នៅ​ក្មេងទេ តែ​ចេះរកលុយ​ពីរបរ​ងាយ​ៗដើម្បី​បាន​ប្រាក់​រៀន​សូត្រ

  • 2018-06-19 02:48:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្លៀត​​ពេល​ទំនេរ​ពីការ​សិក្សា​ កុមារា​​​ពីរ​នាក់​​មិន​ចំណាយ​ពេល​ដើរ​លេង​ឥត​ប្រយោជន៍​នោះ​ឡើយ តែ​អ្នក​ទាំងពីរ​​បាន​នាំ​គ្នា​ដើរ​តាម​ព្រៃ​ក្នុង​បរិវេណ​ឧទ្យាន​អង្គរ​ដើម្បី​ចាប់​មេអំ​បៅ​គ្រប់​ប្រភេទ​សម្រាប់​​លក់​យក​ប្រាក់​ផ្គត់ផ្គង់​ការ​សិក្សា​របស់​ខ្លួន​។

(កុមារា​ ហាន់ និង​ម៉ី ដើរចាប់មេអំបៅ​ដើម្បី​បាន​ប្រាក់​ផ្គត់ផ្គង់ការសិក្សា)

កុមារា ហាន់ និង ​ម៉ី ប្រាប់​Sabay ថា ដើម្បី​បាន​ថវិកាខ្លះ​ផ្គត់​ផ្គង់​ការសិក្សា ខ្លួន​បាន​ដើរ​ចាប់​សត្វ​មេអំ​បៅ​​រយៈ​ពេល​ជិតបី​ខែ​មក​ហើយ​​ដើម្បី​យក​ទៅ​លក់​នៅ​ហាង​អាហារ​មួយ​កន្លែង​ក្នុង​ក្រុង​សៀម​រាប​។

កុមារា ហាន់ ឲ្យ​ដឹង​ទៀតថា​ អ្នក​ទាំងពី​រ​ដើរ​ចាប់​មេអំបៅនៅ​ពេល​ព្រឹក​ និង​ទៅ​រៀន​នៅ​ពេល​រសៀល ហើយ​ថា​ការ​ដើរ​ចាប់​មេអំបៅ​បាន​ត្រូវចំណាយ​ពេល​ពីរ​ព្រឹក​ទើប​អាច​យក​ទៅ​លក់​បាន​ម្តង ដោយ​ម្តង​មាន​មេអំបៅ​ចន្លោះ​ពី​២០​ទៅ​៤០​ក្បាល និងថា​បានប្រាក់​ជា​មធ្យម១៥ ០០០រៀល។

អ្នកទាំងពីរ​ឲ្យដឹងថា៖ « ដំបូង​ឡើយ​ពួកខ្ញុំ​អត់​ដឹង​ថា​មាន​គេ​ទិញ​មេអំ​បៅ​ទេ តែ​បាន​បង​ប្រុស​គាត់​ធ្លាប់​ដើរ​ចាប់​មេអំ​បៅ​ប្រាប់​ថា ​ឲ្យ​តែចាប់​បាន​គឺ​មាន​ហាង​នៅម្ដុំព្រះ​អង្គ​ចេក​ព្រះអង្គ​ចម​ចាំ​ទទួល​ទិញ​ហើយ។ ចំពោះ​មេ​អំបៅដែ​លហាង​ទទួល​ទិញ​គឺ​ដើម្បី​ដាក់​តាំង​​ឲ្យភ្ញៀវ​បាន​ទស្សនា»។

កុមារា ហាន់ ឲ្យដឹងថា ​​ដើម្បី​អាច​ចាប់មេអំបៅ​បាន គឺត្រូវមាន​ឧបករណ៍​ឃ្លុប​ដងវែង​ និង​កន្ដ្រក​សម្រាប់​ដាក់​មេអំបៅ។ អ្នក​ទាំង​ពីរថា​ខ្លួន​បាន​​ដើរ​ចាប់​មេអំបៅ​តាម​តំបន់​ឧទ្យាន​អង្គរ​ដែល​​មាន​ផ្កាព្រៃ​ច្រើន។

ក្នុងមួយ​ខែ​ កុមារា ហាន់ និង​ម៉ី ថា​អាច​រក​ចំណូល​ពី​ការ​ដើរ​ចាប់​មេ​អំបៅ​បាន​ចន្លោះពី ២០ ទៅ២៥ម៉ឺនរៀល។ ប្រាក់​ដែល​អ្នទាំង​ពីរ​​ទទួល​បាន​គឺជូន​ទៅម្ដាយ​សម្រាប់​ទិញ​ម្ហូបខ្លះៗ និង​សម្រាប់​ចំណាយ​លើការ​សិក្សា​ខ្លះ៕​

អត្ថបទដោយ៖ រស់ សុជាតិ​

អត្ថបទពេញនិយម