Salah ជាប់​ឈ្មោះ​អង្គុយ​លើ​បង់​ក្នុង​ប្រកួត​យប់​នេះ

  • 2018-06-15 11:22:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ស្លាប​ Mohamad Salah បាន​ជាប់​ឈ្មោះ​ក្នុង​ចំណោម​កីឡាករ​អេហ្ស៊ីប​ដែល​អង្គុយ​លើ​បង់​ ក្នុង​ប្រកួត World Cup ​ប៉ះ​ជាមួយ​ក្រុម​ជម្រើស​ជាតិ​អ៊ុយរុយហ្គាយ​ដែល​នឹង​ធ្វើ​ឡើង​នៅ​ប្រមាណ​មួយ​ម៉ោង​ខាង​មុខ​នេះ។

​អេហ្ស៊ីប​កាល​ពី​ពេល​ជិត​មួយ​ម៉ោង​មុន​នេះ បាន​បង្ហាញ​ពី​ជម្រើស​ ១១ នាក់​នៃ​ក្រុម​ជម្រើស​ជាតិ​ខ្លួន។ ខ្សែ​ស្លាប​ឆ្នើម Salah ត្រូវ​បាន​ប្រកាស​ថា​ស្ថិត​ក្នុង​ចំណោម​កីឡាករ​បម្រុង​ក្នុង​ការ​ប្រកួត។

កីឡាករ​បាន​រង​របួស​ស្មា​ធ្ងន់ធ្ងរ​ក្នុង​អំឡុង​ប្រកួត​ Champions League វគ្គ​ផ្ដាច់ព្រ័ត្រ​ពេល​ប៉ះ​ជាមួយ Real Madrid កាល​ពី​ចុង​ខែ​ឧសភា​ កន្លង​ទៅ។

គ្រូ​ជម្រើស​ជាតិ​អេហ្ស៊ីប​លោក Hector Cuper

នេះ​គឺ​ជា​ការ​វិវត្តន៍​ល្អ​មួយ​សម្រាប់​ក្រុម​ជម្រើស​ជាតិ​អាហ្វ្រិក​មួយ​នេះ។ កាល​ពី​ម្សិលមិញ​ គ្រូ​ជម្រើស​ជាតិ​អេហ្ស៊ីប​លោក Hector Cuper បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា កីឡាករ​ Salah នឹង​មាន​ចំណែក​ក្នុង​ប្រកួត​ថ្ងៃ​នេះ បើ​មុខ​របួស​គ្មាន​អ្វី​វិវត្តន៍​ទៅ​ជា​អវិជ្ជមាន​ធំ​ដុំ​នោះ​ទេ។

Salah ត្រូវ​បាន​ចាត់​ទុក​ជា​កីឡាករ​មួយ​រូប​ដ៏​សំខាន់​សម្រាប់​ក្រុម​ជម្រើស​ជាតិ​ បន្ទាប់​ពី​ខ្សែ​ស្លាប​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ ក្នុង​​រដូវ​កាល​ ២០១៧/១៨ ​ជាមួយ​ក្លឹប Liverpool។ កីឡាករ​ស៊ុត​ចូល​ជាង ៤០ គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ជិត​ ២០ លើក។ ម៉្យាង​ទៀត​ ខ្សែ​ស្លាប Salah បាន​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​អេហ្ស៊ីប​ឲ្យ​បាន​ឡើង​លេង World Cup ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល ២៨​ឆ្នាំ។

បក​ទៅ​និយាយ​ពី​អ៊ុយរុយហ្គាយ​វិញ ក្រុម​ជម្រើស​ជាតិ​មួយ​នេះ​ក្នុង​អំឡុង​ពេល​ដូច​គ្នា ក៏​បាន​ចេញ​នូវ​ឈ្មោះ​ជម្រើស​ទាំង ១១ នាក់​របស់​ខ្លួន​ផង​ដែរ ដែល​នឹង​ត្រូវ​ប៉ះ​ជាមួយ​អេហ្ស៊ីប។ កីឡាករ​ល្បីៗ​ដូច​ជា ខ្សែ​ប្រយុទ្ធ Luis Suarez និង Edinson Cavani សុទ្ធ​តែ​ស្ថិត​ក្នុង​ចំណោម​ឈ្មោះ​ទាំង​នោះ។

ខាង​ក្រោម​ជា​ជម្រើស​ទាំង ១១នាក់​របស់​អេហ្ស៊ីប៖

El Shenawy; Fathy, Gabr, Hegazy, Abdel Shafi; Hamed, Elneny, Trezeguet, Said; Warda; Mohsen

ខាង​ក្រោម​ជា​ជម្រើស​ទាំង ១១នាក់​របស់​អ៊ុយរុយហ្គាយ៖

 Muslera, Varela, Godin, Gimenez, Caceres; Nandez, Betancur, Vecino, Arrascaeta, Suarez, Cavani៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម