សិស្ស​ថ្នាក់ទី​១២ខ្លះ នៅខេត្ត​កំពតសម្រុកធ្វើរឿងមួយ​បាត់ មិនទាន់​ដល់​ថ្ងៃប្រឡង​បាក់ឌុបផង​

  • 2018-06-15 08:30:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈការ​ប្រឡង​បាក់ឌុប​នឹ​ង​ប្រ​ព្រឹត្ត​ទៅ​នៅ​អំឡុង​ខែ​សីហា ឆ្នាំ២០១៨ ពោល​គឺ​មាន​រយៈពេល​មិន​តិច​ជាង​ពីរខែទៀតទេ​បើ​គិត​ពី​ថ្ងៃនេះទៅ។ ថ្វី​ត្បិត​ថ្ងៃប្រឡងនៅ​ឆ្ងាយ​ក៏ពិត​មែន តែ​សិស្ស​ថ្នាក់ទី​១២​ខ្លះ​នៅ​ក្នុង​ស្រុក​ឈូក​ ខេត្ត​កំពត បាននាំ​គ្នា​ទៅ​កក់​បន្ទប់​ស្នាក់​នៅ​ជា​ស្រេច។

(បេក្ខជន​ប្រឡងបាក់ឌុបកំពុង​ផ្ទៀងផ្ទាត់ឈ្មោះ​មុន​នឹង​ដើរចូល​បន្ទប់ប្រ​ឡង​កាលពី​ឆ្នាំ២០១៧)

យុវសិស្ស​ម្នាក់​រៀន​ថ្នាក់ទី១២​E នៃ​វិទ្យាល័យ​ហ៊ុន សែនឈូក ស្រុក​ឈូក ខេត្ត​កំពត​ ដែលមាន​ចំងាយ​ប្រហែលជា​៥០គីឡូម៉ែត្រ​ពីទី​រួម​ខេត្ត​ បាន​ប្រាប់​Sabay ថា​ដោយ​សារតែ​មណ្ឌលប្រឡង​នៅ ទី​រួមខេត្ត ទើបខ្លួនបាន​ទៅ​កក់​បន្ទប់ស្នាក់នៅទុកមុន។ កក់មុន​ដោយថា​ខ្លាច​ជិត​ដល់​ថ្ងៃប្រ​ឡងពិបាក​រក​បន្ទប់​ស្នាក់​នៅ និងម្យ៉ាង​បារម្ភថា​តម្លៃ​បន្ទប់​អាចនឹង​ឡើង​ថ្លៃ។

យុវសិស្ស ទី ស៊ីកូស៊ីវូ ប​ន្តថា​ខ្លួន​បាន​កក់រួច​ហើយ​បន្ទប់​ម៉ាស៊ីន​ត្រជាក់​មួយ​មានគ្រែ​បី​សម្រាប់​គ្នា​ប្រាំនាក់​ក្នុង​តម្លៃ២៥​ដុល្លារ​ក្នុង​មួយ​យប់។ «ក៏ព្រោះ​បារម្ភ​ថា នឹង​គ្មាន​បន្ទប់​ទំនេរ​ បើ​ខ្ញុំ​ចាំ​ដល់​ថ្ងៃ​ប្រឡង​ ព្រោះ​មាន​សិស្ស​ពី​គ្រប់​សាលា​ត្រូវ​ទៅ​ស្នាក់​នៅ ​ មួយវិញទៀត ធ្លាប់ឭ​គេ​និយាយ​ថា ​បើ​ដល់​ថ្ងៃ​ប្រឡ​ង​ទើប​ជួល​​នោះ​ផ្ទះ​សំណាក់​មួយ​ចំនួន​បាន​តម្លើង​ថ្លៃ​»។ ប្រភព​ខាង​លើបញ្ជាក់។​

មិន​ខុស​ពី​យុវសិស្ស​ខាង​លើ ក​ញ្ញា​ ណាត់​ សុខណា ឲ្យ​ដឹង​ថា​ខ្លួន​ និង​មិត្ត​ម្នាក់​ទៀត​បាន​កក់​រួច​ហើយ​ដែរ​បន្ទប់​កង្ហារ​គ្រែ​ពីរ​ ដោយ​ក្នុង​មួយ​យប់​ថ្លៃ​១០​ដុល្លារ។ សុខណា ប​ន្តថា «ខ្ញុំ​គិត​ថា​បើ​ទៅ​កក់​ពី​ឥឡូវ​ទៅ​វា​នៅ​ថោក​ និង​បើ​ដល់​ពេល​ហ្នឹង​ខ្លាច​អស់​បន្ទប់»។

សម្រាប់​កញ្ញា ជុន ចាន់ណេត វិញ លើកឡើងថា​កញ្ញា បាន​ទៅ​កក់​បន្ទប់តាំងពី​ខែមេសា​មក​ម្លេះ ដោយ​កក់​បន្ទប់​ម៉ាស៊ីនត្រជាក់​គ្រែពីរ​ក្នុង​តម្លៃ​១០​ដុល្លារ​ក្នុង​មួយ​យប់។ « គ្រាន់​ចូល​ឆ្នាំ​ហើយ​​ភ្លាម ខ្ញុំ​ទៅ​ជួល​ភ្លាម​​ឲ្យបាន​មុន​គេ​ព្រោះខ្ញុំ​គិត​ថា​ទៅ​មុន​គេ​ជួល​បាន​ថោក»។

បើតាម​ការ​សាកសួរ​របស់អ្នកសារព័ត៌មាន​ Sabay ទៅ​កាន់​ម្ចាស់​ផ្ទះសំណាក់​មួយ​ចំនួន បាន​ឲ្យ​ដឹងថា​ម្ចាស់​ផ្ទះសំណាក់​ទាំងនោះ​បើក​ឲ្យ​មានការកក់​បន្ទប់មុន​យ៉ាង​ច្រើន​ត្រឹម​៧០​ភាគ​រយនៃ​បន្ទប់​ផ្ទះ​សំណាក់​ដែល​មានតែ​ប៉ណ្ណោះ ដោយថា​ទុក​៣០​ភាគរយ​សម្រាប់​ភ្ញៀវផ្សេង។ ចំពោះ​រឿង​តម្លៃ​វិញ​ម្ចាស់​ផ្ទះសំណាក់​ខ្លះថា​មិន​មាន​ថ្លៃ​ខុសគ្នា​ប៉ុន្មាន​ទេ តែ​សំខាន់​គឺ​អត់មាន​បន្ទប់​ទំនេរ​ច្រើន​ពេល​ដល់​ថ្ងៃ​ប្រឡង​។

ដោយ​ឡែក​អ្នកគ្រូ​ បូ សុធាវី គ្រូបង្រៀន​ភូមិវិទ្យា បាន​លើកឡើង​ថា​តាមបទ​ពិសោធន៍​អ្នកគ្រូ​កាលពី​​ឆ្នាំ​មុន​តម្លៃ​បន្ទប់​មិន​ថ្លៃ​ជាង​ថ្ងៃ​ធម្មតា​ប៉ុន្មាន​នោះ​ទេ តែ​ថា​អ្វីដែល​សំខាន់​គឺ​អត់​មាន​បន្ទប់​សម្រាប់​ជួល​ស្នាក់នៅ​ ឬ​ក៏​មាន​ដែរ​​តែឆ្ងាយពី​ទីរួមខេត្ត​បន្តិចបើ​ដល់​ថ្ងៃ​ប្រ​ឡង​ទើប​ទៅ​រក​ជួល​នោះ​៕ ​

អត្ថបទដោយ៖ គីម សាយ