រដូវភ្លៀងធ្លាក់! ចំណុចគួរដឹង​ពេល​កើតជំងឺ​ផ្តាសាយធំ (មាន​វីដេអូ)

  • 2018-06-19 08:02:03
  • ចំនួនមតិ

ចន្លោះមិនឃើញ

នាយក​ដ្ឋាន​ប្រ​យុទ្ធ​នឹង​ជំងឺ​ឆ្លង​របស់​ក្រ​សួង​សុខាភិបាល​នៅ​រសៀល​នេះ​តាម​រយៈ​ទំព័រ​ហ្វេស​ប៊ុក​របស់​ខ្លួន​បានជូន​ដំណឹង​ដល់​ប្រ​ជា​ពល​រដ្ឋ​អំពី​ករណី​អាច​កើតមានជំងឺ​ផ្តាសាយ​ធំ ដោយ​ថា​ពេលនេះ​ជា​រដូវភ្លៀង​ធ្លាក់​។

(បុរស​ម្នាក់​កំពុង​ជិះ​ម៉ូតូ​កាត់​ភ្លៀង​នៅ​ទីក្រុង​ភ្នំពេញ)

នាយក​ដ្ឋាន​ជំនាញ​ខាង​លើ​សរសេរ​ថា​នៅ​រដូវភ្លៀង​ជា​រដូវ​មាន​ឆ្លង​ជំងឺ​ផ្តាសាយ​ធំ​នៅ​កម្ពុជា ប៉ុន្តែ​ថា​រហូត​មក​ដល់ពេលនេះ​មន្ត្រីជំនាញ​មិន​ទាន់រកឃើញ​ថា​មាន​ជំងឺនេះ​នៅ​កម្ពុជា​នៅ​ឡើយ។ ជំងឺ​ផ្តាសាយ​ធំនេះ​អ្នកជំនាញ​រកឃើញ​ថា​កើត​ឡើង​ដោយ​មេរោគ​ផ្តាសាយ​ (Seasonal Influenza) H1N1 H3N2 H2N2 Influenza B & C ហើយ​អង្គភាពជំនាញនេះ​​បាន​ដាស់តឿន​ប្រជា​ពល​រដ្ឋ​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់។

រោគសញ្ញា​នៃ​ជំងឺ​ផ្តាសាយ​ធំមាន​គ្រុនក្តៅលើសពី​៣៨,៥អង្សាសេ និងមានក្អក ឬឈឺ ក និងមាន​ករណី​ខ្លះអាចឈាន​ដល់​ហត់​ក៏មាន។ សម្រាប់​ការ​ព្យាបាល​វិញ​ប្រ​ភព​ខាង​លើ​បន្តថា​អាច​ប្រើ​ថ្នាំ​បញ្ចុះ​កម្តៅ ទទួលទានទឹក​ឲ្យបាន​ច្រើន គេង​ឲ្យបាន​លក់​ស្កប់ស្កល់ បន្ថយ​ការ​ហាត់​ប្រាណ ហូប​អាហារ​មាន​ជីវិជាតិ ពិសេស​មាន​វិតាមីនសេ។ ការ​ប្រើ​ប្រាស់​ថ្នាំផ្សះគ្មាន​ប្រ​សិទ្ធិភាព​សម្លាប់​មេរោគនេះទេ និង​ថែមទាំង​ធ្វើឲ្យ​សុខភាព​ទ្រុឌទ្រោម និង​មិន​ងាយ​ជាពីជំងឺ​ផ្តាសាយធំ​ផង​ដែរ។ ប្រ​ភព​ខាង​លើ​បញ្ជាក់។​

ក្នុង​ករណី​ព្យាបាល​បី​ថ្ងៃហើយ​មិន​បានធូរស្រាល​ឬវិវត្តទៅជា​ហត់​ខ្លាំង​ អង្គភាពជំនាញ​ដដែល​​ណែនាំ​ឲ្យ​អ្នកជំងឺ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ពិនិត្យ​ និងព្យាបាល​សម្លាប់មេរោគផ្តាសាយធំនេះ។ ក្នុង​ករណី​នៅ​តាម​ភូមិ សាលារៀន ឬកន្លែង​ធ្វើការមាន​ជំងឺ​គ្រុន​ក្តៅ​ច្រើន​អាច​រាយការណ៍​ទៅ​កាន់​លេខ​ ១១៥ ដោយមិនគិត​ថ្លៃ៕

ទស្សនាវីដេអូ៖


អត្ថបទ៖ ទូច សុខា