តារា​ហូលីវូដ​ណា​ខ្លះ កើត​ក្នុង​ត្រកូល​អ្នក​មាន​ទ្រព្យ​ស្ដុកស្ដម្ភ?

  • 2018-06-21 03:23:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មាន​តារា​ហូលីវូដ​ល្បី​ៗ​មួយ​ចំនួន​ដូច​ជា Oprah Winfrey, Justin Bieber, Selena Gomez និង Leonardo DiCaprio ជា​ដើម​មាន​ជីវិត​លំបាក និង​ត្រូវ​តស៊ូ​ខ្លាំងទម្រាំ​មាន​ថ្ងៃ​នេះ ប៉ុន្តែ​សម្រាប់​តារា​ល្បី​ៗ​មួយ​ចំនួន​ទៀត កើត​មក​លើ​គំនរ​មាស​ប្រាក់​ទៅ​ហើយ ទោះ​បី​ជា​ពួក​គេ​ចង់​ក្លាយ​ខ្លួន​ជា​តារា​ល្បី ក៏​មិន​មាន​អ្វី​ត្រូវ​ខ្វល់​ចំពោះ​ប្រាក់​ចំណូល​របស់​ខ្លួន​នោះ​ដែរ ដោយ​សារ​ក្រុម​គ្រួសារ​របស់​គេ​មាន​ទ្រព្យ​ស្រាប់។

១. បង​ប្អូន​ត្រកូល Hadid

អាចនិយាយបានថាតារា​ម៉ូដែល Gigi, Bella និងប្អូន​ប្រុស​ Anwar Hadid មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​គ្រួសារ​ត្រកូល Kardashain។ បង​ប្អូន​តារា​ម៉ូដែល​ទាំង ៣នេះ មិន​ដែល​ខ្វល់​ខ្វាយ​ពី​រឿង​ដូរ​ម៉ូដ​សម្លៀកបំពាក់​នោះ​ទេ​ ព្រោះ​ថា​ឪពុក​របស់​ពួក​គេ Mahamed Hadid គឺ​ជា​​អ្នក​ជំនួញ​មួយ​រូប​ដែល​វិនិយោគ​លើ​គ្រឿង​អចលនទ្រព្យ​ជាច្រើន។ ទ្រព្យ​សម្បត្តិ​របស់​លោក Mahamed មាន​ប្រហែល ៤០០ លាន​ដុល្លារ។

មួយ​វិញ​ទៀត មិន​មែន​តែ​ឪពុក​របស់​ពួក​គេនោះ​ទេ​ដែល​ជា​អ្នក​មាន​ស្ដុកស្ដម្ភ​នោះ ម្ដាយ​របស់​បង​ប្អូន​តារា​ម៉ូដែល​ទាំង​៣​រូប​នេះ​គឺ​ជា​អតីត​តារា​​ម៉ូដែល​សញ្ជាតិ​ហូឡង់​មួយ​រូប។ លោក​ស្រី Yolanda Foster ទទួល​បាន​ភាព​ល្បីល្បាញ​ក្នុង​សហរដ្ឋ​អាមេរិក ដោយ​សារ​តែ​កម្មវិធី​ទូរទស្សន៍​ដ៏​ល្បី​របស់​នាង​មួយ​ឈ្មោះ​ថា "The Real Housewives of Beverly Hills”។ អតីត​តារា​ម៉ូដែល​រូប​នេះ ត្រូវ​បាន​ឲ្យ​ដឹង​ថា​មាន​ទ្រព្យ​សម្បត្តិ​ប្រហែល ៤៥ លាន​ដុល្លារ។

​២. តារា​សម្ដែង Emma Stone

តារា​សម្ដែង Emma Stone ធំ​ដឹង​ក្ដី​ឡើង​ក្នុង​ទីក្រុង Scottsdale នៃ​រដ្ឋ Arizona។ តាំង​ពី​នៅ​ក្មេង តារា​សម្ដែង​រូប​នេះ មាន​ជីវិត​រីករាយ និង​មិន​ដែល​ខ្វល់ខ្វាយ​ពី​ការ​លំបាក​អ្វី​ទាំង​អស់ ដោយ​សារ​តែ​ឪពុក​របស់​នាង​ជា​មនុស្ស​ជោគជ័យ​ម្នាក់។ លោក Jeff Stone គឺ​ជា​​ម្ចាស់​ក្រុមហ៊ុន​ចុះ​កិច្ច​សន្យា​ធំ​មួយ។ ការងារ​ក្នុង​អាជីព​ជា​តារា​សម្ដែង​សព្វ​ថ្ងៃ​របស់ Emma Stone ទទួល​បាន​ការ​ជ្រោមជ្រែង​ពី​ឪពុក​របស់​នាង។ បើ​តាម​ទស្សនាវដ្ដី Forbes ក្នុង​ឆ្នាំ ២០១៧ Emma Stone គឺ​ជា​តារា​សម្ដែង​មួយ​រូប​ដែល​រក​ប្រាក់​ចំណូល​បាន​ច្រើន​ជាង​គេ​ជាមួយ​នឹង​ចំណូល ២៦ លាន​ដុល្លារ​ក្នុង​១​ឆ្នាំ។

៣. តារា​ចម្រៀង Taylor Swift

តារា​ចម្រៀង Taylor Swift ជា​កូន​ស្រី​ម្នាក់​ដែល​មិន​ខ្វល់​ខ្វាយ​ពី​ការ​លំបាក ព្រោះ​ឪពុក​របស់​នាង​​ Scott Swift មក​ពី​គ្រួសារ​​ធូរធារ​មួយ​ដែល​មាន​មុខ​របរ​លើ​ផ្នែក​ធនាគារ និង​ហិរញ្ញវត្ថុ។ ឪពុក​របស់​តារា​ចម្រៀង​ស្រី​រូប​នេះ គឺ​​ជា​​ទី​ប្រឹក្សា​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​ដ៏​ល្បី​មួយ​ឈ្មោះ Merrill Lynch និង​ទទួល​បាន​ចំណូល ៥០០ លាន​ដុល្លារ។ តាំង​ពី​តូច​មក Taylor Swift រស់​នៅ​ក្នុង​ផ្ទះ​ដ៏​ធំ​ស្កឹមស្កៃ និង​រៀន​តែ​ក្នុង​សាលា​ឯកជន​តែ​ប៉ុណ្ណោះ។

៤. តារា​ចម្រៀង Adam Levine

ឪពុក​របស់​តារា​ចម្រៀង Adam Levine លោក Fred Levine គឺ​ជា​ម្ចាស់​នៃ​ក្រុមហ៊ុន​បណ្ដាញ​ចែកចាយ​​ផលិតផល​លក់​រាយ​មួយ​ឈ្មោះ M.Fredric។ ជាមួយ​នឹង​ទ្រព្យ​សម្បត្តិ​របស់​ឪពុក​លោក តារា​ចម្រៀង​រូប​នេះ អាច​មាន​​លទ្ធភាព​រៀន​សូត្រ​ក្នុង​សាលា​ឯកជន​ដ៏​ល្បី​មួយ​ក្នុង​ទីក្រុង Los Angeles។

៥. តារា​ចម្រៀង Miley Cyrus

ឪពុក​របស់​តារា​ចម្រៀង Miley Cyrus លោក Billy Ray Cyrus គឺ​ជា​តារា​ចម្រៀង​ស្រុកស្រែ​ដ៏​ល្បី​មួយ​រូប។ ប៉ុន្មាន​ខែ​មុន Miley កើត លោក​បាន​ចេញ​បទ​ចម្រៀង​របស់​លោក​មួយ​បទ​មាន​ចំណង​ជើង​ថា "Achy Breaky Heart” ដែល​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ស្ទើរ​ពាសពេញ​ពិភពលោក។ ភាព​ជោគជ័យ​នេះ​បាន​ធ្វើ​ឲ្យ​លោក​ក្លាយ​ខ្លួន​ជា​តារា​ចម្រៀង​ល្បី​មួយ​រូប​ប្រចាំ​ប្រទេស ជាមួយ​នឹង​ទ្រព្យ​សម្បត្តិ​ចំនួន ២០ លាន​ដុល្លារ។

៦. តារា​ចម្រៀង Ariana Grande

ភាគ​ច្រើន​មិន​សូវ​មាន​នរណា​ដឹង​ថា តារា​ចម្រៀង​ស្រី​រូប​នេះ​មក​ពី​គ្រួសារ​ត្រកូល​អ្នក​មាន​ស្ដុកស្ដម្ភ។ ឪពុក​របស់​នាង លោក Edward Butera គឺ​ជា​អ្នករចនាក្រាហ្វិច សិល្បករ និង​ជា​ជាង​ថត​រូប​ដ៏​ល្បីល្បាញ​ ថែម​ទាំង​ជា​ម្ចាស់​ក្រុមហ៊ុន​ដ៏​ល្បី​ IBI Designs ​​ទៀត​ផង។ ក្រុមហ៊ុន​របស់​លោក ស្ថិត​ក្នុង​តំបន់ Boca Raton ដែល​​មាន​ឯកទេស​ផ្នែក​ថត​រូប ផ្សព្វផ្សាយ​ពាណិជ្ជកម្ម និង​ផ្ដល់​សេវាកម្ម​ផ្នែក​ស្ថាបត្យកម្ម​សម្រាប់​អតិថិជន​​ល្បី​ៗ​មួយ​ចំនួន​ ដូច​ជា Eddie Murphy ជា​ដើម៕ ​

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ អន សុភក្ត្រា