ជីវិត​ពិត​របស់ Alice (Alice In The Wonderland) ពេញ​ទៅ​ដោយ​ភាព​ស្មុគស្មាញ

  • 2018-06-14 03:54:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​តាំង​ពី​ចេញ​ជា​លើក​ដំបូង​ក្នុង​ឆ្នាំ ១៨៦៥ មក រឿង "Alice's Adventures in Wonderland” របស់​លោក Lewis Carroll បាន​ធ្វើ​ឲ្យ​អ្នក​អាន​មាន​ការ​ជក់​ចិត្ត​ដាក់​អារម្មណ៍​ទៅ​ក្នុង​ពិភព​ពោរពេញ​ទៅ​ដោយ​មន្ត​អាគម វេទមន្ត។ សៀវភៅ​រឿង​នេះ​ដែរ គឺ​រៀបរាប់​ពី​ដំណើរ​ផ្សងព្រេង​របស់​ក្មេង​ស្រី​ម្នាក់​ឈ្មោះ Alice ដែល​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​រន្ធ​ទន្សាយ​មួយ ដោយ​បាន​ធ្វើ​ឲ្យ​នាង​ជួប​ទៅ​នឹង​រឿង​ចម្លែក​ៗ​ជា​ច្រើន​ដែល​ពោរពេញ​ទៅ​ដោយ​វេទមន្ត និង​ភាព​សប្បាយ​រីករាយ។

ប៉ុន្តែ ប្រិយមិត្ត​ជា​ច្រើន​ប្រាកដ​ជា​មិន​បាន​ដឹង​ទេ​ថា រឿង​បែប​ច្នៃ​ប្រឌិត​មួយ​នេះ​គឺ​និពន្ធ​ឡើង​តាម​ខ្សែ​ជីវិត​ពិត​របស់​ក្មេង​ស្រី​ម្នាក់​។ រឿង "Alice In Wonderland” គឺ​និពន្ធ​ឡើង​​ពី​ជីវិត​របស់​ក្មេងស្រីមួយ​រូប​វ័យ ១០ឆ្នាំ​ដែល​មាន​​ឈ្មោះ​ថា Alice Liddell។

Alice Liddell កើត​នៅ​ថ្ងៃ​ទី ០៤ ខែ​ឧសភា ឆ្នាំ​១៨៥២ ក្នុង​តំបន់ Westminster នៃ​ទីក្រុង​ឡុងដុង។ នាង​ជា​កូន​ស្រី​ទី ៤​របស់​ប្ដី​ប្រពន្ធ Henry និង Lorina Liddell។ ក្នុង​ឆ្នាំ ១៨៥៦ ក្រុម​គ្រួសារ​ត្រកូល Liddell បាន​ផ្លាស់​ទី​លំនៅ​ទៅ​ទីក្រុង Oxford។ នៅ​ទី​នោះ​ហើយ​ដែល​ពួក​គេ​បាន​ជួប​ជាមួយ​នឹង​ជាង​ថត​រូប និង​ជា​អ្នក​និពន្ធ​រឿង "Alice In Wonderland” លោក Charles Lutwidge Dodgson ដែល​គ្រប់​គ្នា​ស្គាល់​លោក​តាម​រយៈ​ឈ្មោះ​ហៅ​ក្រៅ Lewis Carroll។ ក្រោយ​ពី​បាន​ជួប​គ្នា​ជា​ញឹកញាប់ លោក​ Liddell និង​លោក Lewis បាន​ក្លាយ​ជា​មិត្ត​ជិតស្និទ្ធ​នឹង​គ្នា។ លោក Lewis​ តែង​តែ​យក​កាមេរ៉ា​របស់​លោក​មក​ផ្ទះ លោក​ Liddell ដើម្បី​ថត​រូប​ឲ្យ​កូន​ៗ​របស់​នាង។

ក្នុង​ឆ្នាំ ១៩៦២ ដើម្បី​ទាក់​ចិត្ត​កូន​ស្រី​ទាំង​៣ របស់​លោក​ Liddell (Alice, Edith និង Lorina) លោក Lewis បាននិពន្ធរឿង​មួយ​ដោយ​ដាក់​ឈ្មោះ​តួអង្គ​សំខាន់​ស្រី​ថា Alice។ ដំណើរ​ផ្សង​ព្រេង​របស់​នាង​ក្នុង​រន្ធ​ទន្សាយ​បាន​ធ្វើ​ឲ្យ Alice មាន​ភាព​សប្បាយ​រីករាយ​ជា​ខ្លាំង។ រឿង​នេះ​ដែរ ជា​រឿង​ដែល​Alice បាន​សុំ​អង្វរ​ឲ្យ​លោក Lewis និពន្ធ​​​ពី​នាង។

ក្រោយ​មក រឿង​រ៉ាវ​ពី​ទំនាក់ទំនង​រវាង​ក្មេង​ស្រី​អាយុ ១០ ឆ្នាំ​រូប​នេះ ជាមួយ​បុរស Lewis ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​ភាព​មិន​ប្រក្រតី ដែល​ទំនាក់ទំនង​របស់​ពួក​គេ​គឺ​លើស​ពី​ទំនាក់​ទំនង​ធម្មតា។ អំឡុង​ពេល​ទាក់ទង​គ្នា​រាប់​ឆ្នាំ​ជាមួយ​គ្រួសារ Liddell លោក Lewis បាន​ញុះញង់​ក្រុម​គ្រួសារ​របស់​លោកLiddell ឲ្យ​ថត​រូប​របស់​កូន​ៗ​ស្រី​ពួក​គេ។ លោក​ Henry និង​ប្រពន្ធ​របស់​លោក Lorina គឺ​មាន​ភាព​សប្បាយ​រីករាយ​ជា​ខ្លាំង​ដែល​មាន​ជាង​ថត​ដ៏​ល្អ​មួយ​រូប​ជួយ​ថត​រូប​ឲ្យ​គ្រួសារ​របស់​ពួក​គេ​នោះ។ ក្នុង​ចំណោម​កូន​ស្រី​ទាំង​អស់​របស់​ពួក​គេ Alice គឺ​មាន​ភាព​ស្និទ្ធស្នាល​ជាមួយ​លោក Lewis ជាង​គេ និង​ចំណាយ​ពេល​ជា​ច្រើន​ក្នុង​ការ​ថត​រូប​របស់​នាង។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក្នុង​ចំណោម​រូបភាព​រាប់​ពាន់​ប៉ុស្តិ៍​ មាន​រូបភាព​មួយ​ចំនួន​ដែល​ប្ដី​ប្រពន្ធ​គ្រួសារ​មួយ​នេះ​មាន​ការ​ភ្ញាក់ផ្អើល​និង​រក​ឃើញ​ថា ជាង​ថត​រូប​នេះ​កំពុង​ព្យាយាម​ថត​លើស​ពី​អ្វី​ដែល​ពួក​គេ​ចង់​បាន។

ឧទាហរណ៍​ជាក់​ស្ដែង ក្នុង​រូប​ថត​មួយ​ Alice បាន​ស្លៀក​រ៉ូប​ពណ៌​ស​ជាមួយ​អាវដាច់រយះលើ​ស្មា។ រូប​មួយ​ផ្សេង​ទៀត ជា​រូប​ក្មេង​ស្រី​អាយុ ៧ឆ្នាំ​ម្នាក់​ឈ្មោះ Beatrice Hatch ស្រាត​ននល​គោក​អង្គុយ​​លើ​ច្រាំង​ថ្ម​នៅ​ឯ​សមុទ្រ។ រូបភាព​អាក្រក់​មើល​ទាំង​នេះ ត្រូវ​បាន​លោក Lewis លាក់​ក្នុង​អាល់ប៊ុម​រូប​ផ្ទាល់​ខ្លួន​របស់​លោក ហើយ​រាប់​ឆ្នាំ​ក្រោយ​លោក​ស្លាប់​ រូបភាព​មួយ​ចំនួន​ទៀត​ក៏​ត្រូវ​បាន​រក​ឃើញ។ ក្នុង​ចំណោម​រូប​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទាំង​នោះ គឺ​មាន​រូប​របស់​ Lorina ដែល​ត្រូវ​ជា​បង​ស្រី​របស់ Aliceមួយ​ផង​ដែរ​ មិន​មាន​ស្លៀក​សម្លៀកបំពាក់អ្វី​ទាំង​អស់។

ក្នុង​ឆ្នាំ ១៨៦៣ ទំនាក់ទំនង​ដ៏​ជិត​ស្និទ្ធ​រវាង​គ្រួសារ Liddell និង​លោក Lewis ត្រូវ​បាន​កាត់​ផ្ដាច់​គ្នា ដោយ​មិន​ដឹង​មូលហេតុ។ អ្នក​ខ្លះ​និយាយ​ថា មក​ពី​លោក Lewis ស្រឡាញ់​និង​ចង់​រៀបការ​ជាមួយ​ Alice ដែល​ជា​ក្មេង​ស្រី​មាន​វ័យ​ត្រឹម ១១​ឆ្នាំ។ ចំណែក​អ្នក​ខ្លះ​ទៀត គិត​ថា​បង​ស្រី​របស់ Alice (Lorina) បាន​លង់​ស្រឡាញ់​លោក Lewis តែ​លោក​មាន​ចិត្ត​ស្រឡាញ់​តែ Alice ប៉ុណ្ណោះ។ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ការ​ប៉ាន់​ស្មាន​ទាំង​ប៉ុន្មាន​គឺ​នៅ​តែ​មិន​ច្បាស់​ដដែល ខណៈ​សៀវភៅ​កំណត់ហេតុ​របស់​អ្នក​និពន្ធ​រូប​នេះ​ត្រូវ​បាន​ដុត​កម្ទេច​ចោល​អស់​ទៅ​ហើយ​នោះ។

ក្នុង​វ័យ ២៨ ឆ្នាំ Alice បាន​រៀបការ​ជាមួយ​កីឡាករ​លេង Cricket ម្នាក់​ឈ្មោះ Reginald Hargreaves។​ អាពាហ៍ពិពាហ៍​របស់​ពួក​គេ​បាន​ប្រារព្ធ​ឡើង​នៅ​ឯ​ព្រះវិហារ Westminster Abbey។ គូ​ស្នេហ៍​មួយ​គូ​នេះ​ទទួល​បាន​កូន​ប្រុស​ចំនួន ៣​នាក់​ជា​ចំណង​ដៃ (Alen, Leopold និង Caryl)។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ កូន​ប្រុស​ដំបូង​២​រូប​របស់ Alice ត្រូវ​បាន​បង្ខំ​ឲ្យ​ចូល​បម្រើ​កង​ទ័ព​ក្នុង​សង្គ្រាម​លោក​លើក​ទី​១។

ក្នុង​ឆ្នាំ ១៩២៦ ក្រោយ​ស្វាមី​របស់​នាង Reginald បាន​ទទួល​មរណភាព​ទៅ Alice រស់​នៅ​ក្នុង​ផ្ទះ​ដ៏​ធំ​មួយ​ម្នាក់​ឯង។ ក្រោយ​មក ជីវិត​ជា​ស្ត្រី​មេម៉ាយ ដែល​បាត់បង់​គ្រប់យ៉ាង បាន​ធ្វើ​ឲ្យ​នាង​ធ្លាក់​ខ្លួន​ក្រ​តោកយ៉ាក។ ចុង​បញ្ចប់ នាង​ត្រូវ​បង្ខំ​ចិត្ត​លក់​សៀវភៅ "Alice In Wonderland” ដែល​លោក Lewis ជូន​នាង​នោះ ដើម្បី​បាន​ប្រាក់​ចិញ្ចឹម​ជីវិត​នាង​បន្ត។ ក្នុង​ឆ្នាំ ១៩៣៤ Alice បាន​ស្លាប់​ក្នុង​វ័យ ៨២ឆ្នាំ។ សព​របស់​នាង​ត្រូវ​បាន​បញ្ចុះ​នៅ​ភូមិ Lyndhurst នៃ​តំបន់ Hampshire៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ អន សុភក្ត្រា