ឧកញ៉ាមួយរូប ប្រកាសផ្ដល់ទុនឲ្យយុវជនរកស៊ី មិនគិតការប្រាក់មួយរៀល

  • 2018-06-19 08:15:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​វិនិយោគ​ក្នុង​ស្រុក​មួយ​រូប​ លោក​ឧកញ៉ា​ សៀ ឬទ្ធី​ ស្ថាបនិក​នៃ​ក្រុមហ៊ុន​ Worldbridge Group ​បាន​ផ្ដើម​គំនិត​បង្កើត​មូល​និធិ​​អាជីកម្ម​ (មិនមែន​ធនាគារ​ពាណិជ្ជ) ​ក្នុង​គោល​បំណង​​វិនិយោគ​ជាមួយ​​យុវជន ជាសហគ្រិន​ក្មេង​ៗ ដែល​គ្មាន​ធនធាន​ធ្វើ​អាជីវកម្ម​ ឬ​ចង់​ពង្រីក​​អាជីវកម្ម​ពីតូច​ទៅ​មធ្យម​ ឬ​ធំ​។

មូល​និធិ​អាជីវកម្ម​ទី​មួយ​នៅ​កម្ពុជា​ឈ្មោះថា​ OCCTANE ដែល​បាន​បោះ​ទុន​ដំបូង​រហូត​ដល់​ ៥លាន​ដុល្លារ​អាមេរិក​ មាន​មហិច្ឆតា​ជួយ​ឲ្យ​យុវជន​មាន​គំនិត​រកស៊ី​ក្លាយ​ជា​សគ្រិន​វ័យ​ឆ្លាត​របស់​កម្ពុជា​ ឆ្ពោះ​ទៅ​រក​សេដ្ឋកិច្ច​ឌីជីថល​នា​ពេល​អនាគត។

​​​ឧកញ៉ា​ សៀ ឬទ្ធី​ ថ្លែង​ថា ៖ ​«នៅ​ក្នុង​ប្រទេស​កម្ពុជា​ មិន​សូវ​ខ្វះ​ទេ​គំនិត​ច្នៃ​ប្រឌិត​ និង​ស្មារតី​សហគ្រិន។​មូល​និធិ​អាជីវកម្ម គឺ​ជា​ឫសគល់​នៃ​ចក្ខុវិស័យ​មួយ​របស់​យើង ព្រោះ​ខ្ញុំ​បាន​ឃើញ​សហគ្រិន​កម្ពុជា​ជំនាន់​ថ្មី​ជា​ច្រើន​មាន​គំនិត​អាជីវកម្ម​ល្អៗ​ តែ​មិន​មាន​ដើមទុន​ ​ ហើយ​អ្នកខ្លះ​បាន​ចាប់​ផ្ដើម​ធ្វើ​ជំនួញ​​ហើយ​ក៏​ដួល​ទៅ​វិញ ​ដោយសារ​តែ​ខ្វះ​អ្នក​ជំនាញ​ប្រឹក្សា និង​ការ​លើក​ទឹក​ចិត្ត»។ ​​

លោក​ឧកញ៉ា​ សៀ ឬទ្ធី​

​«​​​​​​​​​យើង​នឹង​ផ្ដល់​ការ​វិនិយោគ​ចន្លោះ​ពី​ ៥០០០ដុល្លារ ដល់​ ១ម៉ឺន​ដុល្លារ​សម្រាប់​ការ​ចាប់​បើក​​​ដំណើរ​ការ​ក្រុមហ៊ុន​ដំណាក់​កាល​ដំបូង​។ ​​​សម្រាប់​ក្រុមហ៊ុន​ដែល​មាន​ផលិតផល​ប្រើប្រាស់​នៅ​ក្នុង​ទីផ្សារ​រួច​ហើយ​ ក៏​អាច​ទទួល​បាន​មូល​និធិ​ចាប់​ពី​ ២៥ ០០០ដុល្លារក្នុង​មួយ​ក្រុមហ៊ុន។ ​ជាង​នេះ​ទៀត​ មូលនិធិ​នេះ​ដែរ ​នឹង​ផ្ដល់​ការ​​ប្រឹក្សា​អាជីវកម្ម​ ក៏​ដូច​ជា​ធនធាន​មនុស្ស​បន្ថែម​ ប្រសិន​បើ​មាន​តម្រូវការ​»។ លោក​ឧកញ៉ា បន្ថែម​។

អ្នក​ជំនួញ​ជើង​ចាស់​រូប​នេះ បញ្ជាក់​ថា ​មូល​និធិ​នេះ​ផ្ដល់​ដើម​ទុន​ដល់​សហគ្រិន​មិន​ទាម​ទារ​ការ​ប្រាក់​នោះ​ទេ ប៉ុន្តែ​ត្រូវ​មាន​​លក្ខខណ្ឌ​តម្រូវ​​ដើម្បី​ទទួល​ប្រាក់​ទុន​នោះ ​​ត្រូវ​​មាន​គំនិត​ច្នៃ​ប្រឌិត​ ថា​ចង់​ធ្វើអី្វ (មាន​គម្រោង​អាជីវកម្ម​ច្បាស់​លាស់) ​អាជីវកម្ម​ជា​ក្រុម ឬ​បុគ្គល ​និង​មាន​ទស្សន​វិស័យ​ផ្ដោត​លើ​អ្វី​មួយ​ប្រាកដ​។ តួយ៉ាងអាជីវកម្មអាទិភាព រួមមាន វិស័យ​ចល័តដឹកជញ្ជូន​ ពាណិជ្ជកម្មអេឡិចត្រូនិច( E-commerce) បច្ចេកវិទ្យាហិរញ្ញវត្ថុ( Fintech) បច្ចេកវិទ្យាកសិកម្ម (agrotech) បច្ចេកវិទ្យាអប់រំ (edutech) សុខភាព(biotech) និងទេសចរណ៍ជាដើម។

(រូបតំណាង)

​​​ឧកញ៉ា​ សៀ ឬទ្ធី​ បង្ហើបថា ​ចំពោះ​ភាគលាភ​រវាង​អ្នក​ផ្ដល់​ទុន​ និង​ម្ចាស់​អាជីវកម្ម​នឹង​ត្រូវ​ពិភាក្សា​តាម​ក្រោយ នៅ​ពេល​ណា​មួយ​​ដែល​ក្រុមហ៊ុន​នោះ​បាន​​ដំណើរ​ការ​រលូន​ និង​មាន​ផល​កម្រៃ​​សមរម្យ​។

ឯកឧត្តម កាន ច័ន្ទមេត្តា រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ គូសបញ្ជាក់ថា ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យាព័ត៌មាន ខ្ញុំជឿថា កម្ពុជានឹងមានសហគ្រិនបច្ចេកវិទ្យាឈានមុខមួយក្នុងវិស័យឌីជីថលនាពេលអនាគត។

ឯកឧត្តម កាន ច័ន្ទមេត្តា

យុវជន​ម្នាក់​ ចូល​រួម​ក្នុង​សន្និសីទ​បើក​ក្រុមហ៊ុន​ មូល​និធិ​អាជីវកម្ម ​សូម​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់ Sabay ថា៖ « ខ្ញុំ​រីករាយ​ចំពោះ​មូល​និធិ​នេះ ប៉ុន្តែ​គម្រោង​អាជីវកម្ម​ខ្ញុំ ​ត្រឹម​ ៥០០០ដុល្លារ វា​តិច​តួចពេក​​ប្រសិន​បើ​រកស៊ី​នៅ​ភ្នំពេញ​គឺ​មិន​គ្រប់​គ្រាន់​ទេ​ ប៉ុន្តែ​បើ​មូល​និធិ​នេះ​មាន​ផ្ដល់​ទីតាំង​ឲ្យ​ទៀត​នោះ​កាន់​តែ​ល្អ»។​​​​​​​​​​​​

អត្ថបទ៖ ស៊ិន សាវ៉េត

រូបភាពផ្ដល់ឲ្យ