ពិតទេខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Vinicius សុខ​ចិត្ត​បោះ​ចោល PSG និង Barca ស្រវា​យក Real?

  • 2018-06-19 12:55:56
  • ចំនួនមតិ

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Vinicius Junior ក្នុង​ថ្ងៃ​នេះ បាន​សារភាព​ថា ខ្លួន​បាន​ជ្រើស​រើស Real Madrid ជា​ជាង​ក្លឹប Barcelona និង PSG។

កាល​ពី​ខែ​ឧសភា ឆ្នាំ ២០១៧ Real Madrid បាន​ព្រមព្រៀង​ជាមួយ​ក្លឹប​ Flamengo ក្នុង​ការ​ទិញ​ខ្សែ​ប្រយុទ្ធ ១៧ ឆ្នាំ ក្នុង​តម្លៃ ៤៥ លាន​អឺរ៉ូ (ជាង ៥០ លាន​ដុល្លារ​សហរដ្ឋអាមេរិក)។ ក្នុង​កិច្ច​ព្រមព្រៀង​ បាន​ឲ្យ​ដឹង​ថា កីឡាករ Vinicius នឹង​បន្ត​លេង​នៅ​ក្លឹប​ប្រេស៊ីល​មួយ​រដូវ​កាល​មុន​មក​ចូល​រួម​ក្លឹប​យក្ស​អេស្ប៉ាញ។

ក្នុង​បទ​សម្ភាសន៍​ជាមួយ Marca ក្នុង​ថ្ងៃ​នេះ ពេល​សួរ​ថា​ មាន​ក្លឹប​ណា​ក្រៅ​ពី Real Madrid ដែល​បាន​ទាក់​ទង​ខ្លួន ខ្សែ​ប្រយុទ្ធ Vinicius បាន​ឆ្លើយ​ថា៖ "មាន​ ហើយ​ PSG និង Barcelona ស្ថិត​ក្នុង​ចំណោម​ក្លឹប​ទាំង​នោះ។ ពួក​គេ​បាន​ទាក់ទង​មក​យើង​ជា​ច្រើន។ ទោះ​ជា​យ៉ាង​ណា យើង​បន្ត​រង់​ចាំ​ពេល​វេលា និង​ក្លឹប​ដែល​សម​ស្រប"។

Vinicius បាន​ហៅ​ការ​ផ្ទេរ​ទៅ Real Madrid ដែល​ជា​ក្លឹប​ដែល​ខ្លួន​គាំទ្រ​តាំង​ពី​តូច គឺ​ជា​ "សុបិន​មួយ​ក្លាយ​ជា​ការ​ពិត"។ កីឡាករ​បាន​បន្ត​ថា ខ្លួន​ពិត​ជា​សប្បាយ​ចិត្ត​ពេល​ដែល​លើក​ប៊ិច​ចុះ​ហត្ថលេខា​លើ​កុង​ត្រា​ក្លឹប​យក្ស​អេស្ប៉ាញ​មួយ​នេះ។

យ៉ាង​នេះ​ក្ដី ខ្សែ​ប្រយុទ្ធ Vinicius មិន​ភ្លេច​ក្នុង​ការ​ថ្លែង​អំណរគុណ​ក្លឹប​ចាស់ Flamengo ហើយ​បាន​ហៅ​ក្លឹប​នេះថា "គឺ​ជា​ក្លឹប​ដែល​បាន​បណ្ដុះបណ្ដាល​ខ្លួន​ឲ្យ​ក្លាយ​ជា​កីឡាករ​ដែល​ត្រូវ​បាន​គ្រប់​គ្នា​មើល​ឃើញ​សព្វ​ថ្ងៃ"។

សូម​បញ្ជាក់​ផង​ដែរ​ថា នៅ​ក្លឹប Famengo ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ស៊ុត​ចូល ១១ គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន ៥១ លើក។

Vinicius ត្រូវ​បាន​រំពឹង​ទុក​ថា នឹង​មក​ចូល​រួម​ជាមួយ Real Madrid នា​ពេល​ដ៏​ឆាប់​ខាង​មុខ៕


ប្រភព៖ Four Four Two   ប្រែ​សម្រួល៖ ហ៊ីម រស្មី