ចាន់រាជ​ សង្ឃឹម​ខ្ពស់​ កាកា​ ឈ្នះ​ ព្រោះ Lerdsila ចាស់ហើយ កាន់តែស៊ីប​បង្ហាត់​គេប៉ុណ្ណោះ

  • 2018-06-11 02:32:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ហ៊ុន​ ចាន់រាជ​ សង្ឃឹម​ខ្ពស់​ថា​កីឡាករ​វ័យ​ក្មេង​ កាកា​ នឹង​ធ្វើ​បាន​ល្អ​ មាន​ភាគរយ​ឈ្នះ​ច្រើន​ នា​ជំនួប​មិត្តភាព​អន្តរជាតិ​ជាមួយ​អ្នក​ប្រដាល់​ថៃ​ នា​ថ្ងៃ​ទី២៣​ ខែ​មិថុនា​ ឆ្នាំ​២០១៨​ នៅ​ឯ​ទី​ក្រុង​ម៉ាកាវ​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ។​

កីឡាករ សុខ​ ធី

លោក​ ហ៊ុន​ ចាន់រាជ​ បាន​ឲ្យ​ដឹង​ថា​ ដៃគូ​របស់​ សុខ​ ធី​ ជា​អតីត​ជើង​ខ្លាំង​លំដាប់​ប្រទេស​ថៃ​ផង​ដែរ​ ដែល​មាន​ប្រវត្តិ​ប្រកួត​ច្រើន​ និង​ជា​កីឡាករ​ធ្លាប់​មាន​កេរ្តិ៍ឈ្មោះ​ម្នាក់​ ប៉ុន្តែ​ឥលូវ​នេះ​ Lerdsila​ គេ​ក៏​ចាស់​ណាស់​ហើយ។​ ដូច្នេះ​បើ​មើល​តាម​វីដេអូ​ប្រកួត​នោះ​ គឺ​គេ​ល្អ​ខ្លាំង​ពី​មុន​មក​ ពេល​វ៉ៃ​ចូលចិត្ត​លេង​ច្រើន​ និង​រហ័ស​ តែ​ឥលូវ​ចាស់​ហើយ​ និង​ភាគ​ច្រើន​កាន់​ស៊ីប​ឲ្យ​គេ​ប៉ុណ្ណោះ។​

លោក​គ្រូ ហ៊ុន​ ចាន់រាជ និង​ រិន​ សារ័ត្ន​

គ្រូ​នៅ​ក្លឹប​ Cambodian Tom Team​ រូប​នេះ​បន្ថែម​ថា​ ចំណុច​ពិសេស​ៗ​ ដែល​លោក​ទុក​ចិត្ត​លើ​ កាកា​ រួម​មាន​ ភាព​រឹងមាំ​ កណ្ដាប់ដៃ​ធ្ងន់​ៗ​ ហើយ​រហ័ស​ កម្លាំង​ នៅ​ក្មេង​ និង​ជា​កីឡាករ​ដែល​កំពុង​ឡើង​កូដ​ខ្លាំង​នា​ពេល​បច្ចុប្បន្ន។​ ម្យ៉ាង​ទៀត​នោះ​ ម្ចាស់​ខ្សែក្រវាត់​គូបូតា​ របស់​កម្ពុជា​ខាង​លើ​នេះ​ វ៉ៃ​ស្ដាយ​ដូច​ថៃ​ ស្រប​ពេល​ដែល​គេ​ដាក់​ពិន្ទុ​របៀប​ថៃ​ទៀត​នោះ​ ដូច្នេះ​គឺ​ដឹង​ច្បាស់​ថា​ត្រូវ​វ៉ៃ​យ៉ាង​ណា។​

គ្រូ​ប្រដាល់​ខ្មែរ​អាមេរិក​បន្ត​ថា​ តាម​រយៈ​វ័យ​ច្រើន​ណាស់​ហើយ​ រួម​ផ្សំ​ និង​មិន​សូវ​ឡើង​ប្រកួត​ផង​នោះ​ លោក​នៅ​តែ​សង្ឃឹម​លើ​ សុខ​ ធី​ ណា​មួយ​គិត​ភាព​រឹងមាំ​របស់​គេ​ មិន​ងាយ​កីឡាករ​ណា​ផ្ដួល​បាន​ងាយ​ៗ​ ឡើយ។​

កីឡាករ សុខ​ ធី​(ខៀវ)

សុខ​ ធី​ ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុជា​ គេ​ជា​ម្ចាស់​ខ្សែក្រវាត់​របស់​សង្វៀន​បាយ័ន​ទម្ងន់​ ៥៧​គីឡូក្រាម​ និង​ជា​ម្ចាស់​មេដាយ​មាស​កីឡា​ជាតិ​លើក​ទី២​ នា​ពេល​ថ្មីៗ​នេះ​ផង​ដែរ។​ នៅ​ថ្ងៃ​ទី១៩​ ខែ​មិថុនា​ ២០១៨​ អ្នក​លេង​គុន​ខ្មែរ​រូប​នេះ​ នឹង​ចេញ​ដំណើរ​ជា​មួយ​លោក​គ្រូ​ ហ៊ុន​ ចាន់រាជ​ ក្លឹប​ប្រដាល់​ Cambodian Tom Team​ ដើម្បី​ប្រកួត​មិត្តភាព​ជា​មួយ​កីឡាករ​ Lerdsila​ ​ ខណៈ​ រិន​ សារ័ត្ន​ ប៉ះ​ Mario Satya Wirawan​ នៅ​ប្រទេស​ចិន៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម