ទូរសព្ទ​អេក្រង់​លាត​ពេញ​ផ្ទៃ អាច​ពន្លូត​កាមេរ៉ា​ Selfie ពី​​តួ​ខ្លួន ចេញ​ជា​ផ្លូវ​ការ​ហើយ

  • 2018-06-13 02:28:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 6

ចន្លោះមិនឃើញ

ទី​បំផុត​ទៅ​ស្មាតហ្វូន​ដំបូង​គេ​មាន​អេក្រង់​លាត​ពេញ​ផ្ទៃ​ គ្មាន​ក្បាល​ឆក​ និង​មាន​កាមេរ៉ា​ Selfie ដែល​បង្កប់​ក្នុង​តួ​ខ្លួន​ បាន​បង្ហាញ​មុខ​ជា​ផ្លូវ​ការ​កាល​ពី​យប់​មិញ​នេះ ដោយ​ជា​ម៉ូដែល​ NEX របស់​ក្រុមហ៊ុន​ចិន​ Vivo។

Vivo NEX មាន​​ផ្នែក​ខាង​មុខ​គ្រប​ដណ្ដប់​ដោយ​ផ្ទៃ​អេក្រង់​ចំនួន​ ៩១,២៤% ជា​ប្រភេទ​អេក្រង់​ Ultra FullView មាន​ទំហំ​ ៦,៥៩ អ៊ីញ​ Super AMOLED កម្រិត​ FHD+។

Vivo អាច​ផលិត​ស្មាតហ្វូន​អេក្រង់​លាត​នេះ​បាន​ដោយ​បង្កប់​កាមេរ៉ា​ Selfie ចូល​ក្នុង​តួ​ខ្លួន​ទូរសព្ទ ដែល​មាន​សមត្ថភាព​អាច​លៀន​ចេញ​នៅ​ពេល​ដែល​ត្រូវ​ការ​វា។ កាមេរ៉ា​ Selfie នេះ​មាន​កម្រិត ៨ MP និង​មាន​ Aperture f/2.0។

ចំណែក​​រន្ធ​ស្ដាប់​សំឡេង​ពេល​​និយាយ​ទូរសព្ទ​ ត្រូវ​ជំនួស​ដោយ​បច្ចេកវិទ្យា​ឈ្មោះ​ Screen SoundCasting Technology ដែល​អាច​បញ្ចេញ​សំឡេង​តាម​រយៈ​អេក្រង់​​របស់​ Vivo NEX នេះ​ផ្ទាល់។ បន្ថែម​ពី​នេះ​ទ្រនាប់​ស្កេន​ម្រាម​ដៃ​ត្រូវ​បាន​បង្កប់​លើ​ផ្ទៃ​អេក្រង់​ទៀត​ផង។

NEX គឺ​ជា​ស្មាតហ្វូន​ប្រភេទ Flagship ដែល​មាន​បំពាក់​នូវ​បន្ទះ​ឈីប​ Snapdragon 845, RAM ទំហំ​ ៨ GB និង​មាន​​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ​​ ១២៨/២៥៦ GB រួម​ទាំង​ថ្ម​ទំហំ​ ៤០០០ mAh។

កាមេរ៉ា​ខាង​ក្រោយ​ជា​ប្រព័ន្ធ​កាមេរ៉ា​ភ្លោះ កើត​ចេញ​ពី​កាមេរ៉ា​មេ​មាន​កម្រិត​ ១២ MP ជា​មួយ Aperture f/1.8 និង​កាមេរ៉ា​ទីពីរ​សម្រាប់​វាស់​ជម្រៅ​រូបភាព​មាន​កម្រិត​ ៥ MP និង Aperture f/2.4។ កាមេរ៉ា​នេះ​មាន​បញ្ចូល​នូវ​​បច្ចេកវិទ្យា​ AI វៃ​ឆ្លាត​ជា​ច្រើន​ ធ្វើ​ឲ្យ​រូបភាព​មាន​គុណភាព​កាន់​តែ​ល្អ។

Vivo NEX នឹង​មាន​លក់​ផ្ដាច់​មុខ​នៅ​ប្រទេស​ចិន​ នៅ​ថ្ងៃ​ទី​ ២៣ ខែ​មិថុនា ដោយ​មាន​តម្លៃ​ប្រមាណ​ ៧០២ ដុល្លារ ទៅ ៧៨០ ដុល្លារ ទៅ​តាម​ទំហំ​អង្គ​ផ្ទុក​ទិន្នន័យ៕​​​​​​


ប្រភព៖ PhoneArena | GSMarena   ប្រែ​សម្រួល៖ សុខហេង