កាល​នៅ​ស្រុក​ចូល​ចិត្ត​ដើរ​លេង​តែ​ពេល​​យប់ ខ្មោច​ចេញ​យប់​ដែរ រឿង​អី​ចៀស​ផុត...បាក់​ស្បាត!

  • 2018-06-15 11:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​នៅ​ចាំ​ទេ ប្រិយមិត្ត​នៅ​ខេត្ត​តា​កែវ ឈ្មោះ សុខុម កាល​ពី​ខែ​មុន​បាន​ចែក​រំលែក​បទ​ពិសោធន៍​របស់​ខ្លួន​ដែល​ត្រូវ​ខ្មោច​លង​ហៅ​ទៅ​ដក​សំណាប​ទាំង​កណ្ដាល​អធ្រាត្រ។ ឥឡូវ​នេះ សុខុម បាន​ចូល​ខ្លួន​មក​ទៀត​ហើយ ហើយ​មាន​រឿង​ខ្មោច​ចែក​ជូន​បង​ប្អូន​ជា​ថ្មី ដូច​ខាង​ក្រោម៖

ខ្ញុំ​បាទ សុខុម ជា​កូន​កសិករ​មាន​បងប្អូន​៤​នាក់​ ស្រី៣ ប្រុស​១។ ខ្ញុំ​​មាន​​ទី​លំនៅ​ក្នុង​ស្រុក​គីរីវង់ ខេត្ត​តាកែវ។ ចូល​ដល់​វ័យ​ជំទង់ មិន​ខុស​ពី​ក្មេង​ក្នុង​ភូមិ គឺ​ខ្ញុំ​ចូល​ចិត្ត​ដើរ​លេង​រាំ​ធុង​បាស់​ណាស់ កុំ​ឲ្យ​លឺ​ថា ទី​ណា​មាន​កម្មវិធី​រាំ​រែក ចាក់​ធុង​បាស់ តែង​មាន​មុខ​ខ្ញុំ និង​ក្រុម​អត់​ចេះ​ដាច់។ និយាយ​ឲ្យ​ចំ ខ្ញុំ​ក៏​ដូច​សត្វ​រាត្រី​ចរ​ដែរ ដើរ​តែ​ពេល​យប់​ទេ ពេល​ថ្ងៃ​ទោះ​លេង​ក្បែរ​ផ្ទះ​ក៏​មិន​ខ្ចី​ទៅ​អើត​ផង។

ដោយ​សារ​តែ​បែប​ ហ្នឹង ទើប​ជា​រឿយ ខ្ញុំ​តែង​ត្រូវ​ខ្មោច​ម្ដង​ហើយ​ម្ដង​ទៀត គឺ​លង​តាំង​ពី​ខ្លាច​ទៅ​ជា​លែង​ខ្លាច​ខ្មោច​តែ​ម្ដង ព្រោះ​ញឹក​ពេក។ ខ្ញុំ ​នៅ​ចាំ​ថា​​ឆ្នាំ​មួយ​នៅ​ឃុំ​គោក​ព្រិច មាន​ពិធី​បុណ្យ​កាត់​ឬស​សីមា​នៅ​វត្ត ព្រះធាតុ ដែល​នៅ​មិន​ឆ្ងាយ​ពី​ភូមិ​ខ្ញុំ។

ដូច្នេះ​ដំណឹង​នេះ បាន​ចែក​​ដល់​មិត្តភ័ក្ដិ​ទាំង​ឡាយ​ក្នុង​ក្រុម លុះ​ដល់​ព្រលប់​ឡើង បាយ​ទឹក​រួច​រាល់ ម្នាក់​ៗ​រៀប​ចំ​ខ្លួន​តឺនុយ​ខោ​អាវ​ម៉ា​អេម​ចេញ​ដំណើរ​តាម​កង់ ដោយ​ខ្លះ​ជិះ​តែ​ឯង ខ្លះ​ឌុប​គ្នា ដែល​សរុប​ទៅ​មាន​គ្នា​ប្រមាណ​ជា ៧-៨​នាក់​ដែរ ធ្វើ​ដំណើរ​កាត់​ស្បៃ​រាត្រី​លើ​ចម្ងាយ​ផ្លូវ​ប្រហែល ៥​គីឡូម៉ែត្រ​ដើម្បី​ទៅ​រាំ​កម្សាន្ត។

មក​ដល់​កន្លែង​ពិធី ពួក​យើង ក៏​ចាប់​ផ្ដើម​កម្សាន្ត ដោយ​អ្នក​ខ្លះ​ទៅ​រាំ​ចាក់​ក្បាច់​តាម​តែ​ខ្លួន​ចេះ អ្នក​ខ្លះ​ទៀត ក៏​មើល​ល្ខោន គប់​ប៉េតប៉ោង រៀង​ៗ​ខ្លួន។ ភ្លេច​ៗ​ខ្លួន ម៉ោង​ជាង​ ១១​យប់​ ទៅ​ហើយ មិត្តភ័ក្ដិ​ខ្ញុំ បបួល​មក​ផ្ទះ​វិញ ព្រោះ​ពួក​វា ងងុយ​ដេក​ហើយ ឯ​ខ្ញុំ​ឯណេះ​នៅ​មិន​ទាន់​អស់​សប្បាយ ម្យ៉ាង​លួច​ចាប់​អារម្មណ៍​លើ​នារី​ម្នាក់​ផង ទើប​សម្រេច​ថា​ឲ្យ​ពួក​វា​ទៅ​មុន ប៉ុន្តែ​បាន​ឃាត់ អាសិត ឲ្យ​នៅ​បាន​ជា​គ្នា។

ខ្ញុំ និង​អា​សិត នៅ​រាំ​លេង​កម្សាន្ត​ដល់​ម៉ោង​ប្រហែល ១២ ជាង អាសិត ងងុយ​ដេក​ទៀត ក៏​បបួល​មក​ផ្ទះ ឯ​ខ្ញុំ​ឯណេះ នៅ​តែ​មិន​ទាន់​អស់​ចិត្ត ក៏​សុំ​ថា​កន្លះ​ម៉ោង​ទៀត អាសិត ថា អត់​ទេ ព្រោះ​វា​ងងុយ​មែន​ទែន​ហើយ។ ធុញ​នឹង​វា​រអ៊ូ​ពេក ក៏​ពន្យុះ​ថា “បើ​អ្ហែង​ប្រញាប់ ទៅ​មុន​ចុះ”។ ទំនង​ខឹង​ផង អាសិត ទៅ​មុន​មែន ឯ​ខ្ញុំ​ក៏​មិន​ទ្រ សុខ​ចិត្ត​នៅ​លេង​បន្ត​ទៀត រហូត​មក​ដល់​ម៉ោង​ជិត​២រំលង​អាធ្រាត្រ ទើប​ត្រឡប់​មក​ផ្ទះ​វិញ។

តាម​ផ្លូវ​ត្រឡប់​មក​ផ្ទះ​វិញ ស្ងាត់​ឲ្យ​ជ្រាប ខ្យល់​ធ្លាក់​ត្រជាក់​ស្រឹប ខ្ញុំ​ផ្ដើម​ព្រឺ​ឆ្អឹង​ខ្នង តែ​ខំ​តាំង​ចិត្ត​ជិះ​កង់​ធម្មតា អត់​មាន​ងាក​ក្រោយ​អី​ទាំង​អស់។ បន្តិច​ក្រោយ​មក​ស្រាប់​តែ​លឺ​កណ្ដឹង​កង់​រោទ៍​ពី​ក្រោយ ខ្ញុំ​នឹក​អរ​ព្រួច​ក្នុង​ចិត្ត​ថា “ប៉ុណ្ណេះ​បាន​គ្នា​ហើយ”។ ប្រហែល​១​នាទី កង់​ដែល​រោទ៍​កណ្ដឹង​ពី​ក្រោយ​មុន​នេះ ក៏​បាន​មក​ដល់​ទន្ទឹម​គ្នា ប៉ុន្តែ​យប់​ងងឹត​ឈឹង​មើល​មុខ​គ្នា​មិន​ច្បាស់​ទេ ឃើញ​តែ​ស្រមោល​ខ្មៅ​ៗ។

ដើម្បី​ភ្ជាប់​ទំនាក់​ទំនង និង​បំបាត់​ភាព​ភ័យ​ខ្លាច​ផង ខ្ញុំ​ក៏​សួរ​ទៅ​កាន់​អ្នក​ជិះកង់​ម្នាក់​ទៀត​នោះ​ថា “យី​ផ្ទះ​នៅ​ដល់​ណា​ដែរ​នៀក ថ្មើរ​ហ្នឹង​ទើប​ត្រឡប់​ទៅ​វិញ​ដូច​ខ្ញុំ​ដែរ!” អ្នក​ជិះ​កង់​នោះ អត់​ខ្ចី​ឆ្លើយ។ បន្តិច​ក្រោយ​មក ខ្ញុំ​ក៏​សួរ​ម្ដង​ទៀត​ថា “តាម​ធម្មតា ដើរ​លេង​យប់​អីចឹង​ញឹក​ញាប់​ទេ ” គេ​នៅ​តែ​មិន​ឆ្លើយ ស្រាប់​តែ​ធាក់​កង់​បន្ថែម​ល្បឿន​កាន់​តែ​លឿន បម្រុង​ទៅ​ចោល​ខ្ញុំ។

ឃើញ​ដូច​នេះ ខ្ញុំ​ក៏​ប្រឹង​ធាក់​តាម កុំ​អោយ​ដាច់​គ្នា​ឆ្ងាយ​ពេក តែ​ប្រឹង​យ៉ាង​ណា​នៅ​តែ​មិន​ទាន់ បាន​តែ​កិត​ៗ​ពី​ក្រោយ។ ជិះ​ៗ ទៅ​ដល់​ឈើ​ធំ​មួយ រឿង​តក់​ស្លុត​ក៏​កើត​ឡើង។ អ្នក​ជិះ​កង់​ដែល​ខ្ញុំ​ប្រឹង​ជិះ​ដេញ​ចង់​ដាច់​ខ្យល់​នោះ ស្រាប់​តែ​ជិះ​ចូល​ក្នុង​ដើម​ឈើ​នោះ​ផ្លុក​បាត់​ឈឹង​តែម្ដង។ រំពេច​នោះ ស្រាប់​តែ​លេច​អ្នក​ជិះ​កង់​នៅ​លើ​ចុង​ឈើ បក់​ដៃ​ហៅ​ខ្វាយ​ៗ

មក​ដល់​ត្រឹម​នេះ ខ្ញុំ​ភ្ញាក់​ក្រញាង “ពុទ្ធោ​ខ្មោច​លង​អញ​ហើយ” ខ្ញុំ​ប្រឹង​ធាក់​កង់​កាន់​តែ​លឿន​គ្មាន​ងាក​ក្រោយ និង​អត់​ដឹង​ហត់​អី​បន្តិច។ ប្រមាណ​ជា ២០នាទី​មក​ដល់​ផ្ទះ គ្រាន់​តែ​ឈប់​កង់ ខ្ញុំ​ទន់​ជង្គង់​ដួល​ព្រូស ពុក ដែល​នៅ​សម្រាន្ត​យាម​គោ​ក្រោម​ផ្ទះ ក្រោក​មក​សួរ “ម៉េច​អ្ហែង អា​ក្អូន?” ដក​ដង្ហើម​ចង់​ផុត​ៗ តែ​ប្រឹង​តប​មក​ពុក “ខ្ញុំ…ខ្ញុំ​ជួប​ខ្មោច”។ ពុក សើច ឃឹក ឃឹក “អើ​អ្ហែង​ដើរ​យប់​លែង​អី​នឹង​ជួប អញ​ប្រាប់​ហើយ​ថា កុំ​ឲ្យ​ដើរ ឲ្យ​អីចឹង​ម្ដង​ចុះ ទៅ​ឡើង​ផ្ទះ​ដេក!”។

ខ្ញុំ​លែង​ត​ជាមួយ​ពុក ក៍​វា​ឡើង​ទៅ​ដេក។ ព្រលឹម​ឡើង ក៏​ទៅ​រក​ពួក​អាដែង និយាយ​រឿង​ប្រាប់​ពួក​វា ត្រូវ​ពួក​វា​នាំ​គ្នា​សើច​គឹល​ទៀត ខឹង​ណាស់...សម្រេច​ថា​ឈប់​ដើរ​ជាមួយ​ពួក​អា​អស់​ហ្នឹង​ទៀត​ហើយ ទៅ​ទាំង​អស់​គ្នា មក​វិញ​ចោល​គ្នា និយាយ​រួម​គឺ​ឈប់​ដើរ​លេង​តែ​ម្ដង តាំង​ពី​ពេល​នោះ​មក។

ប៉ុន្តែ​ក្រោយ​ពី​នោះ​ប្រមាណ​មួយ​អាទិត្យ ខ្ញុំ​ធ្លាក់​ខ្លួន​ឈឺ​ក្ដៅ​សន្ធំ​រវើរវាយ​ច្រើន​ថ្ងៃ ដាក់​ថ្នាំ​មិន​ត្រូវ។ ឪពុក​ខ្ញុំ​បាន​នាំ​ទៅ​ជួប​លោក លោក​ប្រាប់​ថា ចាញ់​ច្រាប​ខ្មោច។ចុង​ក្រោយ​លោក ស្រោច​ទឹក​ឲ្យ​ចំនួន​៣​ថ្ងៃ​ជាប់​គ្នា ទើប​ត្រឡប់​មក​ធម្មតា​វិញ៕

បង​ប្អូន​មាន​អនុស្សាវរីយ៍​ហួស​ចិត្ត សើច​សប្បាយ ចង់​ចែក​រំលែក​ សូម​ទាក់​ទង​លេខ ០១០ ៥៥៥ ៦៩៥ ឬ​ផ្ញើ​សារ​ជា​សំឡេង​មក​ប្រអប់​សារ​នៃទំព័រ​ នឹក​ឡើង​ហួស​ចិត្ត ក៏​បាន!!!

អត្ថបទ៖ ទារិកា