ចុង​ក្រោយ សុខ រឹទ្ធ ​ត្រូវ តែម ម៉ឺន ​កាត់​ក្ដី​ឱ្យ​ឈ្នះ​មេដាយ​មាស​​វិញ​ហើយ

  • 2018-06-12 08:05:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្តម តែម ម៉ឺន ប្រធានសហព័ន្ធកីឡា​ប្រដាល់​​បាន​សម្រេច​​ឲ្យ សុខ រឹទ្ធ ​ជា​ម្ចាស់​មេដាយ​មាស​កីឡា​ជាតិ​លើ​ទី​២​វិញ ​បន្ទាប់​ពី​ធ្វើ​ការ​ពិនិត្យ​ម្ដង​ទៀត​ចំពោះ​​ការ​ប្រកួត​ជាមួយ ហឹម សេរី។

ការ​ពិនិត្យ​ម្ដង​ទៀត​នេះ ​ឃើញ​ថា​ក្នុង​ទឹក​១​និង​២ ​បង្គោល​ខៀវ ហឹម សេរី ​មាន​អាទិភាព​ និង​ធ្វើ​សកម្មភាព​ច្រើន​ជាង​បង្គោល​ក្រហម ​សុខ រឹទ្ធ។ យ៉ាងណាមិញ​នៅ​ទឹក​ ៣ ៤ ​និង​ទឹក​៥ ​វិញ ​បង្គោល​ក្រហម​សុខ រឹទ្ធ ​ជា​អ្នក​ធ្វើ​បាន​ល្អ ​និង​វាយ​ចំ​គោលដៅ​ច្រើន​ជាង ការពារ​ល្អ​ជាង។

ដូច្នេះ​សរុប​ជា​រួម​មក ​អង្គ​ប្រជុំ​បាន​សម្រេច​ឱ្យ​បង្គោល​ក្រហម សុខ រឹទ្ធ ​ជា​អ្នក​ឈ្នះ​ពិន្ទុ​លើ​កីឡាករ​បង្គោល​ខៀវ ហឹម សេរី​ ​ដោយ​ពិន្ទុ ​ក្លាយ​ជា​ម្ចាស់​មេដាយ​មាស​កីឡា​ជាតិ​លើក​ទី​២។

សូម​បញ្ជាក់​ថា ការ​ប្រកួត​យក​មេដាយ​មាស​រវាង​អ្នក​ទាំង​ពីរ​នេះ ​បាន​ធ្វើ​ឱ្យ​មតិ​ជា​ច្រើន​មិន​អស់​ចិត្ត ត្បិត​​ពួកគេ​មើល​ឃើញ​ថា សុខ រឹទ្ធ ​ជា​អ្នក​គួរ​ឈ្នះ ប៉ុន្តែ​ចុងក្រោយ​បែរ​ជា​ចាញ់​ទៅ​វិញ​នា​គ្រា​នោះ។ ខណៈ​ឪពុក សុខ រឹទ្ធ ផ្ទាល់ក៏​មិន​ពេញ​ចិត្ត ​ហើយ​បាន​និយាយ​ធ្ងន់​ៗ​ចំពោះ​ការ​សម្រេច​របស់​អាជ្ញាកណ្ដាល​ថែម​ទៀត។ យ៉ាងណាមិញ ដោយសារ​តែ​មាន​ការ​មិន​ពេញ​ចិត្ត​ច្រើន​ពេក ទើប​បណ្ដាល​ឱ្យ​ឯកឧត្តម តែម ម៉ឺន ប្រធានសហព័ន្ធកីឡា​ប្រដាល់​​ ចេញមុខ និង​ធ្វើ​ការ​ត្រួតពិនិត្យ​ឡើង​វិញ។ ជា​លទ្ធផល ដូច​បាន​បញ្ជាក់​ខាង​លើ​ស្រាប់៕

អត្ថបទ៖ មុន្នីរម្យ