គ្មាន​ការ​ស្ទាក់​ស្ទើរ ​បំណង​គឺ​ដើម្បី​ទទួល​បាន​នូវ​បទ​ពិសោធន៍​ថ្មីៗ​ រួម​ទាំង​ប្រាក់​ខែ​បាន​ច្រើន​ជាង​មុន​ផង។

ជាក់​ស្ដែង​ក្នុង​រយៈ​ពេល​ជិត​២ឆ្នាំ​តែ​ប៉ុណ្ណោះ​ រូប​គេ​​បាន​ផ្លាស់​ប្ដូរ​ការងារ​ពីរ​ បី​កន្លែង។​ ជា​ការ​កត់​សម្គាល់​ អ្វី​ដែល​ទទួល​បាន​ ពី​ការ​បោះ​ជំហាន​ទៅ​មុខ​ជា​លំដាប់​ឥត​ឈប់​ឈរ​របស់​ខ្លួន​នេះ​ គឺ​រូប​គេ​​បាន​​ទទួល​​នូវ​បទ​​​ពិសោធន៍​​រៀន​សូត្រ​កាន់​តែ​​ច្រើន ទាក់​ទង​​ជំនាញ​​ការ​ធ្វើ​បញ្ជី​ទំនិញ​ ផ្នែក​ទំនាក់​ទំនង​អតិថិជន​ និង​ការ​គ្រប់គ្រង​បុគ្គលិក ​សុទ្ធ​តែ​ជា​ផ្នែក​នៃ​ដើម​ទុន​គំនិត​​ក្នុង​អាជីវកម្ម​។​​

បន្ទាប់​ពី​ការ​ខិត​ខំ​​ប្រឹង​ប្រែង​ ធ្វើ​ការងារ​យ៉ាង​លំបាក​​ និង​សន្សំ​លុយ​យ៉ាង​ត្បិត​ត្បៀត​ យុវជន​ដែល​មាន​សមត្ថភាព​រូប​នេះ​ បាន​​កំណត់​គម្រោង​អាជីវកម្ម​ដែល​ត្រូវ​ដើរ​យ៉ាង​ច្បាស់​ថា​ នឹង​​ត្រៀម​ខ្លួនសហគ្រិនមួយរូប​អាច​បង្កើត​ការងារ​ដល់​យុវជន​ដទៃ​ទៀត​។

បុគ្គលិកនៃហាងកាហ្វេ Mobile

ការ​រកស៊ី​មិន​អាច​ពឹង​តែ​ទ្រឹស្ដី​មួយ​មុខ​បាន​ទេ​

​នៅដើម​ឆ្នាំ ២០១៤​​ លោក​ ឈីម បោះ​បង់​ការងារ​ប្រាក់ខែ​ខ្ពស់ មក​ស្រវា​ចាប់​ឱកាស​រកស៊ី​លក់​កាហ្វេ​តាម​ផ្លូវ​ ដែល​កៀក​បំផុត​នឹង​កន្លែង​ធ្វើ​ការ​របស់​បុគ្គលិក​ក្រុមហ៊ុន​។ បទ​ពិសោធន៍​ធ្វើ​ការងារ​ជាង​​៥ ឆ្នាំ​ បូក​រួម​ទាំង​ចំណេះ​ដឹង​ដែល​​ខ្លួន​ទទួល​បាន​ពី​សាលា​ផង​​ ទី​បំផុត​ផែន​ការ​​អាជីវកម្ម​​ដែល​ ឈីម គិត​នោះ​បាន​ផុស​ឡើង​ចេញ​ជា​រូប​រាង​ពិត​មែន​ នោះ​គឺ​​ការ​បើក​អាជីវកម្ម​លក់​កាហ្វេ​ចល័ត​ និងហាងឈ្មោះ​ថា “​Mobile Coffee” ។

ស្ថាបនិក​វ័យ ៣០ឆ្នាំ​រូប​នេះ ​​គួស​បញ្ជាក់​​ថា៖ “ ការ​រកស៊ី​មិន​អាច​ពឹង​តែ​ទ្រឹស្ដី​របស់គេជោគជ័យបាន​ទេ​ ត្រូវ​ធ្វើខ្លួនឯងផ្ទាល់ឲ្យ​បាន​ច្រើន​ ...​ហើយ​ទ្រឹស្ដី​មួយ​ចំនួន​ខ្លះធំ​ហួស​មាឌយើង ដូចសេដ្ឋី Jack Ma អ៊ីចឹង ​យើង​មិន​អាច​យក​មក​ដាក់​ខ្លួន​បាន​ទេ ព្រោះ​ស្ថាន​ភាព​ខុស​ៗ​គ្នា​” ។ លោកលើកឡើងបែបនេះ ដោយសង្កេតឃើញសហគ្រិនមួយចំនួន ប្រើទ្រឹស្ដីច្រើនជាងអនុវត្ត និងធ្វើអាជីវកម្មមិនបានយូរ។

​​ចង់​ដឹង​ថា​ផែនការអាជីវកម្ម​ដែល​លោក​អ្នក​ត្រូវ​ដឹង មុន​​ចេញ​រក​ស៊ី​មាន​អ្វី​ខ្លះ?​​ សូម​ទស្សនា​វីដេអូ​នៃ​បទ​សម្ភាស​ជាមួយ​ម្ចាស់​កាហ្វេ​រូប​នេះ​ ​ដូច​ខាង​ក្រោម​៖

​​

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម
អត្ថបទថ្មី