តាក់ស៊ី​ពណ៌​លឿង ឬ​ពណ៌​ខៀវ មួយណាលោក​អ្នក​យល់​ថា​ជិះទៅមាន​សុវត្ថិភាព​ជាង?

  • 2018-06-13 14:02:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​មួយ​នៅ​សិង្ហបុរី​ចេញ​ផ្សាយ​កាល​ពី​ខែ​មីនា​កន្លង​ទៅ បាន​ឲ្យ​ដឹង​ថា​តាក់ស៊ី​ពណ៌​លឿង​ មាន​អត្រា​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​តិច​ជាង​តាក់ស៊ី​ដែល​មាន​ពណ៌​ខៀវ។

ការ​ស្រាវជ្រាវ​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ​ជាតិ​សិង្ហបុរី (National University of Singapore)។ លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​របស់​ពួក​គេ​ គឺ​ផ្អែក​ទៅ​លើ​ការ​វិភាគ​អស់​រយៈ​ពេល​ ៣ ឆ្នាំ​នូវ​ទិន្នន័យ​អំពី​តាក់ស៊ី (ពណ៌​លឿង​ជាង ៤០០០ គ្រឿង និង​ពណ៌​ខៀវ​ជាង ១២,៥០០ គ្រឿង) អ្នក​បើកបរ​ និង​គ្រោះថ្នាក់​ចរាចរណ៍​នៃ​យានជំនិះ​ប្រភេទ​នេះ​នៅ​ប្រទេស​សិង្ហបុរី។

ក្រោយ​វិភាគ​ទិន្នន័យ អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ជា​រៀងរាល់​ខែ ក្នុង​ចំណោម​តាក់ស៊ី​ ១ ពាន់​គ្រឿង តាក់ស៊ី​ពណ៌​លឿង​បាន​ជួប​ប្រទះ​គ្រោះថ្នាក់​ចរាចរណ៍​ ៦ ដង​តិច​ជាង​តាក់​ស៊ី​ពណ៌​ខៀវ។ លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​បាន​គូស​បញ្ជាក់​ទៀត​ថា អ្នក​ដែល​ប្រើប្រាស់​តាក់ស៊ី​ពណ៌​លឿង មាន​អត្រា​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍ ៩ ភាគ​រយ​តិច​ជាង​ អ្នក​ដែល​ប្រើ​ប្រាស់​តាក់ស៊ី​ពណ៌​ខៀវ។

យោង​តាម​ការ​សិក្សា​មួយ​នេះ បើ​តាក់ស៊ី​ពណ៌​ខៀវ​នៅ​សិង្ហបុរី​អាច​ប្ដូរ​ទៅ​ជា​ពណ៌​លឿង​ទាំង​អស់ វា​អាច​ជួយ​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ប្រមាណ ៩១៧ ករណី ដែល​នេះ​អាច​ជួយ​សន្សំ​ប្រាក់​ឲ្យ​ប្រទេស​មួយ​នេះ​ដល់​ទៅ​ប្រមាណ ១,៤ លាន​ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង​មួយ​ឆ្នាំៗ។

បើ​តាម​សាស្ត្រាចារ្យ Ho Teck Hua អនុ​ប្រធាន​សាកលវិទ្យាល័យ​ជាតិ​សិង្ហបុរី​ទទួល​បន្ទុក​ផ្នែក​ស្រាវជ្រាវ និង​បច្ចេកវិទ្យា ហើយ​ក៏​ជា​ជន​បង្គោល​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​ខាង​លើ បាន​លើក​ឡើង​ថា តាក់ស៊ី​មាន​ពណ៌​លឿង ងាយ​ស្រួល​ក្នុង​ការ​មើល​ឃើញ​ជាង​ពណ៌​ខៀវ តាំង​ពេល​ថ្ងៃ និង​ពេល​យប់ ដែលអាចជាហេតុដែលនាំឲ្យជួបអត្រាគ្រោះថ្នាក់ចរាចរណ៍ទាបជាង៕

ប្រភព៖ Straitstimes   អត្ថបទ៖ សេរី មង្គល

អត្ថបទពេញនិយម