អ្នក​ចាំ​ទី អ៊ីស្លង់ ​ប្រាប់​ក្បួន​ ដើម្បី​ចាប់​បាល់​ប៉េណាល់ទី Messi ​បាន​

  • 2018-06-17 01:36:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អាហ្សង់ទីន បាន​ត្រឹម​ស្មើ​ជាមួយ​អ៊ីស្លង់ ១-១ ​ប៉ុណ្ណោះ ក្នុង​ការ​ប្រកួត​បើក​ឆាក​ក្នុង​ពូល​កាល​ពី​យប់មិញ​នេះ។

ខ្សែ​ប្រយុទ្ធ Sergio Aguero ​ជា​អ្នក​រក​គ្រាប់​បាល់​ឱ្យ​ក្រុម​អាហ្សង់ទីន​មុន​នាំ​មុខ ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន​ផង​កីឡាករ​ Alfre Finnbogason ​រក​គ្រាប់​បាល់​ឱ្យ​អ៊ីស្លង់​តាម​បាន​ស្មើ​វិញ។ ចូល​ដល់​តង់​ទី​២ ​អាហ្សង់ទីន​មាន​ឱកាស​នាំ​មុខ​ជា​ថ្មី​ហើយ ​ដោយ​បាល់​ប៉េណាល់ទី ប៉ុន្តែ​បែរ​ជា Messi ​ធ្វើ​មិន​បាន​សម្រេច​ទៅ​វិញ ដោយ​សារ​អ្នក​ចាំ​ទី​សង្គ្រោះ​បាន។

Halldorsson ​អ្នក​ចាំទី​របស់​អ៊ីស្លង់​បាន​និយាយ​ថា​៖ “ខ្ញុំ​បាន​មើល​វីដេអូ​ជា​ច្រើន​របស់ Messi ​ដូច​ជា​បាល់​ប៉េណាល់ទី​ជា​ដើម ​ព្រោះ​ខ្ញុំ​ដឹង​ថា​វា​នឹង​កើត​ឡើង​ក្នុង​ការ​ប្រកួត​នេះ។ ខ្ញុំ​ព្យាយាម​ស្វែង​យល់​ពី​គាត់ មើល​វីដេអូ​គាត់​ដដែល​ៗ​ច្រើន​ដង ហើយ​ចុងក្រោយ​ខ្ញុំ​ពិត​ជា​បាន​សង្គ្រោះ​បាល់​ពី​ជើង​គាត់​មែន។ ១​ពិន្ទុ​យប់មិញ​ដែល​យក​បាន​ពី​អាហ្សង់ទីន គឺ​ពិត​ជា​សំខាន់​ណាស់​សម្រាប់​ក្រុម”។

អ៊ីស្លង់​បាន​១​ពិន្ទុ​យប់មិញ ​ត្រូវ​ប្រកួត​បន្ដ​ជាមួយ​ក្រុម​នីហ្សេរីយ៉ា ​ដែល​ទើប​តែ​ចាញ់​ក្រូអាត​ក្នុង​លទ្ធផល ២-០ ​កាល​ពី​យប់មិញ​ដែរ។ ការ​ប្រកួត​នេះ នឹង​ធ្វើ​ឡើង​នៅ​សប្ដាហ៍​ក្រោយ​ឯ​ណោះ៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ មុន្នីរម្យ