ទម្លាយមូលហេតុចម្បង២ បណ្ដាលឲ្យតៃកុងឡានតាក់ស៊ី បើកទៅបុករថយន្តសម្ដេច ក្រុមព្រះ

  • 2018-06-21 03:30:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​វេលា​ព្រឹក​ថ្ងៃ​ទី២១ ខែ​មិថុនា ឆ្នាំ​២០១៨​នេះ​ អគ្គស្នងការ​នគរបាល​ជាតិ បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​អំពី​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​របស់​សម្ដេច​ក្រុម​ព្រះ នរោត្ដម រណឬទ្ធិ។

នាយ​ឧត្ដម​សេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការ​រង​នគរបាល​ជាតិ បាន​រៀបរាប់​មូលហេតុ​បណ្ដាល​ឲ្យ​កើត​មាន​ឧបទ្ទវហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​ថា រថយន្ត​​​បង្ក​ម៉ាក​ហាយ​ឡេន​ឌ័រ ពណ៌​ស ពាក់​ស្លាក​លេខ 2-9667 ជា​រថយន្ត​ឈ្នួល​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ពី​ខេត្ត​ព្រះ​សីហនុ មក​ភ្នំពេញ បើកបរ​ដោយ​ឈ្មោះ ម៉ិល សារ៉េត អាយុ​៣៤​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ខេត្ត​ព្រះ​សីហនុ ហើយ​បាន​ដឹក​អ្នក​ដំណើរ​ចំនួន​៦​នាក់។

នាយឧត្ដមសេនីយ៍ ហ៊ឹម យ៉ាន (រូបភាព៖ អគ្គស្នងការនគរបាលជាតិ)

លោក​ឧត្ដមសេនីយ៍​រៀបរាប់​បន្ត​ថា ការ​ផ្ទុក​អ្នក​ដំណើរ​ចំនួន​៦​នាក់​នេះ គឺ​ជា​ការ​ផ្ទុក​លើស​ចំនួន​កំណត់ ហើយ​ការ​ផ្ទុក​ចំនួន​លើស​កំណត់​នេះ ក៏​ជា​មូល​ហេតុ​ចម្បង​មួយ​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​ផង​ដែរ។ ក្នុង​ការ​ធ្វើ​ដំណើរ​នោះ អ្នក​បើកបរ​ឈ្មោះ ម៉ិល សារ៉េត បាន​បើក​បរ​ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​មក​ដល់​កន្លែង​កើត​ហេតុ​អ្នក​រត់​តាក់ស៊ី​នោះ បាន​ជែង​ជាមួយ​រថយន្ត​ Lexus RX 300 មួយ​គ្រឿង ដែល​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា ក្នុង​ឱកាស​វ៉ា​ជែង​នោះ​ ក្បួន​ព្រះ​ទីនាំង របស់​សម្ដេច​ក្រុម​ព្រះ​បាន​ក៏​​មក​ដល់​ទីនោះ​ដែរ ធ្វើ​ឲ្យ​​ឈ្មោះ ម៉ិល សារ៉េត កាន់​តែ​បន្ថែម​ល្បឿន​លឿន ហើយ​គេច​ចូល​ទៅ​ខាង​ស្ដាំ​ដៃ ហើយ​ក៏​គេច​មក​ឆ្វេង​ដៃ​វិញ ហើយទៅ​​បុក​ជាមួយ​រថយន្ត​សម្ដេច​ក្រុម​ព្រះ ដែល​កំពុង​តែ​ធ្វើ​ដំណើរ​ទល់​មុខ​គ្នា​យ៉ាង​ពេញ​ទំហឹង។

ឧត្ដម​សេនីយ៍​ ហ៊ឹម យ៉ាន បន្ថែម​ទៀត​ថា ចំណុច​នេះ ស្ដែង​ឲ្យ​ឃើញ​ថា មាន​បញ្ហា​២ ដែល​បង្ក​ឲ្យ​មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍ ទី​១ ការ​បើកបរ​លើស​ល្បឿន​កំណត់ និង​ទី​២ គឺ​ការ​ដឹក​អ្នក​ដំណើរ​លើស​ចំនួន​កំណត់ ដែល​ធ្វើ​ឲ្យ​ការ​បញ្ជា​លើ​ការ​បើកបរ​មាន​ការ​លំបាក។ ក្នុង​នោះ គឺ​លំបាក​ក្នុង​ការ​កាច់​ចង្កូត និង​លំបាក​ក្នុង​ការ​ជាន់​ហ្វ្រាំង ហើយ​ក៏​បាន​បុក​យ៉ាង​ពេញ​ទំហឹង​បែប​នេះ​តែ​ម្ដង។

រូបភាព៖ Kley Kley

តាម​ការណ៍​ស៊ើប​អង្កេត អគ្គស្នងការ​រង​នគរបាល​ជាតិ សន្មត​ថា ករណី​នេះ គឺ​ជា​ឧបទ្ទវហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍ ដែល​បង្ក​ឡើង ដោយ​ឈ្មោះ ម៉ិល ​សារ៉េត ​ហើយ​ត្រូវ​បាន​ស្នងការ​នគរបាល​ឃាត់​ខ្លួន និង​សាកសួរ​ចម្លើយ ហើយ​ជន​បង្ក​​ក៏​បាន​ឆ្លើយ​សារភាព​ដូច​អ្វី​ដែល​សមត្ថកិច្ច​បាន​ស៊ើប​អង្កេត។ លោក​ថា ផ្អែក​តាម​ការ​ស៊ើប​អង្កេត សមត្ថកិច្ច​បាន​វាយ​តម្លៃ​ថា ករណី​នេះ គឺ​ជា​ឧបទ្ទវហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍ ដែល​បង្ក​ឡើង​ដោយ​ឈ្មោះ ម៉ិល សារ៉េត បើក​បរ​ធ្វេស​ប្រហែស មិន​ប្រុង​ប្រយ័ត្ន បណ្ដាល​ឲ្យ​មាន​អ្នក​ស្លាប់ និង​របួស។ បច្ចុប្បន្ន​ជន​បង្ក​ត្រូវ​បាន​ចៅ​ក្រម សាលា​ដំបូង​ ខេត្ត​ព្រះសីហនុ ចេញ​ដីកា​ឃុំ​ខ្លួន​ជា​បណ្ដោះ​អាសន្ន ហើយ​ត្រូវ​រង់ចាំ​ការ​ស៊ើប​អង្កេត​ជា​បន្ត​ទៀត ដើម្បី​ផ្ដន្ទាទោស​តាម​ច្បាប់។

ឆ្លើយ​តប​នឹង​សំណួរ​របស់​អ្នក​សារព័ត៌មាន​ថា តើ​ការ​បុក​នោះ ជា​ចេតនា​របស់​តៃ​កុង​រថយន្ត​នោះ ឬ​យ៉ាង​ណា? លោក​នាយ​ឧត្ដមសេនីយ៍ ​ហ៊ឹម យ៉ាន អគ្គស្នងការ​រង​នគរបាល​ជាតិ បាន​បំភ្លឺ​ថា តាម​ការ​ស៊ើប​អង្កេត​គឺ​ពិត​ជា​ឧបទ្ទវហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍​ពិត​មែន ដោយ​សារ​ម្ចាស់​រថយន្ត​​បង្ក​គ្រោះ​ថ្នាក់​នោះ ជា​រត់​តាក់ស៊ី​ហើយ​បើកបរ​ក្នុង​ល្បឿន​លឿន ព្រោះ​ចង់​ចំណេញ ចង់​បាន​ម៉ូយ​ច្រើន​ ទើប​បណ្ដាល​ឲ្យ​ជ្រុល​ទៅ​បុក​រថយន្ត​របស់​សម្ដេច​ក្រុម​ព្រះ​តែ​ម្ដង។

គួរ​ឲ្យ​ដឹង​ដែរ​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បាន​កើត​ឡើង លើ​ផ្លូវ​ជាតិ​លេខ៤ ចន្លោះ​គីឡូម៉ែត្រ​ ២០០-២០១ នៅ​ចំណុច​ភូមិ​អូរ​តាសេក ឃុំ​អូរឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ នា​វេលា​ម៉ោងជាង ៩ព្រឹក ថ្ងៃទី​១៧ ខែ​មិថុនា ឆ្នាំ​២០១៨​ ក្នុង​ពេល​ដែល​សម្ដេច​ក្រុម​ព្រះ យាង​ចុះ​សួរ​សុខទុក្ខ​ប្រជាជន​ដែល​ជា​សមាជិក ​សមាជិកា​ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច។ ក្នុង​ហេតុ​ការណ៍​នោះ​បណ្ដាល​ឲ្យ អ្នក​ម្នាង អ៊ុក ផល្លា បាត់បង់​ជីវិត ហើយ​ទើប​តែ​បូជា​កាល​ពី​ថ្ងៃ​ទី២០ ខែ​មិថុនា ឆ្នាំ​២០១៨​នេះ។ ចំណែក​ឯ​សម្ដេច​ក្រុម​ព្រះ កំពុង​ព្យាបាល​ព្រះកាយ​នៅ​ឯមន្ទីរ​ពេទ្យ៕

អត្ថបទ៖ វឌ្ឍនៈ