ក្ដៅ! Salah នឹង​​ចូល​លេង​ក្នុង​ប្រកួត World Cup ប៉ះ​អ៊ុយរុយហ្គាយ​ស្អែក​នេះ

  • 2018-06-14 13:45:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 2

ចន្លោះមិនឃើញ

ប្រមាណ​ជិត​មួយ​ម៉ោង​មុន​នេះ គ្រូ​បង្វឹក​អេហ្ស៊ីប លោកHector Cuper ​បាន​ប្រកាស​ថា ខ្សែ​ស្លាប Mohamad Salah នឹង​ចូល​លេង​ក្នុង​ប្រកួត​ប៉ះ​ជាមួយ​អ៊ុយរុយហ្គាយ​ស្អែក​នេះ បើ​សិន​ជា "គ្មាន​អ្វី​ធំ​ដុំ​" កើត​ឡើង​ក្នុង​ថ្ងៃ​នេះ​ ឬ​ស្អែក​នោះ​ទេ។

គ្រូ​បង្វឹក​អេហ្ស៊ីប លោកHector Cuper

លោក​ Cuper បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ក្នុង​ថ្ងៃ​នេះ​ថា៖ “Salah បាន​ធ្វើ​បាន​យ៉ាង​ល្អ​ណាស់​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ការ​ឆាប់​ជា​សះ​ស្បើយ​ពី​របួស។ យើង​នឹង​បន្ត​តាម​ដាន​ទៀត ប៉ុន្តែ​ក្នុង​ថ្ងៃ​នេះ ខ្ញុំ​អាច​និយាយ​យ៉ាង​ច្បាស់​ថា ១០០% រូប​គេ​នឹង​ចូល​លេង​ក្នុង​ប្រកួត​ប៉ះ​អ៊ុយរុយហ្គាយ​នៅ​ថ្ងៃ​ស្អែក បើ​សិន​ជា​គ្មាន​អ្វី​ធំ​ដុំ​កើត​ឡើង​ក្នុង​ថ្ងៃ​នេះ ឬ​ស្អែក"។ លោក Cuper ទំនងសំដៅលើការវិវត្តន៍នៃរបួសរបស់ខ្សែស្លាបអេហ្ស៊ីប។

សូម​បញ្ជាក់​ផង​ដែរ​ថា Salah បាន​បង្ហាញ​ទម្រង់​លេង​បាន​យ៉ាង​ល្អ​ក្នុង​រដូវ​កាល​ ២០១៧/១៨។ កីឡាករ​ស៊ុត​ចូល​ជាង ៤០ គ្រាប់​ឲ្យ Liverpool និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​សរុប​ជិត ២០ លើក ព្រម​ទាំង​បាន​ជួយ​អេហ្ស៊ីប​ឲ្យ​ឡើង​លេង​ World Cup ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល ២៨​ឆ្នាំ។ យ៉ាង​នេះ​ក្ដី​ កីឡាករ​បាន​រង​របួស​ស្មា​ធ្ងន់ធ្ងរ ក្នុង​អំឡុង​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ Champions League ពេល​ប៉ះ​ជាមួយ Real Madrid។

ក្នុង​ព្រឹត្តិការណ៍ World Cup២០១៨ អេហ្ស៊ីប​ស្ថិត​ក្នុង​ពូល A ហើយ​នឹង​ត្រូវ​ប្រកួត​ជាមួយ អ៊ុយរុយហ្គាយ អារ៉ាប៊ីសាអ៊ូឌីត និង​រុស្ស៊ី ក្នុង​វគ្គ Group Stage៕


ប្រភព៖ Four Four Two   ប្រែ​សម្រួល៖ ហ៊ីម រស្មី