ប្រើលាបឡេលាយ បកស្បែក ស ខ្ចី លឿន ប្រឈមជំងឺទាំងនេះ គ្រោះថ្នាក់ជីវិត

  • 2018-06-15 08:36:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្បែក ស ខ្ចី​ ជា​ទំនោរថ្មី១​ របស់​មនុស្ស​សម័យ​ទំនើប​ ស៊ីវិល័យ​ ភាគ​ច្រើន​ជា​យុវវ័យ និង​ស្ត្រី​ខ្លះ ឬ​ហៅថា​តាម​គេ​តាម​ឯង។ ដោយ​សារ​តែ​ចង់​ស្អាត​តាម​គ្នា ទើប​អ្នក​លាប​ខ្លះ មិន​សូវ​ចាប់​អារម្មណ៍​ពី​ផល​ប៉ះពាល់​ដែល​បង្ក​ដោយ​គ្រឿង​សម្អាង​ទាំង​នោះ។

រូបតំណាង ជំងឺសើស្បែក

ដោយ​ហេតុ​នេះ​ ទើប​គេ​សង្កេត​ឃើញ​ថា ស្ត្រី​មួយចំនួន បាន​ជ្រើសរើស​ផលិតផល​ឡេ​លាយ បក​ស្បែក ដែល​មាន​តម្លៃ​ថោក​ៗ ប៉ុន្តែ​មាន​ប្រសិទ្ធភាព​ឲ្យ​ស​លឿន​ទាន់ចិត្ត។

វេជ្ជបណ្ឌិត​ឯកទេស​ព្យាបាល​ជំងឺ​សើស្បែក​ បាន​រក​ឃើញ​ថា ​រឿង​តម្លៃ​ និង​តម្រូវការ ស​ លឿន ​​ជា​ហេតុ​ផល​ជំរុញ​ឲ្យ​នៅ​តែ​មាន​អ្នក​ប្រើ​ឡេ​លាយ បក​ស្បែក គ្មាន​គុណភាព​ត្រឹមត្រូវ។

លោក​សាស្ត្រាចារ្យ ​វេជ្ជបណ្ឌិត ម៉ី ស៊ីថាច នាយ​ផ្នែក​ជំងឺ​សើ​ស្បែក នៃ​មន្ទីរពេទ្យ​ព្រះកុសុមៈ​បាន​ពន្យល់​ថា​ ការ​ប្រើ​ឡេ​លាយ​ជាផ្នែក១ នៃ​ផលិត​ផល​គ្រឿង​សម្អាង​ខុស​បច្ចេកទេស ​ដែល​លាយ​ផ្សំ​គ្មាន​រូបមន្ត​ត្រឹមត្រូវ មានន័យថា ចេះ​លាយ​ត​គ្នា លក់​ចែក​ចាយ និង​គ្មាន​ស្តង់ដារ​ ផ្លូវការ។

ផល​ប៉ះពាល់​នៃ​ការ​ប្រើ​ឡេ​លាយ​ បក​ស្បែក មាន២ គឺ រយៈ​ពេល​ខ្លី ភ្លាម​ៗ និង​រយៈ​វែង។

​១. បញ្ហា​ប្រឈម​ភ្លាម​ៗ

ឡេ​លាយ​អាច​ឲ្យ​ធ្វើ​ស្បែក ស លឿន ខុស​ប្រក្រតី មាន​ចន្លោះ​តែ​​ពី ២ ទៅ ៣ម៉ោង ឬ​យ៉ាង​យូរ​១​សប្ដាហ៍​តែ​ប៉ុណ្ណោះ។ ភាព​ស ទាន់​ចិត្ត​បាន​ធ្វើ​ឲ្យ​អ្នក​ប្រើ​សប្បាយ​ចិត្ត​ខ្លាំង។ ប៉ុន្តែ​វិធី​នេះ ក៏​ធ្លាប់​ហុច​ជា​ផល​អវិជ្ជមាន ដែល​វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​សើស្បែក ធ្លាប់​ជួប​ករណី​អ្នក​ជំងឺ​ខ្លះ ឡើង​រមាស់​ស្បែក​ផ្ដើម​ពី​តិចតួច រហូត​ដល់​ធ្ងន់ធ្ងរ ហើម​មាត់​ស្ពុល រោល​ស្បែក​ប្រតាក ឬ​ឡើង​បន្ទាល​ត្រអាក​ចូល​ក្នុង​ស្បែក​ជ្រៅ។

ចំណុច​នេះ អាច​បង្ក​ជា​បញ្ហា​ផ្សេង​ទៀត​ដូចជា អាច​ធ្វើ​ឲ្យ​រាក​មួល មាន​សំបោរ ពិបាក​ដក​ដង្ហើម ចុក​ពោះ​ខ្លាំង​ ដែល​មើល​ទៅ​មាន​អាការៈ​ស្រដៀង​នឹង​អ្នក​ជំងឺ​រាក​មួល តែ​តាម​ការពិត​ គឺ​មកពី​ការ​ប្រើ​គ្រឿង​សម្អាង ​លាយ​ផ្សំ​សារធាតុ​ខុស​បច្ចេកទេស។

២. ផល​ប៉ះ​ពាល់​រយៈ​ពេល​យូរ

​លោក​វេជ្ជបណ្ឌិត ម៉ី ស៊ីថាច​ បាន​បញ្ជាក់​ថា ករណី​នេះ​ អាច​ជះ​ឥទ្ធិ​ពល​អាក្រក់​ទៅ​ថ្ងៃ​ក្រោយ និង​មាន​រយៈ​ពេល​យូរ។ អ្នក​ប្រើ​ឡេ​លាយ បកស្បែក ឲ្យ ស លឿន​ជ្រុល ប្រឈម​នឹង​ ការ​បង្ក​ទៅ​ជា​ជំងឺ​ដូចជា​ស្បែក ប្រតិកម្ម​ជាមួយ​កម្ដៅ​ថ្ងៃ មានន័យថា មិន​អាច​ស្ថិត​នៅ​ក្រោម​ពន្លឺ​ថ្ងៃ​បាន អាច​បង្ក​ជា​កក​ខ្ទុះ​១ចំហៀងមុខ។

រូបតំណាង អ្នកជំងឺមានបញ្ហាស្បែក

ម្យ៉ាងវិញទៀត ឡេ​លាយ​​ បក​ស្បែក តាម​រូបមន្ត​ចេះ​ត​គ្នា​ ក៏​អាច​នាំ​គ្រោះថ្នាក់​ខ្លាំង​ ដោយ​សារ​វា​មាន​សារធាតុ​ច្របល់​គ្នា គ្មាន​ស្តង់ដារ ដែល​អាច​ជ្រាប​ចូល​ក្នុង​រាងកាយ ស្មើ​នឹង​ការ​លេប​ថ្នាំ​ប្រភេទ​ម្យ៉ាង ដែល​អាច​បំផ្លាញ​តម្រង​នោម​ និង​នាំ​ឲ្យ​មាន​អាការៈ​អស់​កម្លាំង​រ៉ាំរ៉ៃ ឬ​មាន​បញ្ហា​ផ្លូវ​ដង្ហើម។

លោក​វេជ្ជបណ្ឌិត បន្ថែម​ថា ករណី​ធ្ងន់ធ្ងរ​ខ្លាំង​ គឺ​អ្នក​ជំងឺ​ប្រឈម​នឹង​ជំងឺ​មហារីក​ស្បែក គ្មាន​ថ្នាំ​ព្យាបាល ដែល​​នាំ​គ្រោះថ្នាក់​ដល់​ជីវិត។

​​ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ​ អាជ្ញាធរ​គណៈ​កម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ធ្លាប់​បាន​ចុះ​បង្ក្រាប និង​កិន​កម្ទេច​ចោល ផលិតផល​គ្រឿង​សម្អាង​ក្លែងក្លាយ និង​សារធាតុ​គីមី​ សរុប​ ១១០ តោន​ កាល​ពី​ខែ​មេសា ឆ្នាំ២០១៨។

អត្ថបទ៖ ពៅ រក្សា