បណ្ដាំ​របស់​ Evra៖ បើ​ Ronaldo ហៅ​អ្នក​ទៅ​ផ្ទះ​របស់​គេ​ហូប​បាយ​ថ្ងៃ​ត្រង់ ចូរ​កុំ​ទៅ​ឲ្យ​សោះ!!!

  • 2018-06-19 11:29:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​ស្លាប Patrice Evra ក្នុង​ថ្ងៃ​នេះ បាន​ផ្ដាំ​មនុស្ស​គ្រប់​គ្នា​ថា បើ​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ហៅ​ទៅ​ទទួល​ទាន​បាយ​ថ្ងៃ​ជាមួយ ចូរ​កុំ​ទៅ​ឲ្យ​សោះ។ មូល​ហេតុ​ដែល​កីឡាករ​បារាំង​និយាយ​បែប​នេះ ព្រោះ​ Ronaldo ជា​មនុស្ស​ដែល "ហ្វឹកហាត់​មិន​ឈប់​ឈរ​សោះ"។

Evra បាន​ថ្លែង​ប្រាប់​សារព័ត៌មាន ITV ថា៖ "ខ្ញុំ​ចង់​ផ្ដាំ​ផ្ញើ​ទៅ​អ្នក​ទាំង​អស់​គ្នា​ថា បើ Cristiano Ronaldo បបួល​អ្នក​ទៅ​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​ជាមួយ ចូរ​និយាយ 'ទេ' ទៅ​គេ​ភ្លាម"។

កីឡាករ​បារាំង​បាន​លើក​ឡើង​ថា មាន​ពេល​មួយ ក្រោយ​ហ្វឹកហាត់​បាល់​រួច (កាល​លេង​នៅ Manchester United ជាមួយ​គ្នា) ខ្លួន​ធ្លាប់​ត្រូវ​បាន Ronaldo អញ្ជើញ​ទៅ​ផ្ទះ​របស់​គេ ដើម្បី​ធ្វើ​ការ​ស្រុះ​ស្រូប​អាហារ​ថ្ងៃ​ត្រង់​ជាមួយ​គ្នា។ កាល​នោះ នៅ​លើ​តុ Evra មិន​ឃើញ​អ្វី​ក្រៅ​ពី​សាឡាត់ និង​សាច់​មាន់​សុទ្ធ​ រួម​ជាមួយ​ទឹក​សុទ្ធ​ឡើយ។ សូម្បី​ទឹក​ផ្លែ​ឈើ​ក៏​មិន​មាន​ផង។

នៅ​ពេល​នោះ ខ្សែ​ការពារ​បារាំង រំពឹង​ថា​នឹង​មាន​ម្ហូប​សាច់​ជា​ច្រើន​ទៀត នឹង​ដាក់​ជា​បន្ត​បន្ទាប់​ដើម្បី​ទទួល​ខ្លួន​ក្នុង​ឋានៈ​ជា​ភ្ញៀវ។ ទោះ​ជា​យ៉ាង​ណា ចុង​ក្រោយ​ ទើប​ Evra ដឹង​ខ្លួន​ថា មិន​មាន​ម្ហូប​ផ្សេង​នោះ​ទេ​ក្រៅ​ពី​បណ្ដា​មុខ​ម្ហូប​បែប​សុខភាព​រៀប​រាប់​ខាង​លើ។

ទទួល​ទាន​មិន​ទាន់​រួច​ផង ស្រាប់​តែ​ Ronaldo ងើប​ឈរ​ឡើង រួច​បបួល Evra លេង​ប៉ះ​បាល់​ជាមួយ​គ្នា។ បន្ទាប់​មក​ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់ បាន​បបួល​កីឡាករ​បារាំង​ទៅ ធ្វើ​ការ​ត្រាំ​ក្នុង​ទឹក​ក្ដៅ រួច​ទៅ​ស្ទីម​ខ្លួន​បន្ត។ ដូច្នេះ​ហើយ​ទើប Evra ដឹង​ថា Ronaldo ហៅ​ខ្លួន​មក​ផ្ទះ​របស់​គេ មិន​មែន​គ្រាន់​តែ "ទទួល​បាយ​ថ្ងៃ​ត្រង់" នោះ​ទេ តែ​គឺ "មក​បន្ត​ហ្វឹកហាត់​បន្ថែម" ដើម្បី​ត្រៀម​ក្នុង​ការ​ប្រកួត​ខាង​មុខ។ ប្រការ​នេះ​ហើយ ទើប​ Evra ផ្ដាំ​ក្នុង​ន័យ​កំប្លែង​ទៅ​មនុស្ស​គ្រប់​គ្នា ឲ្យ​បដិសេធ​នឹង​ការ​អញ្ជើញ​បាយ​ថ្ងៃ​ត្រង់​របស់​ Ronaldo ព្រោះ​ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់ "ហ្វឹកហាត់​មិន​ឈប់​ឈរ​សោះ"។

សូម​បញ្ជាក់​ផង​ដែរ​ថា Evra បាន​លេង​ជាមួយ Ronaldo ពី​ឆ្នាំ ២០០៦ ដល់​ឆ្នាំ ២០០៩ នៅ​ក្លឹប​បិសាច​ក្រហម។

ខ្សែ​ប្រយុទ្ធ Ronaldo កន្លង​មក​ត្រូវ​បាន​សារព័ត៌មាន​ជា​ច្រើន​រាយការណ៍​ថា ស្ថិត​ក្នុង​ចំណោម​កីឡាករ​ដែល​មាន​កាយ​សម្បទា​រឹងមាំ​បំផុត ដោយ​សារ​តែ​ការ​ហ្វឹកហាត់​យ៉ាងខ្ជាប់ខ្ជួន និង​ការ​ទទួល​ទាន​អាហារ​សុខភាព​ជា​ប្រចាំ៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម