ខ្ចីស្រួល ទារពិបាក! វិធីគេចពីការខ្ចីលុយ ៥របៀបល្អបំផុត មិនធ្វើឲ្យគេអន់ចិត្ត

  • 2018-06-14 09:08:41
  • ចំនួនមតិ

ចន្លោះមិនឃើញ

រាល់​ពេល​មិត្តភក្ដិ​ខ្ចី​លុយ គឺ​ពិបាក​បដិសេធ​បំផុត ខ្លាច​គេ​ថា​ចិត្ត​មិន​បាន គម្រិះ ឬ​មិន​ចេះ​ជួយ​គ្នា គ្រាហ៍​មាន​អាសន្ន។ តែ​ចុង​ក្រោយ​អ្នក​ដែល​យល់​ពី​មិត្ត​ភក្ដិ ជានិច្ចកាល​តែង​ហត់​ចិត្ត ស្រក់​ទឹក​ភ្នែក ដោយ​សារ​គេ​មិន​ព្រម​សង ឬ​សង​យូរ ខណៈ​ដែល​ខ្លួន​ឯង​កំពុង​តែ​ដាច់​យ៉ៃ​ដែរ​នោះ។ ត​ទៅ​នេះ​គឺ​ជា​វិធី​សាស្ត្រ​គេច​ពី​ការ​ខ្ចី​លុយ​របស់​មិត្ត​ភក្ដិ បើ​និយាយ​ឲ្យ​អាក្រក់​ស្ដាប់​តិច គឺ​វិធី​ដោះ​សារ​ដ៏​ល្អ​ ដើម្បី​ទុក​មុខ​រាប់​អាន​ថ្ងៃ​ក្រោយ៖

១. លុយ​ត្រូវ​ចំណាយ​លើ​ការ​សំខាន់​ៗ​បើ​ដក​ឲ្យ​ខ្ចី​មុខ​ជា​ខ្វះ

ធម្មតា​អ្នក​ដែល​គេ​មក​រក​ខ្ចី​លុយ​យើង ប្រាកដ​ជា​គេ​សម្លឹង​ឃើញ​ថា យើង​មាន​ធនធាន​គ្រាន់​បើ​ដែរ។ ដូចនេះ​បើ​ឆ្លើយ​ថា អត់​មាន​លុយ​តែ​ម្ដង ដូច​ជា​ចម្លើយ​ដែល​ធ្វើ​ឲ្យ​គេ​ពិបាក​ជឿ ម្យ៉ាង​ស្ដាប់​ទៅ​ដូចជា​ខ្វះ​ពាក្យ​ឆ្លើយ​ពេក។ ចម្លើយ​ដ៏​សមរម្យ ហើយ​សមហេតុសមផល​គួរ​ឆ្លើយ​ថា ដល់​ពេល​ត្រូវ​បង់​ថ្លៃ​ផ្ទះ ថ្លៃ​សាលា ថ្លៃ​បង់​រំលស់​ខាង​ធនាគារ​។ល។ ដែល​មិន​អាច​ដក​លុយ​បាន​ទេ ហើយ​សុំ​អភ័យ​ទោស​គេ​ទៅ។ ​

២. អ្នក​ផ្ទះ​ត្រូវ​ការ​បន្ទាន់​វេរ​ទៅ​អស់​ហើយ

បើ​ឆ្លើយ​ថា មាន​មិត្តភក្ដិ​ផ្សេង​ទៀត​ខ្ចី​ដែរ នាំ​តែ​គេ​សួរ​ថា​មិត្ត​ភក្ដិ​ណា នាំ​ឲ្យ​យើង​ពិបាក​រក​នឹក​ឆ្លើយ​វែង​ឆ្ងាយ។ ជម្រើស​សមស្រប​មួយ​ក្នុង​ស្ថានការណ៍​នេះ គួរ​ឆ្លើយ​ដាក់​អ្នក​ផ្ទះ​យើង ព្រោះ​គេ​មិន​អាច​ទៅ​ជជីក​សួរ​រក​ពូជពង្ស​យើង​ទេ។ អាច​ប្រាប់​ថា អ្នក​ផ្ទះ​ត្រូវ​ការ​លុយ​ប្រើ​ការ​បន្ទាន់​លើ​អ្វី​មួយ ហើយ​ខ្វះ​ខាត​លុយ ទើប​ត្រូវ​មក​ឆក់​កណ្ដៀត​លុយ​ពី​យើង​ទៅ​អស់​រលីង​ហើយ។

៣. ប្រាប់​ថា​ប្រាក់​ខែ​ក្រុមហ៊ុន​មិន​ទាន់​បើក

ក្នុង​ករណី​នេះ អាច​ប្រើ​បាន​តែ​ជាមួយ​មិត្តភក្ដិ ដែល​មិន​ធ្វើ​ការ​ក្រុមហ៊ុន​ជាមួយ​យើង​តែ​ប៉ុណ្ណោះ។ គ្រាន់​តែ​ប្រាប់​ថា ខែ​នេះ​ក្រុមហ៊ុន​បើក​លុយ​រៀង​យឺត មិន​ទាន់​បាន​ទម្លាក់​លុយ​ចូល​កុង​នៅ​ឡើយ​ទេ គឺ​ចប់​បញ្ហា​ដោយ​ស្ងប់​សុខ​ហើយ។ បើ​មិន​ទាន់​បើក​លុយ​ផង តើ​គេ​អាច​មក​ជំរិត​ខ្ចី​ម្ដេច​នឹង​កើត​ទៅ?

៤. លុយ​ក្នុង​កុង​សម្រាប់​ចាយ​ជា​ប្រចាំ​អស់​ហើយ សល់​តែ​កុង​មាន​កាល​កំណត់

ធម្មតា​ការ​ដាក់​ប្រាក់​បញ្ញើ​នៅ​ធនាគារ​មាន​​​ច្រើន​ប្រភេទ។ ក្នុង​មាន​ប្រភេទ​ប្រាក់​បញ្ញើ​សន្សំ​មាន​កាល​កំណត់​ដែល​កំណត់​ថា រយៈ​ពេល​១​ឆ្នាំ ឬ​ប៉ុន្មាន​ខែ​ទើប​អាច​ដកលុយ​បាន​ និង​គណនី​ចរន្ត​ដែល​អាច​ឲ្យ​យើង​​ដក​លុយ​បាន​គ្រប់​ពេល ដោយ​មិន​ចាំបាច់​មាន​កាល​កំណត់។ ដូច្នេះ​អាច​ប្រាប់​ទៅ​កាន់​មិត្ត​ភក្ដិ​ថា សល់​តែ​លុយ​ក្នុង​ប្រាក់​បញ្ញើ​មាន​កាល​កំណត់​មិន​អាច​ដក​បាន​ទេ ព្រោះ​មិន​ទាន់​ដល់​ពេល។ ចំណែក​កុង​សម្រាប់​ចាយ​ធម្មតា​អស់​ទៅ​ហើយ។ ដូច​នេះ​អ្នក​ដែល​ខ្ចី​លុយ នឹង​យល់​ពី​បញ្ហា​នេះ ដែល​នាំ​ឲ្យ​យើង​មិន​អាច​ឲ្យ​គេ​ខ្ចី​លុយ​បាន។

៥. ប្រាប់​ថា​លុយ​សង​មិត្ត​ភក្ដិ​អស់​ហើយ

អាច​ប្រាប់​ថា តាម​ពិត​យើង​ក៏​ជំពាក់​លុយ​គេ​ដែរ ព្រោះ​ខែ​មុន​ត្រូវ​ចំណាយ​លុយ​ច្រើន ទើប​ទៅ​ឆក់​កណ្ដៀត​ពី​មិត្ត​ភក្ដិ​ដែរ។ ដូច្នេះ​ខែ​នេះ​ត្រូវ​ដល់​ពេល​សង​គេ​វិញ មិន​អាច​ពន្យារ​ពេល​បាន​ទេ។ ហេតុ​នេះ​ហើយ​ទើប​មិន​មាន​លទ្ធភាព​ឲ្យ​មិត្តភក្ដិ​ខ្ចី​បាន៕

សូម​ជម្រាប​ជូន​ថា ៥​វិធី​សាស្ត្រ​ខាង​លើ​នេះ គឺ​ជា​ការ​សាកសួរ​ពី​យុវវ័យ​ចំនួន​៥​រូប ដែល​ធ្លាប់​ហែល​ឆ្លង​បទពិសោធន៍​មិត្ត​ភក្ដិ​ទារ​លុយ​មិន​សង ទើប​ក្រោយ​មក​ពួក​គេ​បាន​ជ្រើស​រើស​វិធី​នេះ ដើម្បី​កុំ​ឲ្យ​វេទនា​ចិត្ត​តទៅ​ទៀត។ វិធី​សាស្ត្រ​នេះ​ក៏​មិន​មែន​បង្រៀន​ឲ្យ​ប្រិយ​មិត្ត​ធ្វើ​ជា​មនុស្ស​ចិត្ត​អាក្រក់​ឡើយ គ្រាន់​តែ​ការ​ចែក​រំលែក​ប៉ុណ្ណោះ បើ​គិត​ថា​ល្អ​អាច​ប្រើ​ការ​បាន សឹម​ពិចារណា​តាម​ការ​គួរ៕ ​


អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ