Neymar ទប់​ទឹក​ភ្នែក​មិន​ជាប់​ពេល​ដើរ​ចូល​ក្នុង​ផ្ទះ​ដែល​មាន​ការរៀបចំ​ដូច​ផ្ទះ​ចាស់​ខ្លួន

  • 2018-06-11 13:43:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Neymar បាន​ស្រក់​ទឹកភ្នែក​ពេល​ដើរ​ចូល​ផ្ទះ​ដែល​ត្រូវ​បាន​រៀបចំ​ឲ្យ​លក្ខណៈ​ដូច​ទៅ​នឹង​ផ្ទះ​ដែល​កីឡាករ​រស់​នៅ​កាល​ពី​នៅ​វ័យ​ក្មេង​នៅ San Vicente ទីក្រុង Sao Paolo ប្រទេស​ប្រេស៊ីល។

ប្រភព៖ The Sun

ក្នុង​កម្មវិធី​ទូរទស្សន៍​ប្រេស៊ីល​ឈ្មោះ Caldeirao do Huck កីឡាករ​ Neymar ត្រូវ​បាន​រៀប​ចំ​ឲ្យ​ដើរ​ចូល​ទៅ​ក្នុង​ផ្ទះ​មួយ​ដែល​ត្រូវ​បាន​កែច្នៃ​ឲ្យ​មាន​សណ្ឋាន​ដូច​បេះបិទ​ទៅ​នឹង​ផ្ទះ​ដែល ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​ធ្លាប់​រស់​នៅ​កាល​ពី​នៅក្មេង។

ក្នុង​វីដេអូ​បង្ហោះ​ដោយ​សារព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា គ្រាន់​តែ​បើក​ទ្វារ​ចូល​បន្ទប់​ដែល​មាន​សណ្ឋាន​ដូច​បន្ទប់​ខ្លួន​ធ្លាប់​រស់​នៅ ខ្សែ​ប្រយុទ្ធ Neymar ត្រូវ​បាន​ប្រទះ​ឃើញ​ថា​​បាន​សម្រក់​ទឹកភ្នែក និង​ព្យាយាម​យក​ដៃ​ជូត។ បន្ទាប់​មក កីឡាករ​បាន​ដើរ​ជុំវិញ​បន្ទប់ សម្លឹង​មើល​របស់របរ​នៅ​ទី​នោះ ខណៈ​ទឹក​ភ្នែក​នៅ​តែ​បន្ត​ហូរ​ស្រក់។ ក្រោយ​មក ក្រុម​គ្រួសារ​កីឡាករ​រួម​មាន ម្ដាយ ឪពុក និង​ប្អូន​ស្រី បាន​ដើរ​ចូល​មក​ជិត​កីឡាករ។ ម្ដាយ​របស់ Neymar គឺ លោក​ស្រី Nadine បាន​ចូល​ទៅ​ឱប​កូន​ប្រុស​ដែល​កំពុង​ស្រក់​ទឹកភ្នែក​មិន​ទាន់​ឈប់។

ប្រភព៖ The Sun

វីដេអូ​ស្ថិត​ជា​ផ្នែក​មួយ​ក្នុង​កម្មវិធី​ទូរទស្សន៍​ខាង​លើ ហើយ​ត្រូវ​បាន​ចាក់​ផ្សាយ​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ។ យ៉ាង​នេះ​ក្ដី វីដេអូ​ត្រូវ​បាន​ថត​ទាំង​ពី​កីឡាករ​មិន​ទាន់​ជា​ពី​របួស​ម្ល៉េះ។

កាល​ពី​ថ្ងៃ​សៅរ៍ កីឡាករ Neymar បាន​បង្ហោះ​សារ Instagram សម្ដែង​ការ​អរគុណ​ដល់​ពិធី​ករ​កម្មវិធី លោក Luciano Huck និង​ក្រុម​ការងារ​ដែល​បាន​រៀប​ចំ​កម្មវិធី​នេះ​ឡើង។ ខ្សែ​ប្រយុទ្ធ​បាន​ហៅ​ការ​រៀប​ចំ​ទាំង​នេះ គឺ​ជា "ការ​រំលឹក​ការ​ចងចាំ​ដ៏​អស្ចារ្យ​សម្រាប់​ខ្លួន"។

សូម​បញ្ជាក់​ផង​ដែរ​ថា Neymar បាន​ចាប់​អាជីព​បាល់ទាត់​ផ្លូវ​ការ​នៅ​ក្លឹប​ប្រេស៊ីល Santos មុន​ចាក​ចេញ​មក​ក្លឹប Barcelona នៅ​ឆ្នាំ​ ២០១៣។ គឺ​នៅ​ក្លឹប​អេស្ប៉ាញ​នេះ​ហើយ ដែល​ខ្សែ​ប្រយុទ្ធ​បាន​អភិវឌ្ឍ​ខ្លួន​រហូត​ស្ថិត​ក្នុង​ចំណោម​កីឡាករ​ល្អ​បំផុត​លើ​លោក។

នៅ​ខែ​សីហា ឆ្នាំ ២០១៧ ក្លឹប​ PSG បាន​បំបែក​កំណត់​ត្រា​ ក្នុង​ការ​នាំ​ចូល​ Neymar ពី​ក្លឹប​អ្នក​មាន​បុណ្យ ក្នុង​តម្លៃ​ផ្ទេរ ២២២ លាន​អឺរ៉ូ។ នៅក្លឹបយក្សបារាំង ខ្សែ​ប្រយុទ្ធ​ត្រូវ​បាន​រាយការណ៍​ថា​មាន​ប្រាក់​នឿយហត់​ជាង ៨០ ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ក្នុង​មួយ​សប្ដាហ៍ (មិន​រាប់​បញ្ចូល​ប្រាក់​ដែល​រក​បាន​ក្រៅ​ផ្សេង​ទៀត)៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហ៊ីម រស្មី