ម៉ូដែល​ថៃ Jessie Vard ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​បទ​ផ្សព្វផ្សាយ​ល្បែង​ចាក់​បាល់

  • 2018-06-19 10:16:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​ប៉ូលិស​ប្រទេស​ថៃ​បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​អង្គារ ទី​១៩​នេះ​ថា តារា​ម៉ូដែល Jessie Vard អាច​នឹង​ត្រូវ​ជាប់​ពន្ធនាគារ​រយៈពេល ១​ឆ្នាំពី​បទ​ផ្សព្វផ្សាយ​ការ​ភ្នាល់​បាល់។

តាម​មន្ត្រី​ប៉ូលិស​ម្នាក់​ប្រចាំ​តំបន់ Phaya Thai បាន​និយាយ​ថា តារា​ម៉ូដែល​វ័យ ២១​ឆ្នាំ​រូប​នេះ និង​តារា​ម៉ូដែល ៤​នាក់​ផ្សេង​ទៀត បាន​បំពាន​ច្បាប់ ដោយ​ផ្សព្វផ្សាយ​ការ​លេង​ល្បែង​ស៊ីសង​លើ​បណ្ដាញ​សង្គម។ ប៉ូលិស​រូប​នេះ​បាន​អះអាង​ថា ស្ត្រី​៥​នាក់​ដែល​ជា​តារា​ម៉ូដែល​នេះ បាន​បំពាន​​មាត្រា​ទី​១២ នៃ​ច្បាប់​មិន​ឲ្យ​មាន​ការ​លេង​ល្បែង​ស៊ី​សង ដោយ​​ពួក​គេ​បាន​ផ្សព្វផ្សាយ និង​ញុះញង់​ឲ្យ​អ្នក​លេង​បណ្ដាញ​សង្គម​ភ្នាល់​គ្នា​ចាក់​បាល់​ក្នុង​ការ​ប្រកួត World Cups។ ជន​សង្ស័យ​៤​រូប​ទៀត​មាន​ឈ្មោះ​ថា Paradee Koosinsap, Saitarn Yim-ampai, Nirada Kuenongkun និង Thanyakarn Lojin។

ការ​ផ្សព្វផ្សាយ​ល្បែង​ខុស​ច្បាប់​នេះ អាច​ធ្វើ​ឲ្យ​ពួក​គេ​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​រយៈពេល ១ ឆ្នាំ និង​ពិន័យ​ជា​សាច់​ប្រាក់​ចំនួន ១ ០០០​បាត (៣០ដុល្លារ)។ បច្ចុប្បន្ន ប៉ូលិស​កំពុង​រៀប​ចំ​សំណុំ​រឿង ដើម្បី​បញ្ជូន​ស្ត្រី​ម៉ូដែល​ទាំង ៥​រូប​នេះ​ទៅ​កាន់​តុលាការ។

បើ​តាម​តារា​ម៉ូដែល Jessie Vard បាន​និយាយ​បក​ស្រាយ​​នៅ​ប៉ុស្តិ៍​ប៉ូលិស​ថា នាង​ចង់​ចេញ​មុខ​សុំទោស និង​និយាយ​ថា​នាង​មិន​ដែល​ធ្លាប់​បាន​ជួប​អ្នក​ដែល​ជួល​នាង​ឲ្យ​ផ្សព្វផ្សាយ​គេហទំព័រ​ចាក់​បាល់​នេះ​ទេ។ នាង​បន្ថែម​ថា នាង​បាន​បាត់​លេខ​ទូរស័ព្ទ​ជន​នោះ ក្រោយ​នាង​ត្រូវ​បាន​ចាប់​ខ្លួន។

តារា​ម៉ូដែល​រូប​នេះ និយាយ​ទៀត​ថា នាង​បាន​ឃើញ​គេហទំព័រ​ចាក់​បាល់​ជា​ច្រើន តែ​មិន​បាន​ដឹង​ថា​វា​ខុស​ច្បាប់​នៅ​ក្នុង​ប្រទេស​ថៃ​នោះ​ទេ។

គួរ​រម្លឹក​ដែរ​ថា ក្នុង​រដូវ​កាល​ការ​ប្រកួត World Cup នេះ ប្រទេស​ថៃ​បាន​ជួប​ប្រទះ​រឿង​លេង​ល្បែង​ខុស​ច្បាប់​នេះ​ជា​ច្រើន ខណៈ​ជន​មួយ​ចំនួន​បាន​ជួល​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ និង​តារា​ម៉ូដែល​ស្អាត​ឲ្យ​ផ្សព្វផ្សាយ​គេហទំព័រ​របស់​ពួក​គេ​ដើម្បី​ទាក់ទាញ​អតិថិជន​របស់​ខ្លួន៕​​

ប្រភព៖ Khaosodenglish   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម
អត្ថបទថ្មី