ទម្លាយ​រឿង​សម្ងាត់​ ពីក្រោយការលើក​ស្លាក​យីហោទូរសព្ទ​តាមហាង​

  • 2018-06-13 03:22:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​អ្នកជិះ​កាត់​ម្ដុំគិរីរម្យ ផ្សារ​ដេប៉ូ ផ្លូវ​កម្ពុជា​ក្រោម ឬ​តំបន់​ប្រជុំ​ជន​នានា​ប្រាកដជា​ឃើញ​​​មុខ​ហាង​ទូរសព្ទ​​ មាន​យីហោ​ទូរសព្ទ​​ផ្សេងៗ​។ ជា​ចម្ងល់​ពី​មហាជន​ តើ​ម្ចាស់ហាង​​ទទួល​បាន​ប្រយោជន៍​អីខ្លះ ក្នុងការ​លើក​ស្លាកយីហោ​ម៉ាក​ទូរសព្ទ​​ទាំង​នោះ។

អាជីវករ​លក់​ទូរសព្ទ​មួយ​ចំនួន​បាន​ទម្លាយ​ប្រាប់​ Sabay ថា​ មុន​ពេល​ឈាន​ដល់ការ​ព្រម​លើក​​ស្លាក​​ម៉ាក​ទូរសព្ទ​ក្រុមហ៊ុន​ណាមួយ​ ក្រុម​ហ៊ុន​​បានមក​ចរចា​​ជាមួយ​ម្ចាស់​ហាង​។

ការ​ចរចាមានលក្ខខណ្ឌ​ខុសៗ​គ្នា​។ ក្រុមហ៊ុននឹង​ព្រម​ជួយ​តុបតែង​​​ហាង​ឲ្យ​​ រួម​ទាំង​ឈ្មោះ​យី​ហោ​ពីមុខ​ហាង​ និង​​ទូតាំង​ទូរសព្ទ។ ហាង​នឹង​ទទួលបាន​ផលិតផលទូរសព្ទ​ក្រុមហ៊ុនបាន​មុនគេ​ សម្រាប់លក់​ដល់អតិថិជន។ ចំណែក​ម្ចាស់​ហាង​​មួយ​ចំនួន​ អាច​ទទួល​បាន​កម្រៃ​ខ្លះៗ​ផ្តល់​​​ដោយ​ក្រុមហ៊ុន។ នេះអាស្រ័យ​តាម​ការចរចា និង​ហាង​​ដែល​មានសក្តានុពល។

ចំណែកការ​បង់ពន្ធ​លើការ​លើក​ស្លា​កយីហោ ហាង​ខ្លះ​ក្រុមហ៊ុន​ជា​​អ្នក​រ៉ាប់រ៉ង​បង់​ជំនួស​។

ទោះ​បី​ជា​ម្ចាស់​ហាង​ទទួល​បានប្រយោជន៍​ពី​ក្រុម​ហ៊ុន​ច្រើន​ក៏​ដោយ​ តែ​ក៏​ត្រូវ​​ទទួល​កុម្ម៉ង់​ផលិតផល​របស់​ក្រុម​ហ៊ុន​​វិញ​ដែរ និង​ត្រូវ​ជួយ​ផ្សព្វ​ផ្សាយ​ដល់អ្នកប្រើប្រាស់​។ នៅ​ពេល​​​ហាង​ជួយ​លក់​​ដាច់​ច្រើន ក្រុមហ៊ុនអាច​ផ្តល់ប្រាក់​រង្វាន់​និងការ​លើក​ទឹកចិត្ត​ដទៃ​ទៀត។

ក្រោយ​ពេល​ចប់​កុង​ត្រា​​​ដែលភាគច្រើន​មាន​រយៈ​ពេល​ពីរ​ឆ្នាំ ម្ចាស់​ហាង​អាច​បន្ត​​កុងត្រា​ ឬ​ចង់​ប្ដូរ​សហការ​ជាមួយ​ក្រុម​ហ៊ុន​ផ្សេង​ក៏បាន។

ការ​សហការ​រវាង​ក្រុមហ៊ុននិង​ម្ចាស់ហាង អាច​ផ្តល់​​ទំនុក​ចិត្ត​​ដល់អ្នកគាំទ្រ​​នៅ​ពេញ​រក​ទិញ​​ម៉ាក​ទូរសព្ទ​​​ដែល​ខ្លួនពេញចិត្ត នៅ​ពេល​ឃើញ​ឡូហ្គោ​​ហាង​ដែលមាន​ការ​ទទួល​ស្គាល់ពី​ក្រុមហ៊ុនទាំង​នោះ៕​​​

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

ចុចអានបន្ត៖

អត្ថបទ៖ ម៉េងងី