ធ្លាប់ធ្លាក់ទឹកចិត្តរាប់មិនអស់ យក់ ឆេងហាក់ ប្រឹងរហូតក្លាយជាពិធីករដូចក្តីប្រាថ្នា

  • 2018-06-19 11:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទម្រាំ​អាច​ឈរ​ជើង​ក្នុង​វិស័យ​សិល្បៈ កម្លោះ​សង្ហា យក់ ឆេង ហាក់ ហែល​ឆ្លង​រឿង​ជូរចត់​រាប់​មិន​អស់ សូម្បី​ក្រុម​គ្រួសារ​ក៏​បំបាក់​ទឹក​ចិត្ត តែ​ទី​បំផុតពិធីករ​វ័យ​ក្មេង​រូប​នេះ​បន្ត​តស៊ូ​រហូត​មាន​ក្រុមហ៊ុន​ធំ​ៗ​ជា​ច្រើន​ទាក់​ទង​ជា​បន្តបន្ទាប់។

ឆេង​ហាក់​ រៀប​រាប់​ថា ខ្លួន​ស្រលាញ់​អាជីព​សិល្បៈ​តាំង​ពីតូច ប៉ុន្តែ​សមាជិក​ក្នុង​គ្រួសារ​គ្មាន​អ្នក​ណា​ម្នាក់​ជំរុញ​ ឬ​លើក​ទឹកចិត្ត​នោះ​ទេ ផ្ទុយ​ទៅវិញ មាន​តែ​បន្តុះបង្អាប់​និង​ប្រាប់​ឲ្យ​ ឆេង ហាក់​ បោះ​បង់​ហើយ​ឈប់​ស្រមៃ​ទៀត​ទៅ។ ដោយ​ក្តី​ស្រលាញ់ យុវជន​វ័យ​ក្មេង​រូប​នេះ​ឆក់​បាន​ឱកាស​ជា​តារា​ចម្រៀង​ក្នុង​ផលិតកម្ម​ថ្មី​មួយ ប៉ុន្តែ​ធាតុ​ពិត គ្រាន់​ជា​សុបិនគ្មាន​រូបរាង​ ព្រោះ​ប្រឡូក​ជាង​មួយ​ឆ្នាំ ផលិត​កម្ម​មិន​ផ្ដល់​បទ​ចម្រៀង​ឲ្យ​សូម្បី​មួយ​បទ។

ដោយ​មិន​អាច​បន្ត​បាន កំលោះមាន​ស្រុក​កំណើត​នៅ​ខេត្ត​កោះ​កុង​ក៏​បោះបង់​អាជីព​មួយ​នេះ​ទាំង​ស្ដាយ​ស្រណោះ ហើយ​មក​បន្ត​ការ​សិក្សា​វិញ។ ក្រោយ​រៀន​ចប់ ខ្លួន​ដឹង​ថា​បំណង​ប្រាថ្នា​តាំង​ពី​តូច​ចង់​ធ្វើ​ជា​អ្នក​សិល្បៈ​មិន​ទាន់​បាន​សម្រេច​នៅ​ឡើយ ក៏​ប្រឹង​ប្រែង​ដោយ​ខ្លួន​ឯង​ស្វែង​រក​ឱកាស​បាន​ធ្វើ​ជា​ពិធីករ​ក្នុង​កម្មវិធី​មួយ ប៉ុន្តែ​មិន​ទទួល​បាន​ប្រាក់​កម្រៃ​ឡើយ​។ បន្ទាប់​មក លោក​បាន​ស្វះ​ស្វែង រហូត​បាន​ធ្វើ​ជា​ពិធីករ​នៅ​ស្ថានីយទូរទស្សន៍​មួយ​។

ឆេង ហាក់​ ចាប់​ផ្ដើម​បង្ហាញ​សមត្ថភាព​ពី​កំណើត​របស់​ខ្លួន​ក្នុង​កម្ម​វិធី​កម្សាន្ត ហើយ​ទទួល​បាន​ការ​គាំ​ទ្រ​យ៉ាង​ច្រើន​ពី​ពុក​ម៉ែ​បង​ប្អូន ពិត​ជា​ពូកែ​សំនួន​វោ​ហារ ចេះ​បង្កើត​បរិយាកាស​សំណើច​មិន​រីង​ស្ងួត​ដល់​អ្នក​ទស្សនា។​​​​ ម្ដង​នេះ​ ទើប​កូន​ប្រុស​ពៅ​ក្នុង​ចំណោម​បង​ប្អូន​បួន​នាក់​ដឹង​ច្បាស់​ថា ខ្លួន​មាន​ទេពកោសល្យ​លើ​ផ្នែក​នេះ។ ដោយ​ចង់​បណ្ដុះ​សមត្ថភាព​ឲ្យ​រីក​ចម្រើន​ជាង​នេះ យក់ ឆេង​ហាក់ មក​ធ្វើ​ពិធីករ​ឯករាជ្យ​វិញ ហើយ​ទី​ផ្សា​រសិល្បៈ​ចេះ​តែ​មាន​ជា​ហូរ​ហែរ ដោយ​ក្រុម​ហ៊ុន​ធំ​ៗ​ល្បី​ឈ្មោះ​ជា​ច្រើន​ទាក់​ទង​ឲ្យ​កំលោះ​សង្ហាធ្វើ​ជា​ពិធីករ​ក្នុង​កម្មវិធី​របស់​គេ។

ក្រៅ​ពី​នេះ ពន្លក​សិល្បៈ​រូប​នេះ​ ទទួល​បាន​ការ​ថត​ស្ប៉តពាណិជ្ជកម្ម សម្ដែង​រឿង​ និង​ថត MV ជា​ដើម ធ្វើ​ឲ្យ​ យក់ ឆេង​ហាក់ កាន់​តែ​មាន​កម្លាំង​ចិត្ត​បន្ត​លើ​វិថី​មួយ​នេះ​មិន​រួញ​រា៕​​​​​​​​

រូបភាព៖ ផ្តល់សិទ្ធិដោយ យក់ ឆេងហាក់

អត្ថបទ៖ លឹម សុនា

អត្ថបទថ្មី