WC 2018 កើត​ពិន័យ​១១​ម៉ែត្រ​​​៧​​លើក​​​ដែល​ចុង​ក្រោយ​នេះ​​​ជួយ​ ស៊ុយអែត ឈ្នះ​​ កូរ៉េ​ខាង​ត្បូង​

  • 2018-06-18 14:00:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​ប្រកួត​ World Cup 2018 បាន​កើត​មាន​ការ​ពិន័យ​​ប៉េណាល់​ទី​​១១​ម៉ែត្រ​ចំនួន​៧​លើក​​ហើយ​ គិត​ចាប់​​តាំង​ពី​បើក​ការ​ប្រកួត​​ចាប់​ផ្តើម​មក។ លើក​ទី​៧​នេះ​​បាន​ផ្តល់​ឲ្យ​ជម្រើស​ជាតិ​ស៊ុយ​អែត​យក​ឈ្នះ​កូរ៉េ​ខាង​ត្បូង​ដោយ​លទ្ធផល​ ១-០ ដើម្បី​ទទួល​បាន​៣​ពិន្ទុ​នៅ​​​ពូល​ F។

អ្នក​ចាំ​ទី​កូរ៉េ​ខាង​ត្បួង​លោត​ចាប់​បាល់

ការ​ប្រកួត​នៅ​វគ្គ​ទី​១ ស៊ុយអែត​បាន​ព្យាយាម​វាយ​សម្រុក​យ៉ាង​ខ្លាំង​ និង​មាន​ឱកាស​បញ្ជូន​​បាល់​ចូល​​តំបន់​គ្រោះ​ថ្នាក់​ ព្រម​ទាំង​ស៊ុត​​ជា​ច្រើន​លើក​ ប៉ុន្តែ​ត្រូវ​បាន​អ្នក​ចាំ​ទី​របស់​កូរ៉េ​ខាង​ត្បូង​ជួយ​សង្គ្រោះ​បាន។ ចំណែក​កូរ៉េ​ខាង​ត្បួង​វិញ​ ក្រៅ​ពី​​ប្រើ​ប្រព័ន្ធ​ការពារ​ខ្លាំង​ ក៏​បាន​ព្យាយាម​វាយ​បក​​ម្តង​ម្កាល​ដែរ។ យ៉ាង​ណា ការ​វាយ​បក​​នេះ​ត្រូវ​បាន​ខ្សែ​ការពារ​​ស៊ុយអែត​​រារាំង​បាន​ល្អ។

សកម្មភាព​ប្រកួត

៤៥​នាទី​វគ្គ​ទី​២​បាន​ចាប់​ផ្តើម​ឡើង​ដោយ​ក្រុម​កូរ៉េ​ខាង​ត្បូង​បាន​បង្កើន​ការ​គ្រប់​គ្រង​បាល់​ និង​​ព្យាយាម​សម្រុក​​វិញ​ម្តង​ ប៉ុន្តែ​គ្មាន​ប្រសិទ្ធភាព។ ​ផ្ទុយ​ទៅ​វិញ​ការ​សម្រុក​របស់​ស៊ុយ​អែត​​​នៅ​តំបន់​គ្រោះ​ថ្នាក់​បណ្តាល​ឲ្យ​​ខ្សែ​ការពារ​កូរ៉េ​ខាង​ត្បូង​បង្ក​កំហុស ហើយ​អាជ្ញា​កណ្តាល​​ផ្តល់​ពិន័យ​១១​ម៉ែត្រ បន្ទាប់​ពី​ពិនិត្យ​មើល​វីដេអូ​ជំនួយ​អាជ្ញា​កណ្តាល។ ភារកិច្ច​​ពិន័យ​១១​ម៉ែត្រ​នេះ​ Granqvist ស៊ុត​ចូល​បាន​សម្រេច​នៅ​នាទី​ទី​៦៥​ដើម្បី​ជួយ​ឲ្យ​ស៊ុយ​អែត​នាំ​មុខ ១-០។

ការ​ផ្តល់​ពិន័យ​១១​ម៉ែត្រ​ក្នុង​ព្រឹត្តិការណ៍​ World Cup 2018 ​គិត​ត្រឹម​ការ​ប្រកួត​រវាង​ស៊ុយអែត​ និង​កូរ៉េ​ខាង​ត្បូង​នេះ​​កើត​មាន​៧​ដង​ហើយ​។ ការ​សម្រេច​ចិត្ត​ផ្តល់​​​ពិន័យ​១១​ម៉ែត្រ​​គឺ​ពឹង​ផ្អែក​លើ​ វីដេអូ​ជំនួយ​អាជ្ញា​កណ្តាល​ (VAR) ​ដែល​ជា​ប្រព័ន្ធ​កាត់​សេចក្តី​តាម​បច្ចេកវិទ្យាសម័យ​ទំនើប។ រហូត​ដល់​ពេល​នេះ​​ការ​ទាត់​​ប៉េណាល់​ទី​​​៧​​​ដ​ង​គឺ​សម្រេច​ទី​បាន​​​៥​​ដង​ និង​មិន​​ចូល​​ទី​២​ដង។

សកម្មភាព​ប្រកួត

បន្ទាប់​ពី​ស៊ុយ​អែត​នាំ​មុខ កូរ៉េ​ខាង​ត្បូង​ក៏​បាន​ប្រឹង​សម្រុក​​ដើម្បី​រក​ឱកាស​ទម្លាយ​សំណាញ់​ទី​តាម​ស្មើ​ ប៉ុន្តែ​ហាក់​មិន​សូវ​មាន​ប្រសិទ្ធភាព​ឡើយ​ដោយ​របាំង​​ការពារ​របស់​ស៊ុយអែត​រឹង​មាំ​ខ្លាំង។ លទ្ធផល​នេះ​រក្សា​រហូត​ចប់​ការ​ប្រកួត។

សកម្មភាព​ប្រកួត

នៅ​ពេល​នេះ ក្រុម​ជម្រើស​ជាតិ​​ស៊ុយអែត​មាន​៣​ពិន្ទុ​ ឈរ​លេខ​២​ក្នុង​ពូល​ F ដែល​ស្មើ​នឹង​ក្រុម​ជម្រើស​ជាតិ​ម៉ិកស៊ីកូ​ដែល​មាន​៣​ពិន្ទុ​ ឈរលើ​កំពូល​តារាង។ ចំណែក​​អាល្លឺម៉ង់ស្ថិត​នៅ​លេខ​៣​ និង​កូរ៉េ​ខាង​ត្បូង ស្ថិត​នៅ​​បាត​តារាង​ដោយ​មិន​ទាន់​មាន​ពិន្ទុ​ដូច​គ្នា៕

សកម្មភាព​ប្រកួត
អ្នក​គាំទ្រ

អត្ថបទ៖ ជាន ចាន់រ៉ា