បង្ហាញរូបរាង និងប្រវត្តិធនាគារជាតិតាំងពីសម័យសម្ដេចតា ព្រមទាំងអនាគតដ៏អស្ចារ្យ

  • 2018-06-13 02:05:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆាប់​ៗ​ខាង​មុខ​ធនាគារ​ជាតិ​នៃ​កម្ពុជា នឹង​ធ្វើ​ការ​ប្ដូរ​រូបរាង​ថ្មី ឲ្យ​ស្រប​ទៅ​ការ​រីកចម្រើន​របស់​ប្រទេស​ជាតិ និង​ស្រប​តាម​ភាព​ជឿនលឿន​នៃ​បច្ចេកវិទ្យា។ ថ្ងៃ​នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ត្រឡប់​ទៅ​កាន់​អតីតកាល​បន្តិច ថា​តើ​ធនាគារ​ជាតិ​មាន​ការ​វិវត្តិ​បែប​ណា​ខ្លះ? តាម​គេហទំទ័រ​ផ្លូវ​ការ​របស់​ធនាគារជាតិ បាន​ឲ្យ​ដឹង​ថា ធនាគារជាតិនៃកម្ពុជាមានប្រវត្តិយូរអង្វែង ដែលអាច បែងចែកជាបួនដំណាក់កាលដូចខាងក្រោម៖

១. ធនាគារ​ជាតិ​កម្ពុជា​ក្នុង​ឆ្នាំ​១៩៥៤ ដល់​ឆ្នាំ​១៩៦៤

ប្រទេសកម្ពុជាបានទទួលបានឯករាជ្យពីអាណានិគមនិយមបារាំងក្នុងឆ្នាំ១៩៥៤ ហើយ​ធនាគារជាតិ​នៃ​កម្ពុជា​ក៏ត្រូវបានបង្កើតឡើង ។ ធនាគារជាតិ​នៃកម្ពុជា​ទទួល​ភារៈ​ផ្ដាច់​មុខ​ជា​អ្នក​បោះពុម្ព​ប្រាក់​រៀល ដែលជារូបិយវត្ថុជាតិ និងគ្រប់គ្រងប្រព័ន្ធធនាគារនៅកម្ពុជា។  

២. ឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩

ធនាគារជាតិនៃកម្ពុជាត្រូវបានបិទដោយសាររបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) ។ អគារស្នាក់ការត្រូវបានកម្ទេច រូបិយវត្ថុជាតិត្រូវបានឈប់ប្រើប្រាស់ ហើយប្រព័ន្ធធនាគារត្រូវបានលុបបំបាត់ចោលទាំងស្រុង ។

៣. ឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៣

ធនាគារជាតិនៃកម្ពុជាត្រូវបានកសាងឡើងវិញពីចំណុចសូន្យ ។ ទន្ទឹមនេះ រូបិយវត្ថុ​ជាតិ​ក៏​ត្រូវ​បាន​បោះផ្សាយ​ឡើងវិញ។ កម្ពុជាបានប្តូរពីសេដ្ឋកិច្ចផែនការទៅជាសេដ្ឋកិច្ចទីផ្សារសេរី ។

រូបភាព៖ ថតក្នុងឆ្នាំ១៩៩០ (ប្រភព៖ ធនាគារជាតិនៃកម្ពុជា)

៤. ឆ្នាំ១៩៩៣ ដល់បច្ចុប្បន្ន

ប្រព័ន្ធធនាគារត្រូវបានពង្រឹងនិងធ្វើទំនើបភាវូបនីយកម្មជាលំដាប់ ហើយ​កម្ពុជា​បាន​ក្លាយ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដែលមានកំណើនសេដ្ឋកិច្ចខ្លាំងជាងគេនៅលើពិភពលោក ។

រូបថតក្នុងឆ្នាំ២០០៣ (ប្រភព៖ ធនាគារជាតិនៃកម្ពុជា)
រូបរាងបច្ចុប្បន្ន (ប្រភព៖ ធនាគាជាតិនៃកម្ពុជា

៥. ប្លង់​ធនាគារ​ជាតិ​ថ្មី​សាងសង់​លើ​ទី​តាំង​ចាស់​យក​រចនាបថ​តាម​ប្រាសាទ​ភ្នំ

កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ម្សិលមិញនេះ ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​បញ្ចេញរូបរាង​អគារ​ថ្មី​របស់​ខ្លួន ដែល​គ្រោង​នឹង​សាង​សង់​ក្នុង​ពេល​ឆាប់​ៗ​នេះ​នៅ​លើ​ទីតាំង​បច្ចុប្បន្ន ខណៈ​ការិយាល័យ​ធ្វើការ បាន​ផ្លាស់​ប្ដូរ​ទៅ​ទីតាំង​បណ្ដោះ​អាសន្ន​នៅ​តាម​ផ្លូវ​ហាណូយ សង្កាត់​ភ្នំពេញ​ថ្មី​។

ធនាគារ​ជាតិ​នៃ​កម្ពុជា​ បាន​បញ្ជាក់​ថា "អាគារ​ស្នាក់​ការ​ថ្មី​នេះ ត្រូវ​បាន​រចនា​ឡើង តាម​លំនាំ​ប្រាសាទ​ភ្នំ ដែល​បង្ហាញ​ពី​វប្បធម៌​ខ្មែរ​យើង ហើយ​បង្ហាញ​ពី​ភាព​រឹង​មាំ ទំនើប និង​ការ​រីក​ចម្រើន​វិស័យ​ធនាគារ នា​ពេល​បច្ចុប្បន្ន"។

ជុំវិញ​ផែន​ការ​សាងសង់​អគារ​ថ្មី​នេះ ធនាគារ​ជាតិ​នៃ​កម្ពុជា មិន​បាន​ឲ្យ​ដឹង​ថា កញ្ចប់​ថវិកា​ប៉ុន្មាន​នឹង​ត្រូវ​ចំណាយ​លើ​ការ​សាងសង់ ក្រៅ​ពីនេះ ​ការ​សាងសង់​ចំណាយ​ពេល​ប៉ុន្មាន ឬ​បញ្ចប់​នៅ​ពេល​ណា ក៏​ទេ​ដែរ៕

អត្ថបទ៖ វឌ្ឍនៈ