សេដ្ឋី ៤ រូប កើត​មក​ក្រ តស៊ូ​រហូត​សល់​ប្រាក់​ប្រាក់​ពាន់​លាន

  • 2018-06-11 03:05:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហាសេដ្ឋី​នៅ​ក្នុង​ពិភពលោក មិន​សុទ្ធ​សឹង​តែ​ចាប់​កំណើត​មក​ជាមួយ​ទ្រព្យសម្បត្តិ​មហាសាល​នោះ​ទេ ដោយ​ខ្លះ​ត្រូវ​ឆ្លង​កាត់​ជីវិត​កម្សត់កម្រ​អស់​រាប់​សិប​ឆ្នាំ ដោយ​ខិតខំ​តស៊ូ​រហូត​ក្លាយ​ជា​បុគ្គល​ល្បី​ឈ្មោះ​និង​ទទួល​ការ​ឲ្យ​តម្លៃ​ពី​មនុស្ស​រាល់​គ្នា។

១.ស្ថាបនិក WhatsApp លោក Jan Koum:

លោក Koum មាន​ដើម​កំណើត​ក្នុង​ទីក្រុង Kyiv ប្រទេស​អ៊ុយក្រែន។ ឈាន​ដល់​វ័យ ១៦ ឆ្នាំ លោក​សម្រេចចិត្ត​ធ្វើ​ចំណាក​ស្រុក​ជាមួយ​ម្តាយ​ទៅ​រស់​នៅ​ក្នុង​រដ្ឋ California សហរដ្ឋអាមេរិក។ តាម​រយៈ​ជំនួយ​របស់​រដ្ឋាភិបាល​ម្តាយ​និង​កូន​ដ៏​កម្សត់​នេះ មាន​ប្រាក់​សម​ល្មម​ក្នុង​ការ​ជួល​ផ្ទះ​ទុក​ស្នាក់អាស្រ័យ ហើយ​លោក​បាន​​ធ្វើ​ជា​អ្នក​បោសសម្អាត​នៅ​ហាង​លក់​តូច​មួយ​ក្នុង​ស្រុក។

ផ្អែក​តាម​សារព័ត៌មាន The Independent លោក Koum បាន​សិក្សា​ជាមួយ​​អ្នក​ជំនាញ​កុំព្យូទ័រ រហូត​ដល់​ឆ្នាំ ២០០៩ ស្ថាបនិក​រូប​នេះ​ក៏​បង្កើត​បាន​នូវ​កម្មវិធី​ផ្ញើ​សារ​រហ័ស​មួយ​ឲ្យ​ឈ្មោះ WhatsApp ហើយ​ត្រូវ​បាន​ទិញ​យក​ក្នុង​តម្លៃ ២២ ពាន់​លាន​ដុល្លារ ​ពី​ Facebook នៅ​ឆ្នាំ ២០១៤។

​​ បច្ចុប្បន្ន​លោក​មាន​ទ្រព្យសម្បត្តិ: ៩,២ ពាន់​លាន​ដុល្លារ

២.ស្ថាបនិក Oracle លោក Larry Ellison:

មាន​ដើម​កំណើត​ក្នុង​ទីក្រុង New York លោក Ellison កើត​មក​ក្រោម​ការ​មើលថែ​ដោយ​ម្តាយ មុន​ពេល​មីង​និង​ពូ​រស់​នៅ​ទីក្រុង Chicago សម្រេច​យក​ទៅ​ចិញ្ចឹម។ មិន​បាន​ប៉ុន្មាន​ម្តាយ​មីង​ក៏​ស្លាប់ ហើយ Ellison ត្រូវ​បោះបង់​ការ​សិក្សា​នៅ​មហាវិទ្យាល័យ រួច​ប្តូរ​ទៅ​រស់នៅ​ក្នុង​រដ្ឋ California ដើម្បី​ស្វែងរក​ការងារ​ធ្វើ​អស់​រយៈ​ពេល ៨ ឆ្នាំ។

រហូត​ទាល់​ឆ្នាំ ១៩៧៧ ទើប​បុរស​រូប​នេះ​អាច​បង្កើត​ក្រុមហ៊ុន​អភិវឌ្ឍ​កម្មវិធី (Software) ឲ្យ​ឈ្មោះ Oracle ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​លំដាប់​កំពូល​ក្នុង​លោក ខណៈ​បច្ចុប្បន្ន​លោក​មាន​តំណែង​ជា CTO។

បច្ចុប្បន្ន​មាន​ទ្រព្យសម្បត្តិ: ៥៨,៩ ពាន់​លាន​ដុល្លារ

៣.ស្ថាបនិក​ ArcelorMittal លោក Lakshmi Mittal:

អត្ថបទ​ចុះ​ផ្សាយ​ដោយ BBC នា​ឆ្នាំ ២០០៩ បាន​ឲ្យ​ដឹង​ថា​ ស្ថាបនិក​និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ដែកថែប ArcelorMittal បាន​កើត​ក្នុង​ឆ្នាំ ១៩៥០ ក្នុង​គ្រួសារ​ក្រ​ខ្សត់​មួយ​នៅ​រដ្ឋ Rajasthan ប្រទេស​ឥណ្ឌា។ ប៉ុន្តែ​ជីវិត​របស់​លោក​បាន​ផ្លាស់ប្តូរ​ក្នុង​រយៈ​ពេល​ជាង ២ ទសវត្សរ៍ ក្រោយ​ខំ​សិក្សា​លើ​ឧស្សាហកម្ម​ផលិត​ដែកថែប។

បច្ចុប្បន្ន​មាន​ទ្រព្យសម្បត្តិ: ១៨,៦ ពាន់​លាន​ដុល្លារ

៤.ស្ថាបនិក Cheung Kong Industries លោក Li Ka-shing:

លោក​ Ka-shing បាន​ភៀសខ្លួន​ពី​ចិន​ដី​គោក​ទៅ​ទីក្រុង​ហុងកុង​អំឡុង​ទសវត្សរ៍​ឆ្នាំ ១៩៤០ ក្រោយ​ពេល​ឪពុក​ស្លាប់។ ក្នុង​វ័យ ១៥ ឆ្នាំ លោក​ត្រូវ​ទទួល​បន្ទុក​ធ្ងន់ធ្ងរ​លើ​ក្រុម​គ្រួសារ រហូត​ត្រូវ​បង្ខំ​ចិត្ត​បោះបង់​ការ​សិក្សា។ ដល់​ឆ្នាំ ១៩៥០ ទើប​ Ka-shing អាច​សម្រេច​បើក​ក្រុមហ៊ុន​មួយ​ដោយ​ខ្លួន​ឯង ឲ្យ​ឈ្មោះ Cheung Kong Industries ដែល​ក្នុង​ដំណាក់កាល​ដំបូល​ផលិត​ប្លាស្ទិក មុន​វិវត្ត​ចូល​ទីផ្សារ​អចលនទ្រព្យ។

បច្ចុប្បន្ន​មាន​ទ្រព្យសម្បត្តិ: ៣៤ ពាន់​លាន​ដុល្លារ

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ កៅ រក្សា