ទម្លាយ​​ប្រវត្តិ​ពិត​ រិទ្ធ អូមេហ្គា ក្រោយ​រង​ព័ត៌មាន​អាស្រូវ​​​បង្ខូច​កេរ្តិ៍ឈ្មោះ​ស្អុយ​រងំ​

  • 2018-06-14 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ដឹក​នាំ​សម្ដែង​នៅ​ផលិតកម្ម​ថោន រិទ្ធ អូមេហ្គា ត្រូវ​បាន​​ហ្វេស​ប៊ុក​មួយ​​គ្មាន​អត្តសញ្ញាណ​​ពិត​ប្រាកដ​​មក​បង្ខូច​កេរ្តិ៍​ឈ្មោះ​លោក​ថា  ស្ទើរ​តែ​គ្រប់​​តារា​សម្ដែង​​ស្រី​ថ្មី​ៗ​​ទើប​ចូល​ប្រឡូក​​សិល្បៈ​មុន​ដំបូង លោក​ តែង​តែ​សុំ​គេង​ជាមួយ​ប្រសិន​ចង់​បាន​ភាព​ល្បី​ល្បាញ​ក្នុង​ MV បទ​ចម្រៀង។

ការ​លើក​ឡើង​ខាង​លើ​បាន​ធ្វើ​ឲ្យ​ រិទ្ធ អូមេហ្គា ក្ដៅ​ស្លឹក​ត្រចៀក​ឆេវ​តែ​ម្ដង​​ដល់​ថ្នាក់​លោក​ បង្ហោះ​ពាក្យ​ពេចន៍​មួយ​ចំនួន​​​​នៅ​លើ​ហ្វេស​ប៊ុក ដោយ​​លើក​យក​ផ្លូវ​ច្បាប់​មក​និយាយ​​ដើម្បី​ ដាក់​ពាក្យ​ប្ដឹង ប្រសិន​បើ​បុគ្គល​នោះ​នៅ​តែ​​បន្ត​ដើរ​បង្ខូច​កេរ្តិ៍​ឈ្មោះ ខ្លួន​ខុស​ពី​ការ​ពិត។

ដូច្នេះ​ថ្ងៃ​នេះ​ Sabay សូម​លើក​យក​​រឿង​រ៉ាវ​ខ្លះ​ៗ​ ទាក់​ទង​ រិទ្ធ អូមេហ្គា ដែល​ប្រិយ​មិត្ត​មិន​ធ្លាប់​ដឹង​កន្លង​មក​។

អ្នក​ដឹក​នាំ​សម្ដែង​ រិទ្ធ អូមេហ្គា​ កើត​​នៅ​​ថ្ងៃ​ទី២៧ ខែ​ឧសភា ឆ្នាំ​១៩៩០ រាជ​ធានី​ភ្នំពេញ ​លោក​​ជា​កូន​ទោល​ក្នុង​គ្រួសារ​ មាន​ឪពុក​ម្ដាយ​ធ្វើ​ការ​ជា​មន្ត្រី​ រាជការ​។ ចូល​ប្រឡូក​សិល្បៈ​មុន​ដំបូង​នៅ​ផលិតកម្ម​សាន់ដេ​ ក្នុង​ឆ្នាំ​ ២០១៣ តែ​មិន​មែន​​​ជា​បុគ្គលិក​ពេញ​សិទ្ធ​ទេ។

នៅ​ផលិតកម្ម​សាន់​ដេ​បាន ១ឆ្នាំ​លោក​ក៏​បាន​ផ្លាស់​មក​ទ្រនំ​ថោន ក្នុង​ឆ្នាំ​២០១៤ រហូត​មក​ដល់​បច្ចុប្បន្ន​ ដោយ​មាន​ការ​បណ្ដុះ​បណ្ដាល​ និង​ចង្អុល​បង្ហាញ​ពី​រៀម​ច្បង​សិល្បៈ​មួយ​ចំនួន​ដូច​ជា​លោក សុខ ជំនោរ វ៉ាត់ លីម៉េង ប៊ុន រតនា អ៊ិន​ រិទ្ធិចិត្រ និង​ យឹម តាស្រង់ ទើប​ធ្វើ​ឲ្យ​លោក​មាន​ថ្ងៃនេះ។

បទ​ចម្រៀង​​ដំបូង​ដឹក​នាំ​សម្ដែង​ដោយ រិទ្ធ អូមេហ្គា ហើយ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​មហា​ជន​ទាំង​ក្នុង​ និង​ក្រៅ​សិល្បៈ​មាន​ដូច​ជា "ប្រុសក្រញាញ់​​ខូច​ចិត្ត" ច្រៀង​ដោយENO និង​បទ​ "ឲ្យ​គេ​ញ៉ែ​លឿន​ម្ល៉េះ" ច្រៀង​ដោយ​ ខេម។

​​ក្រៅ​ពី​ការ​ងារ​សិល្បៈ​ រិទ្ធ អូមេហ្គា ក៏​បាន​សិក្សា​រៀន​សូត្រ​បាន​យ៉ាង​ជ្រៅ​ជ្រះ​​ទៀត​ផង។ លោក​ បាន​បញ្ចប់​បរិញ្ញាបត្រ​ផ្នែក​គ្រប់​គ្រង​ នៅ​សាកល​វិទ្យាល័យ​ជាតិ​គ្រប់​គ្រង​ ក្នុង​ឆ្នាំ​២០១២ និង​បញ្ចប់​ថ្នាក់​អនុបណ្ឌិត​ផ្នែក​ គ្រប់​គ្រង​ហិរញ្ញវត្ថុ​ នៅ​សាកល​វិទ្យាល័យ​ដដែល​ក្នុង​ឆ្នាំ​ ២០១៥។

ចំណែក​ឯ​ជីវិត​ស្នេហា​វិញ​ រិទ្ធ អូមេហ្គា រៀប​ការ​​បញ្ចប់​ភាព​នៅ​លីវ​ជាមួយ​នារី​ម្នាក់​ឈ្មោះ​ វ៉ាន់ សិលា​ នៅ​ខេត្ត​បាត់​ដំបង កាល​ពី​ថ្ងៃ​ទី​៦ ខែ​ធ្នូ​ ​ឆ្នាំ​ ២០១៧ ព្រម​ទាំង​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ភ្ញៀវ​សិល្បៈ​យ៉ាង​ច្រើន​កុះ​ករ​ទៀត​ផង៕

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទថ្មី