ប្រមុខការ​ទូត​ធំៗ​ប្រចាំ​UN នាំ​គ្នា​ស្លៀក​អាវ​ជម្រើស​ជាតិ​ខ្លួន ដើម្បី​អបអរ World Cup (មានវីដេអូ)

  • 2018-06-15 12:22:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ New York សហរដ្ឋអាមេរិក នាទីស្នាក់អង្គការសហប្រជាជាតិ អគ្គ​រាជ​ទូត អគ្គ​រដ្ឋ​ទូត ព្រម​ទាំង​អ្នក​ការ​ទូត​ធំៗ​ជា​ច្រើន​ទៀត​នៃ​បណ្ដា​ប្រទេស​ដែល​ស្ថិត​ក្នុង​ក្រុម​ប្រឹក្សា​សន្តិសុខ​សុទ្ធ​តែ​ត្រូវ​បាន​ប្រទះ​ឃើញ​ក្នុង​សំលៀកបំពាក់​អាវ​ក្រុម​ជម្រើស​ជាតិ​ខ្លួន ក្នុង​កិច្ច​ប្រជុំ​កាល​ពី​ម្សិលមិញ មុន​ពេល​រុស្ស៊ី​ប្រកួត​បើក​ឆាក​ World Cup ២០១៨ ជាមួយ​អារ៉ាប៊ីសាអ៊ូឌីត។

ប្រភព៖ ស្ថានបេសកកម្មរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ

ស្ថិត​ក្នុង​អាវ​ក្រុម​ជម្រើស​ជាតិ​ អគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​អង្គការ​សហប្រជាជាតិ​លោក Vassily Nebenzia ហាក់​មាន​ភាព​សកម្ម​ជាង​គេ ក្នុង​ការ​អបអរ​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ពិភពលោក​លើក​នេះ។ លោក​ត្រូវ​បាន​ប្រទះ​ឃើញ​ថា បាន​ស៊ុត ទាត់​បាល់​ទៅ​វិញ​ទៅ​មក​ជា​ច្រើន​លើក ព្រម​ទាំង​បង្ក​លក្ខណៈ​នៃ​ការ​លេង​ប៉ះ​បាល់​ជាមួយ​អ្នក​ការ​ទូត​ផ្សេង​ទៀត​ដែល​មាន​វត្តមាន​នៅ​ទី​នោះ។ បន្ត​បន្ទាប់​ទៀត បណ្ដា​ប្រមុខ​ការ​ទូត​របស់​បណ្ដា​ប្រទេស​ស្ថិត​ក្នុង​ក្រុម​ប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ​ក៏​បាន​រៀប​ចំ​ខ្លួន​ក្នុង​សំលៀកបំពាក់​ក្រុម​ជម្រើស​ជាតិ​រៀង​ៗ​ខ្លួន​ផង​ដែរ។ ប្រភព៖ Goal

ប្លែក​ខុស​គេ​ ចំពោះ​អគ្គ​លេខាធិការ​អង្គការ​សហប្រជាជាតិ លោក Antonio Guterres ដោយលោក​មិន​បាន​ស្លៀក​អាវ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ដែល​ជា​ប្រទេស​កំណើត​របស់​ខ្លួនឡើយ។ ផ្ទុយ​ទៅ​វិញ លោក​បាន​ជ្រើស​យក​សំលៀកបំពាក់​អាជ្ញាកណ្ដាល​ដើម្បី​ចូល​រួម​អបអរ​ព្រឹត្តិការណ៍ World Cup នៅ​រុស្ស៊ី។

ប្រមុខ​ការ​ទូត​ធំៗ​ទាំង​នោះ បាន​ជួប​ជជែក​សំណេះសំណាល​ពិភាក្សា​គ្នា រួច​ក៏​បាន​នាំ​គ្នា​ថត​រូប​ទុក​ជា​អនុស្សាវរីយ៍ មុន​ពេល​ចូល​ទៅ​កន្លែង​តុ​ប្រជុំ​រៀង​ៗ​ខ្លួន។

ទិដ្ឋភាពលោកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំ UN ព្រមទាំងបណ្ដាប្រមុខការទូតធំៗឯទៀត ទស្សនាការប្រកួតបើកឆាក World Cup ២០១៨ រវាងរុស្ស៊ី និងអារាប៊ីសាអ៊ូឌីត (ប្រភព៖ ស្ថានបេសកកម្មរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ)

សូម​បញ្ជាក់​ផង​ដែរ ក្រុម​ប្រឹក្សា​សន្តិសុខ​នៃ​អង្គការសហប្រជាជាតិ​ គឺ​ជា​ស្ថាប័ន​អន្តរជាតិ​ដ៏​សំខាន់​ និង​មាន​ឥទ្ធិពល ក្នុង​តួនាទី​ថែរក្សា "សន្តិភាព" និង​ "សន្តិសុខ" ពិភព​លោក។ ស្ថាប័ន​នេះ មាន​សមាជិក មក​ពី ១៥ ប្រទេស ក្នុង​នោះ ៥ គឺ​ជា​សមាជិក​អចិន្ត្រៃយ៍ ខណៈ ១០ គឺ​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​ដែល​តែង​តែ​ប្ដូរ​រៀងរាល់​ ២ ឆ្នាំ​ម្ដង។

បច្ចុប្បន្ន​ ប្រទេស​ជា​សមាជិក​ក្រុម​ប្រឹក្សា​សន្តិសុខ រួម​មាន៖ ចិន បារាំង រុស្ស៊ី អង់គ្លេស សហរដ្ឋអាមេរិក បូលីវី កូឌីវ័រ ហ្គីណេ អេត្យូពី កាហ្សាក់ស្ថាន គុយវ៉ែត ហុល្លង់ ប៉េរូ ប៉ូឡូញ និង​ស៊ុយអែត។

សូមទស្សនាវីដេអូខាង​ក្រោម អំពីទិដ្ឋភាពដែលប្រមុខទូតនៃបណ្ដាប្រទេសក្នុងក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិបានស្ថិតក្នុងសម្លៀកបំពាក់ក្រុមជម្រើសជាតិ៖៕

ប្រភព៖ RT   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម