អ្នកនាំពាក្យក្រសួង៖ ផ្លូវ ១គីឡូម៉ែត្រ ចំណាយ ១លានដុល្លារ គឺត្រូវស្តង់ដារពិភពលោក

  • 2018-06-13 09:27:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 59

ចន្លោះមិនឃើញ

​គម្រោង​សាង​សង់​ឡើង​វិញ​កំណាត់​ផ្លូវ​ជាតិ​លេខ៦ ​ដែល​មាន​ប្រវែង​សរុប ២៤៨,៥៣ គីឡូម៉ែត្រ​ ចាប់​ពី​ថ្នល់​កែង ​​ខេត្ដ​កំពង់​ចាម​ ដល់​អង្រ្គង​ ខេត្ត​សៀមរាប​ ​ចំណាយ​ថវិកា​រហូត​ដល់ ​២៥០ ​លាន​ដុល្លារ​ទើប​តែ​​សម្ពោធ​ក្ដៅ​ៗ ​ត្រូវ​បាន​ប្រជា​ពលរដ្ឋ​ខ្លះ​លើ​បណ្ដាញ​សង្គម​​​ពោលពាក្យថា ​ចំណាយ​អស់ថ្លៃ​ខ្ពស់​ និង​បារម្ភ​ពី​គុណភាព​ផ្លូវ​មិនល្អ។

ឆ្លើយ​តប​នឹង​ការ​បារម្ភ​ពី​សំណាក់​ប្រជាជន ​លោក​ វ៉ា ស៊ឹមសូរិយា ​អ្នកនាំ​ពាក្យ​នៃ​ក្រសួង​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន បាន​ប្រាប់​ Sabay ​ថា៖ «យើង​អាច​សុំ​កែ​បន្តិច​ដែរ​ តាម​ពិត​មិន​ដល់​ ២៥០លានដុល្លារ គឺ​ត្រឹម ២១៥លានដុល្លារ។ ប៉ុន្តែ​ផ្លូវ​ ១គីឡូម៉ែត្រ ចំណាយ​ ១លាន​ដុល្លារ វា​ទូ​ទៅ​ហើយ​ ​មិន​ជា​ថ្លៃ​​ទេ ​គឺ​យើង​ធ្វើ​​ស្រប​តាម​​ស្តង់ដារ​ប្រហាក់​ប្រហែល​គ្នា​នៅ​ទូទាំង​ពិភពលោក»​។

ឯលក្ខណៈពិសេសវិញ លោក​បន្ត​ថា៖ ​«តាម​គម្រោង ​យើង​ចង់​ធ្វើ​កម្រាស់​ផ្លូវ​តែ​ ៧​សង់ទីម៉ែត្រ​ទេ តែ​​ឡើង​ដល់ ​១តឹក គឺ១០ ​សង់ទីម៉ែត្រ​...ហើយផ្លូវ​យើង​ចាក់​ឡើង​ក្រាស់​ ឡើង​រលោង ​បើ​យើង​ជិះ​ទៅ​សឹង​តែ​ថា អត់​ដឹង​ឡាន​បើក​ទៅ​មុខ​ផង​ »។​

​កំណាត់​ផ្លូវជាតិ​លេខ៦​នេះ​​ ជា​ស្ដង់​ដារ​កម្រិត​ទី៣ ​របស់​ប្រទេស​ចិន។ ​ ក្រសួង និង​ក្រុម​ជំនាញ​សាងសង់​​បាន​សិក្សា​គម្រោង​នេះ ​និង​បាន​​សម្រេច​យក​ប្រភេទ​ផ្លូវ​ចាក់​បេតុង​កៅស៊ូ​ បើ​ទោះ​ជប៉ុន​ធ្វើក៏ដោយ​ ក៏​​ចំណាយ​ប៉ុណ្ណឹង​ដែរ​។ ដោយឡែក​ បើ​ងាក​មក​គម្រោង Express Way វិញ​ វា​តម្លៃ​ដល់​ទៅ​ ១០លានដុល្លារ ក្នុង ​១គីឡូម៉ែត្រ​ឯណោះ។ អ្នក​នាំ​ពាក្យ​បន្ថែម​។

​​ផ្លូវ​នេះ ​បែងចែក​ជា​២​កំណាត់​៖​កំណាត់​ទី​១ ចាប់ពី ថ្នល់កែង​-​ស្គន់​ក្នុង​ខេត្ត​កំពង់ចាម​ប្រវែង​២៨,៧២​គីឡូម៉ែត្រ ត្រូវ​បាន​សាងសង់​ពង្រីក​ទៅ​៤​គន្លង​។ ​កំណាត់​ទី​២. ​ចាប់ពី​ស្គន់​-​អង្គ្រង​(​ផ្លូវ​២​គន្លង​)​ប្រវែង​សរុប ២១៩,៨​គីឡូម៉ែត្រ ត្រូវ​បាន​ពង្រីក​ទទឹង​ផ្លូវ​ដល់​១២​ម៉ែត្រ ។ ​ក្នុង​នោះ​ពី​ស្គន់​ទៅ​ស្ទឹងសែន​ខេត្ត​កំពង់​ធំ​ប្រវែង ១០២,៩​គីឡូម៉ែត្រ និង​ចាប់ពី​ស្ទឹងសែន​ទៅ​អង្គ្រង ខេត្ត​សៀមរាប​ប្រវែង ១១៦,៩​គីឡូម៉ែត្រ​។​

គួរ​រំលឹក​ថា​ គម្រោង​ផ្លូវ​សង់​ឡើងវិញ​នេះ​ ជា​ហិរញ្ញប្បទាន​សម្បទាន​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ រួម​ជាមួយ​ថវិកា​បដិភាគ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ និង​អនុវត្ដការ​សាងសង់​ដោយ​ក្រុមហ៊ុន​សំណង់ ​សៀងហៃគ្រុប ខូអិលធីឌី (Shanghai Construction Group Co., Ltd.) និង​ត្រួតពិនិត្យ​បច្ចេកទេស​ សាងសង់​ដោយ​ក្រុមហ៊ុន​ ទី​ប្រឹក្សា​បច្ចេកទេស​សំណង់ក្វាង​ចូវ​វ៉ានអាន (Guangzhou Wanan Construction Supervision Co., Ltd) ដោយ​ប្រើរយៈ​ពេល​សាងសង់​ចំនួន ​៥០ខែ​ ចាប់​ផ្តើម​ពីខែឧសភា ​ឆ្នាំ២០១៣ ​និង​បញ្ចប់នៅខែកក្កដា ឆ្នាំ២០១៧៕ ​


អត្ថបទ៖ ស៊ិន សាវ៉េត

រូបភាព៖ ក្រសួងសាធារណការនិងដឹកជញ្ជូន