៤​ចំណុច​ពី​បរាជ័យ​ដ៏​អាក្រក់​របស់​អាហ្សង់ទីន​ក្រោម​ថ្វី​ជើង​ក្រូអាត

  • 2018-06-22 02:37:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អាហ្សង់ទីន​បាន​បរាជ័យ​យ៉ាង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ក្រោម​ថ្វី​ជើង​របស់​ក្រូអាត​ក្នុង​ការ​ប្រកួត​ World Cup វគ្គ​សន្សំ​ពិន្ទុ​ពូល​D។

ជ័យ​ជម្នះ​​ខាង​លើ​ធ្វើ​ឲ្យ​ក្រូអាត​​ក្លាយ​ជា​ក្រុម​ទី​៤​ដែល​កក់​កៅអី​វគ្គ​១៦​ក្រុម​ទាំង​សល់​១​ប្រកួត​នៅ​ក្នុង​ដៃ​ក្រោម​ការ​ស៊ុត​បញ្ចូល​ទី​៣​គ្រាប់​​របស់​កីឡាករ Ante Rebic, Luka Modric និង​ Rakitic។​ ខាង​ក្រោម​គឺ​ជា​ចំណុច​សំខាន់​៤​ក្នុង​ការ​ប្រកួត​យប់​មិញ​ដែល​ប្រិយ​មិត្ត​គួរ​ដឹង។

#១ ក្រូអាត​គ្មាន​បញ្ហា​ជាមួយ​ខ្សែ​ការពារ​៣​របស់​អាហ្សង់ទីន ការ​ផ្លាស់ប្ដូរ​ដ៏​សំខាន់​បំផុត​​របស់​គ្រូ​អាហ្សង់ទីន​គឺ​ការ​ប្រើ​ទម្រង់​លេង​ ៣-៤-២-១ ដាក់​ខ្សែ​ការពារ​៣​រូប​ប៉ុណ្ណោះ​មាន​ Nicolas Otamendi នៅ​កណ្ដាល Gabriel Mercado និង​ Nicolas Tagliafico នៅ​សងខាង។​ ប្រព័ន្ធ​លេង​នេះ​គឺ​បើក​ឲ្យ​ Messi ងាយ​ស្រួល​នៅ​តំបន់​ប្រយុទ្ធ​ដោយ​សារ​មាន​ការ​គាំទ្រ​ច្រើន​ពី​មិត្ត​រួម​ក្រុម​ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​អាហ្សង់ទីន​បែរ​ជា​រងគ្រោះ​ដោយសារ​ខ្សែ​ការពារ​តិច​ពេក​របស់​ខ្លួន​ ពិបាក​នឹង​រារាំង​ពេល​ក្រូអាត​វាយ​សម្រុក​មក​ម្ដងៗ។ ​

#២ ​អាហ្សង់ទីន​ពិបាក​សម្រប​ខ្លួន​ជាមួយ​ស្ទីល​លេង​របស់​ Sampaoli Sampaoli បាន​ប្ដូរ​ទម្រង់​លេង​រហូត​២​លើក​ត្រឹម​២​ប្រកួត​នៅ​ World Cup រួម​ទាំង​សមាសភាព​កីឡាករ​មួយ​ចំនួន​ផង​ធ្វើ​ឲ្យ​ក្រុម​ហាក់​មិន​ស៊ី​សង្វាក់​គ្នា។​ ទម្រង់​ ៣-៤-២-១ គឺ​ប្រើ​ក្នុង​គោល​បំណង​ជួយ​អាហ្សង់ទីន​មាន​ប្រសិទ្ធិភាព​ក្នុង​ការ​ប្រយុទ្ធ​តែ​​វា​បែរ​ជា​ទូលាយ​ពេក​នៅ​ខាង​ក្រោម។​ ​វគ្គ​ទី​មួយ​ អាហ្សង់ទីន​មាន​ ឱកាស​ស៊ុត​២​ជើង​ ប៉ុន្តែ​គ្មាន​បាល់​ណា​មួយ​ចំ​ទី​ឡើយ។

#៣​ ការ​បង្ក​កំហុស​របស់​អ្នក​ចាំ​ទី​​ ទោះ​ជា​មិន​អាច​ស៊ុត​បញ្ចូល​ទី​គូ​ប្រកួត​តែ​អាហ្សង់ទីន​នៅ​មិន​ទាន់​មាន​បញ្ហា​ទេ​ដោយ​បញ្ចប់​លទ្ធផល​ ស្មើគ្នា​នៅ​វគ្គ​ទី​មួយ។​ យ៉ាង​ណា​គ្រប់​យ៉ាង​បាន​ប្រែប្រួល​នៅ​ពេល​អ្នក​ចាំ​ទី​ Willy Caballero បាន​ទាត់​បាល់​មិន​ផុត ​Ante Rebic ធ្វើ​ឲ្យ​ខ្សែ​បម្រើ​រូប​នេះ​ទាត់​មួយ​ជើង​បំប៉ោង​សំណាញ់​ទី​បាន​សម្រេច។ ក្រោយ​ត្រូវ​គេ​នាំ​មុខ​អាហ្សង់ទីន​កាន់​តែ​បែក​ទម្រង់​លេង​រហូត​របូត​គ្រាប់​ ទី​២ និង​ទី​៣​នៅ​ចុង​ម៉ោង។

#៤ ​អាហ្សង់ទីន​ប្រឈម​មុខ​នឹង​ការ​ធ្លាក់​ត្រឹម​វគ្គ​ចែក​ពូល​ បរាជ័យ​យប់​មិញ​ធ្វើ​ឲ្យ​អាហ្សង់ទីន​ស្ថិត​ក្នុង​ភាព​ស្រពិចស្រពិល​ក្នុង​ការ​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ដោយ​សារ​ពួកគេ​មាន​ត្រឹម​១​ពិន្ទុ​ប៉ុណ្ណោះ។​ បើ​នីហ្សេរីយ៉ា​ ស្មើ​ឬ​ក៏​ឈ្នះ​អ៊ីស្លង់​នៅ​យប់​នេះ​គឺ​ល្អ​សម្រាប់​អាហ្សង់ទីន​ តែ​បើ​អ៊ីស្លង់​ឈ្នះ​វិញ​ អាហ្សង់ទីន​​​អាច​មាន​បញ្ហា ដោយ​សារ​អ៊ីស្លង់​​បាន​៤​ពិន្ទុ។​ នៅ​ប្រកួត​ចុងក្រោយ​បើ​អ៊ីស្លង់​​យក​ត្រឹម​ស្មើ​ក្រូអាត​ពួកគេ​ទាំង​ពីរ​នឹង​ដឹកដៃ​គ្នា​ទៅ​វគ្គ​១៦​ក្រោយ​ដោយ​សារ​អ៊ីស្លង់​នឹង​បាន​៥​ពិន្ទុ​ ធ្វើ​ឲ្យ​អាហ្សង់ទីន​ទោះ​ឈ្នះ​នីហ្សេរីយ៉ា​ក៏​គ្មាន​ន័យ​អ្វី​ដែរ៕

ប្រភព៖ FIFA   អត្ថបទ៖ វិរ័ត្ន

អត្ថបទពេញនិយម