ហេតុផល១២យ៉ាង បញ្ជាក់ថាអ្នកចូលចិត្តដើរលេង មានឱកាសជោគជ័យច្រើន

  • 2018-06-09 05:00:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ជា​ច្រើន​មាន​​កម្លាំង​ចិត្ត​ឡើងវិញ និង​បាន​ធ្វើ​ឲ្យ​ខ្លួនឯង​ផ្លាស់ប្ដូរ​​បន្ទាប់​ពី​ ធ្វើ​ដំណើរ​កម្សាន្ត​នៅ​កន្លែង​ផ្សេងៗ ជា​ពិសេស​នៅ​​បរទេស។ បទពិសោធន៍​ដែល​បាន​មក​ពី​​ការ​ដើរ​កម្សាន្ត​​ ធ្វើ​ឲ្យ​​ពូក​គេ​ដឹង​ថា ​ពិភពលោក​ពិត​​ជា​ស្រស់ស្អាត ​ហើយ​ត្រូវ​​ចេះ​រៀន​ចែក​រំលែក​គ្នា បើក​ចិត្ត​ឲ្យ​ទូលាយ និង​ចេះ​ឲ្យ​តម្លៃ​​អ្វីៗ​ដែល​នៅ​ជុំវិញ​ខ្លួន។ ខាង​ក្រោម​នេះ​ជាហេតុផលអាច​បញ្ជាក់​យ៉ាង​ច្បាស់​ថា អ្នកចូលចិត្តធ្វើដំណើរ​កម្សាន្ត មាន​ឱកាសជោគជ័យ​ច្រើន៖

១. ចេះ​ធ្វើ​គម្រោងការ​​ដោយ​ខ្លួនឯង

មិន​ថា​កន្លែង​ដែល​​ត្រូវ​ទៅ ឬ​កន្លែង​​ស្នាក់នៅ​ទេ អ្នក​តែង​តែ​​​​មាន​ការ​គ្រោង​ទុក​ ដោយ​ខ្លួន​ឯង ទោះ​បី​ជា​គម្រោង​តូច​តាច​ក៏​ដោយ វា​អាច​ជា​មេរៀន​សម្រាប់​អ្នក​ក្នុង​ការ​សម្រេច​ផែនការ​ធំ​ទៅ​ថ្ងៃ​មុខ។

២. ព្រម​​ទទួល​​យក​អ្វី​ ដែល​មិន​បាន​ដូច​ការ​​រំពឹង​ទុក

លើ​លោក​នេះ​អ្វីៗ​ប្រែប្រួល​មិន​ទៀង​​ឡើយ សូម្បី​តែ​ផែនទី​ដែល​អ្នក​មើល ​វា​អាច​នឹង​ខុស​ក៏​ថា​បាន ហើយ​សណ្ឋាគារ​​ដែល​អ្នក​បាន​កក់​​នឹង​មិន​ដូច​​ការ​រំពឹង​ទុក​​ ឬ​អាកាសធាតុ​មិន​អំណោយ​ផល​ជាដើម។ ទាំង​​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​​អ្នក​ចេះ​​រៀន​ទទួល​យក​អ្វី​ដែល​​មិន​​បាន​គិត​ទុក​ដល់។

៣. ​ចេះ​ធ្វើ​​​ការ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង

អ្នក​អាច​បង្កើន​សមត្ថភាព ក្នុង​ការ​ជឿជាក់​លើ​ខ្លួន​ឯង​ទ្វេ​ដង ជា​ពិសេស​មនុស្ស​ដែល​​ចូល​ចិត្ត​ទៅ​ដើរ​លេង​ម្នាក់​ឯង ពេល​គ្មាន​គ្នាជជែក​ពិភាក្សា​ជាមួយ អ្នក​នឹង​បាន​ប្រើ​ប្រាស់ ការគិត​​ផ្ទាល់​ខ្លួន​ ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ផ្រេងៗ។

៤. ចេះ​រក​​វិធី​ការពារ​​ជីវិត​

កន្លែង​ខ្លះ​អ្នក​អាចជួប​ឧបសគ្គ​ច្រើន ជា​ពិសេស​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​​​ការ​ធ្វើ​ដំណើរ​​ផ្សង​ព្រេង។ គ្រោះថ្នាក់​ផ្សេងៗ​នឹង​អាច​កើត​មាន​គ្រប់​ពេល​ ប៉ុន្តែ​​អ្នក​នៅ​តែ​​អាច​រក​វិធី​ទប់ស្កាត់ និង​ការពារ​ជីវិត​​​ខ្លួន​បាន​យ៉ាង​ល្អ។

៥. រៀន​អ្វី​ថ្មីៗ

ទោះ​បី​​ជា​អ្នក​មិន​សូវ​មាន​​ភាព​ក្លាហាន​គ្រប់​គ្រាន់​ក៏​ដោយ អ្នក​នឹង​​គិត​ចង់​សាក​ល្បង​នូវ​​អ្វី​ដែល​មិន​ធ្លាប់​ធ្វើ​ពី​មុន​មក នោះ​​ភាព​ក្លាហាន​នឹង​កើន​ឡើង​មួយ​កម្រិត​ទៀត។

៦. មាន​គំនិត​សុទិដ្ឋិនិយម

​ពេល​ខ្លះ​អ្នក​តូច​ចិត្ត​​​នឹង​​​ខ្លូន​ឯង​ ស្រប​ពេល​ដែល​អ្នក​ដទៃ​ប៉ង​​ចង់​បាន​ជីវិត​ដូច​អ្នក​សព្វ​ថ្ងៃ​នេះ។ ដូច្នេះ​ហើយ​អ្នក​​អាច​ផ្លាស់​​ប្តូរ​​ពី​គំនិត​ទុទ្ទិដ្ឋិនិយម​ទៅ​ជា​សុទិដ្ឋិនិយម ពេល​ដែល​អ្នក​បាន​ឃើញ​អ្វី​​មួយ​ដោយ​ផ្ទាល់​ភ្នែក​​​។​

៧. មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់

ដោយសារ​តែ​នៅ​កន្លែង​​កម្សាន្ត​នានា​ មិន​​ដូច​​នៅ​ក្នុង​ផ្ទះ​អ្នក​​ធ្លាប់​រស់​នៅ​​រាល់​ថ្ងៃ​នោះ​ទេ ម្ល៉ោះ​ហើយ​បាន​ជា​ត្រូវ​ទាម​ទារ​​ នូវ​ការ​​​ប្រុង​ប្រយ័ត្ន​គ្រប់​បែប​យ៉ាង។

៨. ចេះ​រក​វិធី​ដោះ​ស្រាយ​ទាន់​ហេតុការណ៍

ជា​ការពិត​ណាស់ បញ្ហា​​តូច​ ឬ​​ធំ​ក្តីអាច​កើត​​មាន​ឡើង​ក្នុង​អំឡុង​ ពេល​ដំណើរ​​​កម្សាន្ត ដូច្នេះ​​ហើយ​បាន​ជា​អ្នក​ចាំបាច់​ត្រូវ រក​ដំណោះ​ស្រាយ​ឲ្យ​បាន​ទាន់​ពេល​វេលា។

​​​៩. ជម្នះ​ភាព​ភ័យខ្លាច

អ្នក​ខ្លះ​ខ្លាច​ទី​ខ្ពស់​មិន​ហ៊ាន​ឡើង​ទៅ​លើ​កំពូល​ភ្នំ​ទេ ឬ​ក៏​មិន​ហ៊ាន​ចូល​ទៅ​ក្នុង​ព្រៃ ព្រោះ​ខ្លាច​សត្វ​សាហាវ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ បើ​អ្នក​បាន​​ទៅ​ដល់​ចំណុច​មួយ ដែល​មាន​ភាព​ស្រស់ស្អាត ​ពុំ​ធ្លាប់​ជួប​​ពី​មុន​មក​ អ្នក​​នឹង​បញ្ចប់​នូវ​ភាព​ភ័យ​ខ្លាច​ទាំង​អស់​នោះ។

១០. បើក​ចិត្ត

បើក​ចិត្ត​ដើម្បី​ទទួល​​ចំណេះ​ដឹង​ថ្មីៗ នៅ​ជុំវិញ​ខ្លួន​ ជូប​មនុស្ស​ប្លែក​មុខ​​ ហើយ​និយាយ​ទៅ​កាន់​មនុស្ស​ដែល​មិន​ធ្លាប់​ស្គាល់​ពី​មុន​មក។

១១. ចេះ​​ចែក​រំលែក​គ្នា

ការ​ចែក​រំលែក និង​ជួយ​​យក​អសារ​អ្នក​ដទៃ នឹង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ល្អ ព្រោះ​បាន​សាង​អំពើ​ល្អ។

១២. បន្ធូរ​ភាព​តានតឹង​បាន​ច្រើន

ពេល​អ្នក​ធ្វើ​ការ​ច្រើន ភាព​តាន​តឹង​ក៏​ច្រើន​​ដូចគ្នា​ ដូច្នេះ​​ការ​ចេញ​ទៅ​ដើរ​លេង មិន​ត្រឹម​តែ​​បាន​ស្រូប​ខ្យល់​អាកាស​ល្អ​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​ជួយ​​ផ្តល់​ថាមពល និង​​ដាស់​​អារម្មណ៍​អ្នក​ ពេល​ត្រលប់​ទៅ​ធ្វើ​ការ​ងារ​វិញ៕

ចុចអាន៖

ប្រែ​សម្រួល៖ ដេត ឈុនអីុ