Neymar: ខ្ញុំ​ជា​កីឡាករ​ល្អ​បំផុត​លើ​លោក ប៉ុន្តែ Messi និង Ronaldo គឺ​មនុស្ស​មក​ភព​ផ្សេង

  • 2018-06-16 09:56:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Neymar គឺ​ជា​ខ្សែប្រយុទ្ធ​វ័យក្មេង​មុត​ស្រួច​បំផុត​នា​ពេល​បច្ចុប្បន្ន តារាឆ្នើម​ប្រេស៊ីល​បាន​ចាត់ទុក​ខ្លួន​ឯង​ថា​ជា​កីឡាករ​ល្អ​បំផុត​លើ​លោក ប៉ុន្តែ​មិន​ហ៊ាន​ប្រដូច​​ជាមួយ​នឹង ម្ចាស់​ពានរង្វាន់ Ballon d'Or ៥​ សម័យ​កាល​​ទាំង​២​រូប​នោះ​ទេ។ Neymar ថា Messi និង Ronaldo គឺ​មនុស្ស​មក​ពី​ភព​ផ្សេង។

រូបភាពផ្តល់ដោយ AFP

ប្រេស៊ីល​គឺ​ជា​ក្រុម​មួយ​ដែល​អ្នកវិភាគ​ជាច្រើន​ជុំវិញ​ពិភពលោក​រំពឹង​ថា​នឹង​អាច​​ឈ្នះ​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក​លើក​ទី ៦ របស់​ខ្លួន​នៅ​ប្រទេស​រុស្ស៊ី ហើយNeymar នឹង​ដើរ​តួ​សំខាន់​ជា​កីឡាករ​នាំ​លេង​របស់​ក្រុម​សាំបា។

ទន្ទឹម​នឹង​នេះ ​អ្វី​ដែល​ជា​កង្វល់​ដ៏​ធំ​បំផុត​របស់​ប្រេស៊ីល​គឺ​ខា្លច​បាត់បង់ Neymar។ កីឡាករ​ឆ្នើម​វ័យក្មេង​ដែល​គេ​ទទួល​ស្គាល់​ថា​មាន​ចិត្ត​ឆេវឆាវ។ ប៉ុន្តែ​​គ្រាប់​ពេជ្រ​ប្រេស៊ីល​រូប​នេះ​បាន​​និយាយ​​ដោយ​ភាព​ចាស់​ទុំ​នៅ​ក្នុង Youtube Desimpedidos របស់​ប្រេស៊ីល​ថា "ទាត់​ធាក់​មិន​មែន​ជា​ការងារ​របស់​ខ្ញុំទេ។ ប្រសិន​បើ​គេ​ធាក់​ខ្ញុំ ខ្ញុំ​នឹង​បន្ត​បណ្ដើរ​បាល់​ទៀត ធ្វើ​ឲ្យ​គូ​ប្រកួត​ខក​ចិត្ត។ ប្រសិន​បើ​ខ្ញុំ​ខឹង​ខ្លាំង ខ្ញុំ​នឹង​ព្យាយាម​ទប់​​កំហឹង​ឲ្យ​បាន។ ខ្ញុំ​​នឹង​មិន​​ឲ្យ​អាជ្ញា​កណ្តាល​បញ្ជូន​ខ្ញុំ​ចេញ​ពី​ទីលាន​​ឡើយ"។​

ជម្រើសជាតិ​ប្រេស៊ីល​នៅអាកាសយានដ្ឋាន Sochi ប្រទេសរុស្ស៊ីនៅថ្ងៃទី ១១ ខែមិថុនាឆ្នាំ ២០១៨ មុនពេលការប្រកួត World Cup (រូបភាពផ្តល់ដោយ AFP)

គេ​នៅ​ចាំ​ថា World Cup ២០១៤ ក្នុង​នាម​​ជា​ម្ចាស់​ផ្ទះ ប្រេស៊ីល បាន​ឡើង​ដល់​វគ្គ​ពាក់​កណ្តាល​ផ្ដាច់ព្រ័ត្រ​ទល់​នឹង​អាឡឺម៉ង់​ដោយ​អវត្តមាន Neymar ព្រោះ​រង​របួស​ពេល​ប្រកួត​ជាមួយ​កូឡុំប៊ី។ កាល​នោះ ឥន្ទ្រី​ដែក​អាឡឺម៉ង់​បាន​បំបាក់​ក្រុម​ជើងឯក World Cup ៥ សម័យ​កាល​ដែល​បាន​ឈ្នះ​ពាន​ពិភពលោក​ច្រើន​លើស​ប្រទេស​ណា​ណា​ទាំង​អស់ ដោយ​លទ្ធផល ៧-១ ហើយ​ព្រឹត្តិការណ៍​​នោះ​បាន​ក្លាយ​ទៅ​ជា​ការ​ចងចាំ​បំផុត​​ក្នុង​ចំណោម​ប្រវត្តិសាស្ត្រ World Cup៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទពេញនិយម