ក្រ​សួង​ការងារគ្រោង​សហការជាមួយ​ចិនបណ្តុះបណ្តាលជំនាញផ្កាយ​រណបនៅវិទ្យាស្ថានមួយ​ក្នុង​ក្រុង​ភ្នំពេញ​

  • 2018-06-21 08:59:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រ​សួង​ការ​ងារ​មាន​គម្រោង​បណ្តុះ​បណ្តាល​ជំនាញ​ផ្កាយ​រណប​នៅ​វិទ្យាស្ថាន​របស់​ខ្លួន​មួយ​នៅ​ទីក្រុង​ភ្នំពេញ​ដោយ​ត្រៀម​សហការ​ជាមួយ​សាកល​វិទ្យាល័យ​វ័យ​ចំណាស់​ជាង​១០០​ឆ្នាំ​មួយ​របស់​ចិន និង​ថា​មុខជំនាញនេះ​នឹង​មាន​តម្រូវការ​ខ្ពស់​នៅពេល​ខាង​មុខ។

(ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រ​សួង​ការងារកំពុងពិភាក្សាការងារជាមួយលោកជំទាវ Chen Xu ប្រធានក្រុមប្រឹក្សាភិបាល នៃសកលវិទ្យាល័យ Tsinghua/រូបភាព៖ ហ្វេសប៊ុកក្រសួងការងារ)

នៅ​លើ​ទំព័ត​ហ្វេ​សប៊ុក​របស់​ក្រ​សួង​ការងារ​នារសៀលនេះ បាន​សរសេរ​ថា​ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រ​សួង​ការងារ បានអនុញ្ញាតឲ្យលោកជំទាវ Chen Xu ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ Tsinghua ចូលជួបសម្តែងការគួរសម។ ក្នុង​ជំនួបនោះ​ភាគីទាំងពីរ​បាន​​ពិភាក្សាការ​ងារ​ ស្តីពី កិច្ចសហប្រតិ​បត្តិការ លើវិស័យអប់រំ បណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ។

បន្ទាប់​ពីជំនួប​នេះ ឯកឧត្តម ឡៅ ហ៊ីម ប្រតិភូរាជរដ្ឋាភិបាល ទទួល​បន្ទុក​ជា អគ្គនាយក​អប់រំ បណ្តុះ​បណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ បានឲ្យដឹងថាក្រ​សួងបាន​ស្នើ​ដល់ភាគីសាកល​វិទ្យាល័យ​ជួយ​ផ្តល់​បន្ថែមទៀតនូវ​អាហារូបករណ៍​លើការ​បណ្តុះ​បណ្តាលធនធានមនុស្ស ដោយ​ថា​សាកលវិទ្យាល័យនេះ​មានជំនាញ​​វិស័យកសិកម្ម សុខាភិបាល បច្ចេកវិទ្យាទំនើបៗ ជាពិសេសខាងផ្នែកផ្កាយរណប។ នេះបើ​តាម​ប្រ​ភពដដែល។​

ត្រង់​ជំនាញ​ផ្កាយ​រណបនេះ ឯកឧត្តម បន្តថា​បច្ចុប្បន្ន​និស្សិត​កម្ពុជា​ពុំទាន់មានជំនាញនេះនៅឡើយ ហើយ​ថា​កម្ពុជា​នឹង​ត្រូវការជំនាញនេះច្រើន​នៅ​ថ្ងៃអនាគត។ ឯកឧត្តមបន្តថា៖ «យើង​នឹង​ត្រៀម​បណ្តុះ​បណ្តាល​លើ​ជំនាញ​នេះ ​នៅវិទ្យាស្ថាន​ពហុបច្ចេកវិទ្យាកម្ពុជា​(NPIC)​ ។ នៅពេល​យើង​មាន​កិច្ចសហប្រតិបត្តិការ​ជាមួយភាគីចិន​ហើយ ​យើង​នឹងរៀបចំ​កិច្ចការនេះ ​ឥឡូវ​នេះយើង​នៅខ្វះទាំង​ធនធានមនុស្ស និង​ទាំងសំភារៈ។ ជាផែន​ការ​ក្រសួង​នឹង​រៀបចំ​ នាពេលឆាប់ៗនេះ យើង​ត្រូវ​ត្រៀម​ជាមុន​ជាមួយ​ដៃគូសហប្រតិបត្តិការ​ ហើយ​ផ្នែក​នេះវាជា​តម្រូវការរបស់ប្រទេសកម្ពុជា​យើង​នាពេល​អនាគត»។ នេះបើ​តាម​ព័ត៌មា​ន​ពី​ហ្វេស​ប៊ុក​ក្រ​សួង​ដដែល។​

ឯកឧត្តម​ឲ្យ​ដឹង​ថាបច្ចុប្បន្ន​កម្ពុជា​ប្រើ​ប្រាស់​ទូស័ព្ទ​ដៃ​តាម​ប្រ​ព័ន្ធខ្សែកាបអុបទិច ខណៈប្រទេសជឿនលឿន​ប្រើ​ប្រាស់​តា​ម​ប្រព័ន្ធ​ផ្កាយ​រណប។ ឯកឧត្តម​បន្តថា៖ «យើង​នឹង​ជជែកគ្នាជាមួយខាងភាគីចិនសិន ថាតើយើងត្រូវរៀបចំធ្វើអីខ្លះ ដែល​ជាតម្រូវ​ការធនធាន​មនុស្ស​របស់​កម្ពុជានា​ពេលអនាគត ​និង​យើងត្រូវ ​ផ្សព្វផ្សាយ ​ថាផ្នែកនេះ​ជាត​ម្រូវការ​ខ្ពស់​របស់​កម្ពុជា​យ៉ាងម៉េច»៕​

ចុចអាន៖

អត្ថបទ៖ ទូច សុខា