តារា​ចម្រៀង​ឯក​រាជ្យ​ ​Thou RG ត្អូញ​ត្អែរ​​ពេល​ថត MV ម្ដង​ៗ ចង់រក​ Sponsor ដូច​ទៅ​សុំ​ភ្លើង​យក្ស

  • 2018-06-20 02:21:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ធ្វើ​ជា​តារា​ចម្រៀង​ឯក​រាជ្យ​មិន​ទាន់​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ Thou RG​ ត្អូញ​ត្អែរ​ថា ​មិន​ងាយ​ស្រួល​ឡើយ​ ព្រោះ​​ពិបាក​រក​អ្នក​ឧបត្ថម្ភ​ខ្លាំង​ណាស់​ ពេល​ចង់​ថត MV ម្ដង​ៗ។​​​ ​តារា​ចម្រៀង​ Original Song រូប​នេះ​ រៀប​រាប់​ថា ស្ទើរ​គ្រប់​ MV ខំផលិត​ឡើង​យ៉ាង​ត្រ​ដាប​ត្រ​ដួស និង​សន្សំ​សំ​ចៃ​បំផុត។

ជាក់​ស្ដែង​បទ​ថ្មី​មាន​ចំណង​ជើង​​ " បង​អាច​ជួយ​បាន​" ​​ត្រូវ​ថតសំឡេង​នៅ​ផ្ទះ​ មិន​មាន​ជួល​ Studio នោះ​ឡើយ។ ​រី​ឯ​ឧបករណ៍​សម្រាប់​ថត​ផ្សេងៗ​ ដោយសារ​ស្គាល់​គ្នា​ជាមួយ​លោក សុខ ជំនោរ ក៏​អនុញ្ញាត​ឲ្យ​ប្រើ​ប្រាស់។ ​ចំពោះ​តួ​សម្ដែង​វិញ ​​ធ្លាប់​ស្គាល់​គ្នា​ពី​មុន ទើប​តួ​មិន​សូវ​ទារ​កម្រៃ​ច្រើន​។

និយាយ​រួម​ទៅ ​បើ​មិន​ពឹង​លើ​ការ​រាប់​អាន​គ្នា​ ក្រុម​លោក​គ្មាន​លទ្ធភាព​ផលិត​បទ​ចម្រៀង​​ទេ ព្រោះ​ MV មួយ​បទ ​ចង់​ឲ្យ​មាន​គុណភាព​ យ៉ាង​ហោច​ណាស់​ត្រូវ​ចំណាយ​ប្រាក់​ខ្ទង់​ពាន់​ដុល្លារ​​ដែរ។ ម្យ៉ាង​ទៀត Thou RG​ មិន​ទាន់​មាន​កេរ្តិ៍ឈ្មោះ​ល្បី​នៅឡើយ ទើប​កាន់​តែ​ពិបាក​ ដូច​ទៅ​សុំ​ភ្លើង​យក្ស ​ពេល​ចង់រក​ម្ចាស់​ឧបត្ថម្ភ​ម្ដង​ៗ។ រាល់ MV ទាំងអស់ លោក និងសមាជិក​ក្រុម ចំណាយ​ថវិកាផ្ទាល់ខ្លួន​រហូត​ មិន​ទាន់​មាន​ខាង​ក្រុមហ៊ុនណាជួយឧបត្ថម្ភ​ជា​លុយកាក់នៅ​ឡើយទេ។ បើទោះ​ក្នុងវីដេអូ បាន​ដាក់​ថាមាន​ការចូលរួម​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ខ្លះ​ៗ​ក៏ពិត​មែន តែ​ភាគច្រើនជាសម្ភារៈប៉ុណ្ណោះ។

អ្នក​កើត​នៅ​ខេត្ត​កំពត​រូប​នេះ និយាយ​ថា ចំពោះតារា​ចម្រៀង​ល្បី​ស្រាប់ ពេល​ចង់​រក​អ្នក​ឧបត្ថម្ភ​មិន​លំ​បាក​ទេ ហើយ​សម្រាប់​តារា​ចម្រៀង​មាន​ផលិត​កម្ម​ជ្រក​ទៀត​សោត រឹត​តែ​មិន​សូវ​មាន​បញ្ហា​ប្រឈម​ ព្រោះ​ពួក​គេ​មាន​អ្នក​គ្រប់​គ្រង​ផ្គត់​ផ្គង់​​​លើ​ការ​ចំណាយ​សម្រាប់ការ​ថត MV ​ទៅ​ហើយ។​​

ទាក់​ទិន​នឹង​​ការ​លំបាក​នេះ ពេល​ខ្លះ​ Thou RG​ ចង់​បោះ​បង់​ត្រឹម​ពាក់​កណ្ដាល​ទី ប៉ុន្តែ​ដោយ​សារ​តែ​ស្រលាញ់​សិល្បៈ និង​សង្ឃឹម​ថ្ងៃ​ណាមួយ​ អាច​ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​ទស្សនិកជន ទើប​កូន​ប្រុស​ច្បង​ក្នុង​ចំណោម​បង​ប្អូន​ ២នាក់​រូប​នេះ ខិត​ខំ​បន្ត​ក្នុង​វិស័យ​មួយ​នេះ​។

សូមទស្សនាបទ​ចម្រៀង​ "បង​អាច​ជួយ​បាន​" របស់​តារា​ពន្លក​ថ្មី Thou RG ៖

​​

​​​

រូបភាព៖ ផ្តល់​សិទ្ធិ ដោយ Thou RG